ដោយ៖ Christian Berger និង Stefan Hanselmann
ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រហែល ៧ ភាគរយ សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែការរីករាលដាលជំងឺកូវីដ-១៩ ស្ថានភាពនេះបានផ្លាស់ប្តូរយ៉ាងខ្លាំង។ មិនមែនកម្ពុជាតែឯង ពោលគឺពិភពលោកទាំងមូលរងផលប៉ះពាល់។ ប្រទេសនានា និង វិស័យឧស្សាហកម្មទទួលរងផលប៉ះពាល់ពីការផ្គត់ផ្គង់ និងតម្រូវការក្នុងពេលតែមួយ ដែលការប៉ះពាល់នេះជះផលអាក្រក់ខ្លាំងជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ទៅទៀត។ នៅថ្ងៃទី១៤ ខែកក្កដា ធនាគារជាតិកម្ពុជាបានបញ្ចេញទិន្នន័យដែលបង្ហាញថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងមិនមានការជឿនលឿនទៅមុខសម្រាប់ឆមាសទី១ នៃឆ្នាំ២០២០ ទេ។ ទិន្នន័យព្យាករណ៍សម្រាប់មួយឆ្នាំពេញ បានបង្ហាញ ថាផលិតផលក្នុងស្រុកសរុបនឹងធ្លាក់ចុះត្រឹម ១,៩ ភាគរយប៉ុណ្ណោះ។
របាយការណ៍ពិសេសមួយដែលត្រូវបានចុះផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ អះអាងថា ទោះបីជាមានការណែនាំនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ដល់ ២០២៥ក្តី ភាពស្រពិចស្រពិលសម្រាប់ប្រទេសកម្ពុជាគឺមូលដ្ឋានឧស្សាហកម្មតូចចង្អៀតរបស់ខ្លួន។ ជាការពិតក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចជាតិបានពឹងផ្អែកលើសសរគ្រឹះចំនួនប្រាំរួមមាន វិស័យកសិកម្ម វិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យសំណង់ និងចំណូលពីការផ្ទេរប្រាក់របស់ពលករចំណាកស្រុក។ លើកលែងតែវិស័យកសិកម្មមួយប៉ុណ្ណោះ វិស័យបួនក្នុងចំណោមសសរគ្រឹះទាំងប្រាំនេះ កំពុងតែជួបប្រទះបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។
របាយការណ៍ប្រចាំពាក់កណ្តាលឆ្នាំរបស់ធនាគារជាតិសម្រាប់ឆ្នាំ ២០២០ ចេញផ្សាយនៅថ្ងៃទី ៨ ខែកក្កដាបានកត់សម្គាល់ថាវិស័យផលិតកម្មបានថយចុះ ១១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ស្នាមប្រេះបែកត្រូវបានបង្ហាញនៅលើសម្បកក្រៅរបស់វិស័យសំណង់ចំពេលមានការកើនឡើងនៃការផ្គត់ផ្គង់អចលនទ្រព្យហួសកម្រិត និងអវត្តមានរបស់អ្នកទិញបរទេស។ មានតែទិន្នផលវិស័យកសិកម្មតែមួយប៉ុណ្ណោះដែលបានកើនឡើង២១,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការពង្រីកតំបន់ដាំដុះដែលនៅជាចំណោទសម្រាប់បរិស្ថានវិទ្យា និងអវត្តមាននៃគ្រោះមហន្តរាយធម្មជាតិធំៗ។
ក្នុងចន្លោះពេលដែលការបំផ្លាញសេដ្ឋកិច្ចត្រូវបានបង្កឡើងដោយជំងឺកូវីដ-១៩ មានទិន្ន័យថ្មីពីប្រទេសមួយចំនួនដែលបានអះអាងថាជំងឺរាតត្បាតនេះនឹងធ្វើឲ្យមានសន្ទុះបដិវត្តឧស្សាហកម្មទី ៤ ដែលមាននិន្នាការបច្ចេកវិទ្យាសំខាន់ៗចំនួន ៣ គឺ៖ ស្វ័យប្រវត្តិកម្មដែលអាចដំណើរការដោយវិទ្យាសាស្ត្រមនុស្សយន្ត ការធ្វើឲ្យប្រសើរឡើងនូវឌីជីថលលូបនីយកម្មនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងផលិតកម្មតាមការបោះពុម្ព3D។ ការស្រាវជ្រាវអន្តរជាតិទស្សន៍ទាយថាការបាត់បង់ការងារជាច្រើននឹងកើតមានឡើងដោយសារឌីជីថលលូបនីយកម្មទៅលើគ្រប់ផ្នែកទាំងអស់។
