ជាតិ
ព្រំដែន
ផែនទី​ថ្មី​ជាមួយ​វៀតណាម​៖ អតីត​បក្សប្រឆាំង​នៅតែ​ចោទ​, រដ្ឋាភិបាល​ការពារ​
05, Aug 2020 , 4:25 pm        
រូបភាព
អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា និង លោក អ៊ុំ សំអាន ប្រធានគណៈកម្មការកិច្ចការព្រំដែននៃអតីតគណបក្សប្រឆាំង
អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា និង លោក អ៊ុំ សំអាន ប្រធានគណៈកម្មការកិច្ចការព្រំដែននៃអតីតគណបក្សប្រឆាំង
​ការបង្កើត និង​ការប្រើប្រាស់​ផែនទី​ថ្មី ដែលមាន​ឈ្មោះ​ផ្លូវការ​ថា ផែនទី​ឋានលេខា​ព្រំដែន​ខ្នាត ១/២៥ ០០០ រវាង​កម្ពុជា​-​វៀតណាម បានធ្វើ​ឲ្យ​ផ្ទៃក្នុង​កម្ពុជា កំពុងមាន​ភាពចម្រូងចម្រាស់ ខណៈ​ផ្ទៃក្នុង​វៀតណាម​ឯណោះ​វិញ ដូចជាមិនមាន​បញ្ហា​។ អ្វីដែល​ធ្វើ​ឲ្យ​មាន​ភាពមិន​ស្របគ្នា​នៅ​កម្ពុជា គឺ​ក្រុម​អ្នកប្រឆាំង​ចោទថា ផែនទី​ថ្មី​នេះ ធ្វើ​ឲ្យ​កម្ពុជា​បាត់​ដី ផ្ទុយ​រដ្ឋធម្មនុញ្ញ ហើយ​វៀតណាម ជា​អ្នក​គូរ​ឲ្យ​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ផ្នែក​កិច្ចការ​ព្រំដែន បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងបី​ចំណុច​នេះ និង​បានផ្តល់​សេចក្តីពន្យល់​ពិស្តារ អំពី​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម និង​រហូត​ឈានដល់​ការបោះពុម្ព​ផែនទី​ថ្មី សម្រាប់ប្រើ​រួមគ្នា​។

 
​សារព័ត៌មាន​ថ្មីៗ បាន​ស្រង់​សម្តី​របស់​អ្នកស្រី កុយ ពិសី អ្នកជំនាញ​ផ្នែក​ព្រំដែន​របស់​រដ្ឋាភិបាល និង​លោក អ៊ុំ សំអាន អ្នកជំនាញ​ផ្នែក​ព្រំដែន​របស់​អតីត​គណបក្សប្រឆាំង ដែល​បានធ្វើ​សេចក្តី​អត្ថាធិប្បាយ​លម្អិត​រៀងៗ​ខ្លួន អំពី​រឿង​ព្រំដែន និង​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ (១​លើ​២៥​ពាន់​)​។ អ្នកស្រី កុយ ពិសី បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ ហើយ លោក អ៊ុំ សំអាន ដែល​កំពុង​រស់​នៅឯ​ក្រៅប្រទេស បានផ្តល់​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី នៅ​យប់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​។ 
 
​កម្ពុជា បាត់​ដី​?

​គ្មាន​សោះឡើយ ដែល​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ធ្វើ​ឲ្យ​កម្ពុជា បាត់​ដី​។ នេះ​ជា​ចម្លើយ​ដ៏​ច្បាស់លាស់​របស់​អ្នកស្រី កុយ ពិសី​។ ឆ្លើយ​រួចហើយ អ្នកស្រី ក៏​ព្យាយាម​បង្ហាញ​ពី​មនសិការ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​ទាំងមូល រួមទាំង​ថ្នាក់ដឹកនាំ​ផ្នែក​កិច្ច​ការព្រំដែន ចំពោះ​ការការពារ​ទឹកដី​មិន​ឲ្យ​បាត់បង់ ក្នុង​ការធ្វើ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។ អ្នកស្រី លើកឡើងថា រដ្ឋាភិបាល​កម្ពុជា ធ្វើ​កិច្ចការ​ច្បាស់លាស់​និង​ប្រាកដប្រជា​ណាស់ ក្នុង​រឿង​ព្រំដែន​។ 
 
