អន្តរជាតិ
នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា មិនមាន​ព័ស្តុតាង​ដើម្បី​ហាម TikTok ទេ តែ​បន្ត​តាមដាន​
05, Aug 2020 , 11:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបភាព AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបភាព AFP
​ខណៈ​រង​សម្ពាធ​ខ្លាំង​នៅ​អាមេរិក TikTok មិនទាន់​បញ្ហា​អ្វី​ឡើយ​នៅ​អូស្ត្រាលី​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​មួយ​របស់​អាមេរិក​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាន​និយាយ​នៅ​ថ្ងៃទី​៤ ខែសីហា ថា ប្រទេស​របស់លោក​មិនមាន​ព័ស្តុតាង​បង្ហាញ​ពី​ការប្រើប្រាស់​ទិន្នន័យ​ខុសច្បាប់​ពី​សំណាក់​កម្មវិធី​កម្សាន្ត​វីដេអូ​ខ្លីៗ TikTok ឡើយ​។ ទោះជា​យ៉ាងណា លោក បាន​រំឭក​អ្នកប្រើប្រាស់​ពី​ហានិភ័យ​នៅពេល​ខាងមុខ​ផងដែរ​។​

 
​កម្មវិធី​កម្សាន្ត​វីដេអូ​ខ្លីៗ TikTok ដែលមាន​អ្នកប្រើប្រាស់​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​នោះ ក្លាយជា​មុខសញ្ញា​រឹតបន្តឹង​របស់​ប្រទេសមួយ​ចំនួន​ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​។ អាមេរិក ចេញមុខ​ខ្លាំងជាងគេ​ក្នុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ចិន ByteDance ដែលជា​ម្ចាស់ TikTok ។ មិនមែន​ប្រទេស​ទាំងអស់ សុទ្ធតែ​ធ្វើ​ដូច​អាមេរិក​។​
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន និយាយថា អូស្ត្រាលី​ដែល​បាន​ឃ្លាំមើល TikTok កន្លងមក មិនបាន​រកឃើញ​សញ្ញា​អ្វី​ពាល់​ព័ន្ធ​បំពាន​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​នៅ​អូស្ត្រាលី​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្លែង​ទៅកាន់​វេទិកា​សន្តិសុខ Aspen តាម​អន​ឡាញ​នៅ​ថ្ងៃទី​៤ ខែសីហា លោក ម៉ូ​រី​សុន លើកឡើងថា​៖ «​មិនមាន​ព័ស្តុតាង​ឲ្យ​យើង​ឡើយ​ថ្ងៃនេះ​លើ​ការប្រើប្រាស់​មិន​ត្រឹមត្រូវ​ទិន្នន័យ​អ្នកប្រើប្រាស់​។​»  
 
​ទោះជា​យ៉ាងណា មេដឹកនាំ​អូស្ត្រាលី​រូបនេះ​ព្រមាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់​ថា បណ្ដាញ​សង្គម​ទាំងឡាយ​រាប់ទាំង​របស់​អាមេរិក​ផង ផ្ទុក​ទិន្នន័យ​អ្នកប្រើប្រាស់​សន្ធឹកសន្ធាប់​។ បើតាម​លោក ម៉ូ​រី​សុន អ្វីដែល​ខុសប្លែក​សម្រាប់ TikTok នោះ គឺ​ព័ត៌មាន​អ្នកប្រើប្រាស់​អាច​ធ្លាក់​ដល់ដៃ​ស្ថាប័ន​។ លោក ទំនង​ចង់​សំដៅ​កាតព្វកិច្ច​ផ្នែក​ច្បាប់​របស់​បណ្ដាញ​សង្គម​ដែល​ត្រូវ​ចែករំលែក​ព័ត៌មាន​ទៅកាន់​ទីភ្នាក់ងារ​ចារកម្ម​រដ្ឋ ពេល​មាន​សំណើ​។​
 
​ដ្បិត​មិនទាន់មាន​បញ្ហា​ពេលនេះ​ក្ដី នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក៏​មិន​ប្រហែស​ដែរ​។ លោក ម៉ូ​រី​សុន ប្រាប់​អ្នកចូលរួម​ថា អូស្ត្រាលី​នឹង​បន្ត​តាមដាន​កម្មវិធី​នេះ​ទៀត​។​
 
​ក្នុង​វេទិកា​ដដែល​នេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិក Cui Tiankai បានចេញ​មុខការ​ពារ​ប្រតិបត្តិការ​របស់ TikTok នៅ​អាមេរិក​។ លោក Cui និយាយថា មិនមាន​ព័ស្តុតាង​បង្ហាញ​ពី​ការចែករំលែក​ព័ត៌មាន​រវាង​ក្រុមហ៊ុន​នេះ និង​រដ្ឋាភិបាល​ចិន​ឡើយ​។ 
 
​នៅ​អាមេរិក TikTok រង​លក្ខខណ្ឌ​លក់​ប្រតិបត្តិការ​របស់ខ្លួន​ឲ្យ​ក្រុមហ៊ុន​អាមេរិក បើសិន​ពួកគេ​ចង់​បន្ត​រកស៊ី​ទៀត​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទុកពេល​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា​ឲ្យ ByteDance បញ្ចប់​កិច្ចព្រមព្រៀង​លក់​នេះ​។ សព្វថ្ងៃ ក្រុមហ៊ុន Microsoft ជា​អ្នក​ចេញមុខ​ចរចា​ទិញ TikTok នេះ​៕
 
 

Tag:
 ​អូស្ត្រាលី​
  ចិន​
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com