​អ្នកស្រី ថ្លែងថា​៖«​វៀតណាម មក​យក​ដី​យើង​យ៉ាងម៉េច​? យើង​ជា​ប្រទេសមួយ​ដែរ ជា​ប្រទេស​ឯករាជ្យ​ដែរ យើង​មិន​នៅក្រោម ឬ​រណប​អ្នកណា ហើយ​ឲ្យ​គេ​មក​យក​ដី​យើង​ទទេៗ​នុ៎ះ​...»​។ អ្នកស្រី បន្តថា​៖«​យើង​អ្នកធ្វើ​ព្រំដែន រដ្ឋាភិបាល​មាន​សុ​ឆន្ទៈ ហើយ​ជំហរ​ដាច់​ណាត់ អត់​មាន​បាត់​ដី ហើយក៏​មិន​ចង់បាន​ដី​គេ​ដែរ​»​។ 
 
​លោក អ៊ុំ សំអាន ប្រធាន​គណៈកម្មការកិច្ចការ​ព្រំដែន​នៃ​អតីត​គណបក្សប្រឆាំង និយាយ​ផ្ទុយ​ពី​អ្នកស្រី កុយ ពិសី ថា ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​ធ្វើ​ឲ្យ​កម្ពុជា​ខាត ហើយ​វៀតណាម ចំណេញ​។ លោក ចោទថា វៀតណាម រំលោភ​យក​ដី​កម្ពុជា​នៅ​កន្លែង​ណា វៀតណាម​ក៏​គូរផែនទី​នៅ​កន្លែង​នោះ​។ លោក​ហៅ​ការ​គូរ​ផែន​ថ្មី​ទីនេះ ថា​ជាការ​កាត់​មួក​តម្រូវ​ក្បាល​។ លោក បញ្ជាក់ថា​៖«[​វៀតណាម​] ចង់បាន​កន្លែង​ណា គឺ​គូរ​កន្លែង​ហ្នឹង​»​។ 
 
​ការឆ្លើយតប​របស់​អ្នកស្រី កុយ ពិសី ត្រឡប់​ទៅវិញ​គឺ ការ​និយាយថា កម្ពុជា បាត់​ដី​ឬ​កាត់​ដី​ទៅ​ឲ្យ​វៀតណាម គឺ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​អ្នកស្រី ចាត់ទុកថា ជា​ពាក្យសម្តី​ផ្តេសផ្តាស​។ អ្នកស្រី បន្ថែមថា គោលការណ៍​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​បោះបង្គោល​ព្រំដែន គឺ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជួប​ការលំបាក​នោះទេ​។ 
 
​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​?
 
​អ្នកស្រី កុយ ពិសី អធិប្បាយ​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ (១​លើ​១០០​ពាន់​) របស់​បារាំង ធ្វើជា​មូលដ្ឋាន ហើយ​យក​ផែនទី UTM ខ្នាត ១/៥០ ០០០ (១​លើ​៥០​ពាន់​) របស់​អាមេរិក ធ្វើជា​ជំនួយ ក្នុង​ការធ្វើ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន ឯ​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺជា​ផែនទី​សមិទ្ធផល​។ 
 
​អ្នកស្រី​ពន្យល់ថា ដំបូង រដ្ឋាភិបាល​កម្ពុជា ចង់​ប្រើប្រាស់​ផែនទី​បោ​ន ក្នុង​ការធ្វើ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន តែដោយសារ​តែ ផែនទី​បោ​ន មិនសូវ​ជាក់លាក់ រដ្ឋាភិបាល ក៏​សម្រេចយក​ផែនទី UTM មក​ធ្វើជា​ជំនួយ ព្រោះ​ផែនទី UTM ជាក់លាក់​ជាង​។ អ្នកស្រី បន្ថែមថា ក្រុមការងារ បានយក​ផែន​បោ​ន​និង​ផែនទី UTM ចុះទៅ​អនុវត្ត​លើដី​ជាក់ស្តែង ក្នុង​ការធ្វើ​ខណ្ឌសីមា​និង​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។ 
 
​អ្នកស្រី បំភ្លឺថា ក្រោយ​បោះបង្គោល​រួចហើយ រហូតដល់​សម្រេចបាន​៨៤​ភាគរយ កម្ពុជា​-​វៀតណាម ក៏​សម្រេច​រួមគ្នា​ផលិត​ផែនទី​ថ្មី​មួយទៀត គឺ​ផែនទី​ខ្នាត ១/២៥ ០០០​។ អ្នកស្រី អះអាងថា ខ្សែ​ព្រំដែន ទីតាំង​បង្គោល​ព្រំដែន និយាម​ការ និង ភូមិសាស្ត្រ ជាដើម សុទ្ធតែ​ស្ថិត​លើ​ផែនទី​ថ្មីខ្នាត ១/២៥ ០០០​។ 
 
​អ្នកស្រី បាន​ឲ្យ​ដឹងថា នៅពេលណាខ្សែរ​ព្រំដែន ដែល​នៅសល់​១៦​ភាគរយ​ទៀត ត្រូវបានធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ចប់ កម្ពុជា​-​វៀតណាម នឹង​គូរ​ផែន​ថ្មី​ទី​ខ្នាត ១/២៥ ០០០ ដដែល ដើម្បី​យកទៅ​បំពេញបន្ថែម​ជាមួយនឹង​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ អំពី​ខណ្ឌសីមា​និង​បង្គោល​ព្រំដែន​៨៤​ភាគរយ ដែល​ទើបនឹង​គូរ​និង​បោះពុម្ព​រួច​។  
 
​បើ​ស្តាប់​ការពន្យល់​របស់​អ្នកស្រី អ្នកស្រី ចង់​មានន័យ​យ៉ាងខ្លី​ថា ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​ប្រសូត​ចេញពី​ផែន​បោ​ន​នេះឯង​។ អ្នកស្រី មានប្រសាសន៍ថា​៖«​បែង​ចែង​ឲ្យ​ដាច់​។ ទីមួយ [​ផែនទី​បោ​ន​] ជា​ផែនទី​មូលដ្ឋាន​នៃ​ការធ្វើ​ព្រំដែន​។ មួយទៀត [​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០] ជា​ផែនទី​សមិទ្ធផល​។ អ៊ីចឹង វា អត់​មានអី​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ទេ ព្រោះ​យើង​ធ្វើតាម​រដ្ឋធម្មនុញ្ញ​ហ្នឹងហើយ គឺ [​តាម​ផែន​ទីបោ​ន​ខ្នាត​] ១/១០០ ០០០»​។​
 
​លោក អ៊ុំ សំអាន ដែលជា​អតីត​អ្នកតំណាងរាស្ត្រ​នៃ​ក្រុមប្រឆាំង និង​ធ្លាប់​ជាប់ពន្ធនាគារ​ប្រមាណ​២​ឆ្នាំកន្លះ ដោយសារតែ​ការនិយាយ​រឿង​ព្រំដែន បកស្រាយ​បញ្ច្រាស​ពី​អ្នកស្រី កុយ ពិសី ថា ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ មិនត្រូវ​បាន​គូរ​តាម​ផែន​ទីបោ​ន​ទាំងស្រុង​ទេ ហើយក៏​មិនត្រូវ​បាន​គូរតាម​ផែនទី UTM ទាំងស្រុង​ដែរ គឺ​គូរ​ទៅតាម​ការកាន់កាប់​ដី​ជាក់ស្តែង​របស់​វៀតណាម​។  
 
​លោក​បង្ហាញ​ការយល់ដឹង​របស់លោក ពាក់ព័ន្ធ​នឹង​ការគូរផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ថា​៖«​ផែន​ថ្មី​ទីនេះ មិនមែន​គូរ​តាម​ផែន​ទីបោ​ន ឬ​ផែនទី UTM ទេ។ [​ផែនទី​បោ​ន​និង​ផែនទី UTM] គ្រាន់តែ​យក​ជា​គោល​ទេ​។ តែ​ជាក់ស្តែង គេ គូរ​ទៅតាម​វៀតណាម ដែល​រំលោភ​យក ដូច្នេះ វា​បាត់​ដី​ខ្មែរ​។ យើង ដឹង​ហើយ ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​តែ​បោះបង្គោល​ព្រំដែន​ម្តងៗ ស្រែកយំ ព្រោះ​បាត់​ដីស្រែ​ចម្ការ​របស់​ពួកគាត់​»​។​
 
​ម្យ៉ាងទៀត លោក​យល់ថា ការយក​ផែនទី UTM មក​ធ្វើ​ជំនួយ​ក្នុងការ​គូរផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ លោក អ៊ុំ សំអាន​បន្ថែមថា​៖«​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ គេ អត់​ឲ្យ​ប្រើ​ផែន​ទីណា ក្រៅពី​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ ទេ​»​។​
 
​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា បូរណភាព​ទឹកដី​កម្ពុជា មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩​។​
 
១/១០០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង១០០ ០០០ សង់ទីម៉ែត្រ ឬស្មើនឹង១០០០ម៉ែត្រ ឬស្មើនឹង១គីឡូម៉ែត្រ នៅលើដី។ ១/៥០ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង៥០ ០០០ សង់ទីម៉ែត្រ ឬ៥០០ម៉ែត្រ នៅលើដី។ ១/២៥ ០០០ គឺប្រវែង១សង់ទីម៉ែត្រ លើផែនទី ស្មើនឹង២៥ ០០០ សង់ទីម៉ែត្រ ឬ២៥០ម៉ែត្រ នៅលើដី។

បើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែធំ គឺផែនទីកាន់តែតូច ហើយបើមាត្រដ្ឋានឬខ្នាត មានតួលេខកាន់តែតូច គឺផែនទីកាន់តែធំ។ ជាក់ស្តែង ផែនទីបោនខ្នាត ១/១០០ ០០០ គឺមានទំហំតូចជាងផែនទី UTM ខ្នាត ១/៥០ ០០០ ហើយផែនទី UTM ខ្នាត ១/៥០ ០០០ គឺមានទំហំតូចជាងផែនទីថ្មីខ្នាត ១/២៥ ០០០។​
 
​អ្នកស្រី កុយ ពិសី បរិយាយ​បន្ត​ពី​លោក អ៊ុំ សំអាន​ថា ខ្សែ​ព្រំដែន ក្នុង​ផែនទី​បោ​ន ដែល​បារាំង គូរ​ឲ្យ​កម្ពុជា និង​បាន​បន្សល់ទុក​មក គឺ​មិនមែន​ត្រឹមត្រូវ​ទៅតាម​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង​ទេ​។ អ្នកស្រី រំលេច​ឡើង​ថា តំបន់​ខ្លះ ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ តែ​ផែន​ទីបោ​ន គូរ​ដាក់​ក្នុង​ដី​វៀតណាម ហើយ​តំបន់​ខ្លះ ប្រជាពលរដ្ឋ​វៀតណាម រស់នៅ តែ​គូរ​ដាក់​ក្នុង​ដី​ខ្មែរ ដូច្នេះ ពេលធ្វើ​ព្រំដែន កម្ពុជា​-​វៀតណាម ត្រូវការ​ដោះដូរ​និង​សម្រុះសម្រួល​ឲ្យ​គ្នា​។ 
 
​អ្នកស្រី ប្រាប់ថា ដើម្បី​ថែរក្សា​ភូមិ​ឬ​តំបន់​ណា ដែល​ប្រជាពលរដ្ឋ​កម្ពុជា​និង​ប្រជាពលរដ្ឋ​វៀតណាម រស់នៅ គឺ​រដ្ឋាភិបាល​ទាំងពីរ ត្រូវ​កែប្រែ​ឬ​ដូរ​ខ្សែ​ព្រំដែន​នៅ​កន្លែង​នោះ​បន្តិចបន្តួច​។ មន្ត្រី​ជំនាញ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ពន្យល់ថា​៖«​កន្លែង​ហ្នឹង ផែនទី​ថ្មី អាច​មិន​ដូចនឹង​ផែនទី​បោ​ន​ទេ ព្រោះ​យើង យោងទៅតាម​ការរស់នៅ​និង​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​»​។ 
 
​វៀតណាម​គូរ​តែម្នាក់ឯង​?

អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ច​ព្រំដែន​កម្ពុជា ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹងថា ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​កម្ពុជា​-​វៀតណាម ចូលរួម​បង្កើត​និង​គូរ​រួមគ្នា ដោយ​គ្មាន​ភាគី​ណាមួយ​គូរ​តែម្នាក់ឯង​នោះទេ​។ អ្នកស្រី សង្កត់ធ្ងន់ថា​៖«​បើ​វៀតណាម​គូរ [​ម្នាក់ឯង​] ទាល់តែ​ផែនទី​ហ្នឹង ជា​របស់​វៀតណាម​។ តែ​វា​ជា​របស់​កម្ពុជា​ដែរ មិនមែនជា​របស់​វៀត​ណា​ម​ផ្តាច់មុខ​ឯណា​។ ផែនទី​ព្រំដែន គឺជា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​»​។​
 
​អ្នកស្រី បាន​រំឭកថា កម្ពុជា​-​វៀតណាម ចាប់​ផ្តើមធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយគ្នា ចាប់តាំងពី​ឆ្នាំ​២០០៥​មក ហើយ​រហូតដល់​ឆ្នាំ​២០១១ ទើប​ភាគី​ទាំងពីរ​ឯកភាព​ចុះ​កិច្ច​ព្រៀង​ជាមួយគ្នា ឲ្យ​ប្រទេស​ទី​៣ គឺ​ប្រទេស​ដា​ណឺ​ម៉ាក ជា​អ្នក​បោះពុម្ព​ឲ្យ នូវ​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០​។ អ្នកស្រី លម្អិត​ព័ត៌មាន​ត្រង់​កន្លែង​នេះ​ថា ការចំណាយពេល​យូរ​រហូតដល់​ទៅជិត​១០​ឆ្នាំ គឺ​ដោយសារតែ​ការបោះពុម្ព​ផែនទី​ថ្មី​នេះ មាន​លក្ខណៈ​បច្ចេកទេសខ្ពស់​និង​ស្មុគស្មាញ​ច្រើន​។ 
 
​បន្ថែម​ពី​ការឆ្លើយ​ឆ្លង​គ្នា​ដោយ​ពាក្យសម្តី​រវាង​អ្នកស្រី កុយ ពិសី និង លោក អ៊ុំ សំអាន គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា និង អតីត​គណបក្សប្រឆាំង នៅ​ចេញ​សេចក្តីថ្លែងការណ៍​តទល់​គ្នា​ទៀត​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ អតីត​គណបក្សប្រឆាំង សម្តែង​ការ​ប្រឆាំងនឹង​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ និង​ប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ផែនទី​ថ្មី​នេះ​។ មិន​ខុសពី​លោក អ៊ុំ សំអាន សេចក្តីថ្លែងការណ៍​រប​ស់​អតីត​គណបក្សប្រឆាំង បាន​ចោទថា ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ត្រូវបាន​គូរ​ដោយ​វៀតណាម ដោយ​ផ្អែក​តាម​លទ្ធផល ដែល​សម្រេចបាន​៨៦​ភាគរយ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​។​
 
​សេចក្តីថ្លែងការណ៍ សរសេរថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ យល់ឃើញថា ការទទួលយក​ផែនទី​ថ្មី​សន្លាង​ខ្នាត ១/២៥ ០០០ ពី​វៀតណាម ប្រៀបដូចជា​ការទទួល​យក​ប្លង់ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា ដែល​គូរ​ដោយ​វៀតណាម​។ ក្នុងន័យនេះ បូរណភាព​ដែនដី​របស់​កម្ពុជា ត្រូវ​កំណត់ដោយ​វៀតណាម​»​។​
 
​អតីត​គណបក្សប្រឆាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​បង្ហាញ​និង​ផ្ទៀ​ត​ផ្ទាត់​ជា​សាធារណៈ រវាង​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ជាមួយនឹង​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ ដែល​បារាំង​គូរ​ឲ្យ​។ 

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ច្រាន​ច្រោ​ល​ទាំងស្រុង ចំពោះ​អ្វីដែល​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង​។ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ហៅ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង ថា​ជាការ​បំផ្លើស​និង​ជាការ​មួលបង្កាច់​អំពី​សមិទ្ធផល​ការងារ​ព្រំដែន ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេចបាន​។ 
 
​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ជឿ​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្សប្រឆាំង ដែល​សរសេរ​ខុស​ការពិត ដើម្បី​វាយប្រហារ​​ការងារ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​។ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ចាត់ទុក​ទង្វើ​ទាំងអស់នោះ​របស់​អតីត​គណបក្សប្រឆាំង ថាអាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​។ 
 
​កាល​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ទៅ​ជួប​លោក ឡេ ហួយ​ទ្រុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​ប៉ៃ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ផែនទី ដែលមាន​មាត្រា​ដ្ឋា​ន​ឬ​ខ្នាត ១/២៥ ០០០​។ ថ្ងៃ​ចុះហត្ថលេខា ទទួលយក​ផែនទី​ថ្មី​នេះ អាច​ចាត់ទុកជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​កម្ពុជា​-​វៀតណាម​។ 
 
​ខាង​កម្ពុជា អ្នក​ដែល​ចុះហត្ថលេខា គឺ​អ្នកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​កម្ពុជា ហើយ​ភាគី​វៀតណាម គឺ​លោក ហ្វូ៊ង ថេ​ឡុង អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​រដ្ឋ​នៃ​ក្រសួងការបរទេស​វៀត​ណា​ម ជា​អ្នកចុះហត្ថលេខា​។​
 
​ឯកសារ​ឬ​សៀវភៅ​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ត្រូវបាន​បោះពុម្ព​សរុប​៥០០​ច្បាប់ ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ច្បាប់ ជា​ភាសា​ខ្មែរ​-​វៀតណាម ត្រូវ​យកមក​តម្កល់ទុក​នៅ​កម្ពុជា រីឯ​២៥០​ច្បាប់​ទៀត ជា​ភាសា​វៀតណាម​-​ខ្មែរ ត្រូវ​យកទៅ​តម្កល់ទុក​នៅ​វៀតណាម​៕ 
 
 
 

Tag:
 កម្ពុជា​-​វៀតណាម​
  ព្រំដែន​
  ផែនទី ១/២៥ ០០០
© រក្សាសិទ្ធិដោយ thmeythmey.com