មិនមែនតែការងារដែលមានប្រាក់ខែទាប និងកម្រិតគុណវុឌ្ឍិទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការងារថ្នាក់កណ្តាលនៅក្នុងវិស័យឧស្សាហកម្មជាច្រើន។ កត្តាផ្សេងទៀតដែលរួមចំណែកទៅលើបដិវត្តបច្ចេកវិទ្យាមានការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ ការព្រួយបារម្ភអំពីបរិស្ថាន និងកំណើនសម្ពាធដែលទាមទារឲ្យមានការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ឡើងវិញ ដែលអាចប្រែក្លាយបញ្ហាបញ្ហាសម្រាប់កម្ពុជាទៅជាព្យុះដ៏ល្អឥតខ្ចោះមួយ។ នៅក្នុងសេណារីយ៉ូនេះ សេដ្ឋកិច្ចដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជាអាចងាយនឹងជាប់គាំងរវាងមូលដ្ឋានឧស្សាហកម្មដែលមានការអភិវឌ្ឍមិនគ្រប់គ្រាន់ និងការថយចុះនៃតម្រូវការការងារហត្ថកម្មដែលមានបច្ចេកវិទ្យាទាបនិងចំណាយតិច។
អ្នកជំនួញកម្ពុជាជាច្រើនជាពិសេសក្នុងវិស័យកាត់ដេរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ទំនងជាមិនអាចដំណើរការបានដូចពីមុននោះទេ។ អ្វីដែលធ្វើឲ្យជំនួញរបស់គេមានដំណើរការកាលពីមួយឆ្នាំមុន ប្រហែលជាអាចលែងមានប្រសិទ្ធភាពបន្ទាប់ពីជំងឺរាតត្បាតកូវីតមានការស្រកចុះ។ ក្នុងឧទាហរណ៍មួយថា វិស័យទេសចរណ៍នឹងវិលត្រឡប់ទៅរកស្ថិរភាពដែលអាចព្យាករណ៍បានជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរហើយការកើនឡើងនៃប្រាក់ចំណូលជាបន្តបន្ទាប់អាចមិនមែនជាជម្រើសទៀតទេ។ បើគ្មានការអនុវត្តវិធីសាស្ត្រយុទ្ធសាស្ត្រថ្មីផ្អែកលើគំនិតថ្មីដូចជាទេសចរណ៍បរិស្ថាន ទេសចរណ៍និរន្តរភាពដែលលើកកម្ពស់គុណភាពជំនួសឱ្យបរិមាណ នោះវិស័យនេះនឹងនៅតែងាយរងគ្រោះ និងងាយទទួលរងនូវវិបត្ដិខាងក្រៅដែលមិនអាចគិតទុកមុន។
ជំងឺរាតត្បាតកូវីដ-១៩ បានជំរុញឲ្យមានការពិចារណាជាថ្មីទៅលើពិភពពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ចសកលភាវូបនីយកម្ម។ ទន្ទឹមនឹងនេះឱកាសថ្មីនឹងកើតមានឡើង ដូចជានៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ វត្ថុធាតុដើមកសិកម្មជាធម្មតាមានសុពលភាពថយចុះ និងងាយខូចគុណភាព។ កត្តានោះធ្វើឱ្យចម្ងាយរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់គឺជាកត្តាប្រកួតប្រជែងមួយ។ កសិកម្ម និងស្បៀងអាហារគឺស្ថិតនៅក្នុងផ្នែកតែមួយនៃខ្សែសង្វាក់តម្លៃ ដោយស្បៀងអាហារគឺជាផ្នែកមួយនៃទិន្នផលពីកសិកម្ម។ ជាក់ស្តែង កសិកម្ម និងការកែច្នៃកសិផលមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ពីការផ្គត់ផ្គង់បញ្ចូល ទៅផលិតកម្ម (កសិកម្ម) ដល់ការកែច្នៃ និងការប្រើប្រាស់។
សព្វថ្ងៃប្រវែង និងភាពស្មុគស្មាញនៃខ្សែចង្វាក់តម្លៃកសិកម្មរបស់ប្រទេសកម្ពុជានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។ កង្វះស្តង់ដារ គុណភាពមិនទាន់ស្របគ្នា បរិមាណដែលពុំអាចទុកចិត្តបាន ផលិតភាពទាប និងគ្រោះមហន្តរាយធម្មជាតិម្តងម្កាលធ្វើឱ្យក្រុមហ៊ុនកសិកម្ម និងក្រុមហ៊ុនកែច្នៃកសិផលពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជាថៃ វៀតណាម និងចិន។ ចំនួនពលកម្មការងារបម្រុងនៅតាមខ្សែចង្វាក់តម្លៃនៅតែមិនទាន់ត្រូវបានអនុវត្តនៅឡើយ។ បើគ្មានការធ្វើទំនើបកម្មទូលំទូលាយជម្រុញផលិតភាពខ្ពស់តាមរយៈការបង្កើនគ្រឿងយន្ត ការបង្កើតក្រុមហ៊ុនកសិកម្មធំៗ និងការប្រើបច្ចេកទេសច្នៃប្រឌិតកសិកម្មកាន់តែប្រសើរ ការបង្កើតបន្ថែមតម្លៃដែលមានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជានឹងនៅតែពិបាក។
វិស័យឧស្សហកម្មសំខាន់បំផុតរបស់ប្រទេសកម្ពុជា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលប្រឈមនឹងបញ្ហាស្រដៀងគ្នា។ ប៉ុន្តែវិស័យនេះនៅមានសក្តានុពលសម្រាប់ការអភិវឌ្ឍនាពេលអនាគត និងឱកាសជាក់ស្តែងក្នុងការនៅរស់សម្រាប់វិស័យនេះក្នុងរយៈពេលមធ្យម និងវែង។ជាមួយនឹងការពឹងផ្អែកទៅលើបច្ចេកវិទ្យា និងថ្លៃពលកម្មទាប វិស័យឧស្សាហកម្មនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីស្ថានភាពមានសារៈសំខាន់ទៅជាស្ថានភាពមានសារៈសំខាន់រងគ្រោះធ្ងន់ធ្ងរនៅពេលដែលវិបត្តិកូវីតចាប់ផ្តើម។ ការលុបចោលប្រព័ន្ធអនុគ្រោះ EBA រួមជាមួយនឹងការថយចុះនៃការបញ្ជាទិញពីអតិថិជនបរទេសនឹងបន្តដាក់សម្ពាធលើវិស័យនេះ។ ដូច្នេះលក្ខខណ្ឌនៃក្របខណ្ឌត្រូវតែក្រិតក្រមដោយប្រុងប្រយ័ត្ន រួមមានកម្រិតប្រាក់ឈ្នួល ការបន្តការអនុគ្រោះក្រោមកិច្ចព្រមព្រៀង EBA បរិយាកាសអព្យាក្រឹតភាព ក៏ដូចជាបរិយាកាសដែលមានការគាំទ្រនយោបាយ និងបរិយាកាសអព្យាក្រឹតភាព។ ដូចគ្នានេះដែរ ក្រុមហ៊ុនត្រូវមានដំណើរការផ្លាស់ប្ដូរពីការកេងប្រវ័ញ្ចកម្លាំងពលកម្មដែលមានជំនាញ និងកម្រៃទាប ទៅជាការបង្កើតតម្លៃបន្ថែមពិតប្រាកដ។
ទោះយ៉ាងណាក៏ដោយ ការវិនិយោគលើផ្នែករឹង (Hardware) ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញត្រូវការពេលវេលាដើម្បីទទួលបានផល ហើយការគិតពិចារណាលើកបញ្ហានេះមិនគួរមានការថ្លឹងថ្លែងខុសនោះទេ។ វានឹងកើតឡើងប្រសិនបើក្រុមហ៊ុនមានទំនុកចិត្តលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេលមធ្យមនិងយូរអង្វែងរបស់ប្រទេសមួយ។ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាបន្ថែមទៀតទៅក្នុងមូលដ្ឋានផលិតកម្មមួយ វាទាមទារឱ្យមានភាពប្រាកដប្រជាអំពីលទ្ធភាពទទួលបានទីផ្សារនាំចេញសំខាន់ៗដូចជាសហភាពអឺរ៉ុបឬសហរដ្ឋអាមេរិក។
កំណើននៃផលិតភាពអាចធ្វើឱ្យលំនឹងនៃឧស្សាហកម្មវាយនភ័ណ្ឌមានស្ថិរភាពក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ នៅទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលផលិតកម្មត្រូវបានផ្លាស់ប្តូរពីបណ្តាប្រទេសលោកខាងលិចទៅទីតាំងផលិតកម្មអាស៊ី ក្រុមហ៊ុនវាយនភ័ណ្ឌអ៊ឺរ៉ុបជាច្រើនត្រូវបានបិទទ្វា។ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមវិនិយោគទៅក្នុងផលិតភាពនៃប្រតិបត្តិការរបស់គេ និងបានស្រោចស្រង់ក្រុមហ៊ុនមកវិញបាន។ ក្រុមហ៊ុនផ្សេងទៀតវិនិយោគទៅក្នុងការអភិវឌ្ឍនលើការច្នៃប្រឌិត ឧទាហរណ៍ដូចជាវាយនភណ្ឌបច្ចេកទេសសម្រាប់ឧស្សាហកម្ម សំណង់ និងអាកាសយានដ្ឋាន ឬ ការប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ។ ក្រុមហ៊ុនដែលគិតគូររយៈពេលវែងដូចជា ADIDAS ហាក់បីដូចជាបង្ហាញពីការពិចារណាក្នុងការដើរផ្លូវនេះដើម្បីទ្រទ្រង់ផលិតភាព និងនវានុវត្តន៍ក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌរបស់កម្ពុជា។ មានការជជែកពិភាក្សាជាច្រើនអំពីវាយនភណ្ឌអេឡិចត្រូនិច បច្ចេកវិទ្យាសម្រាប់ពាក់បាន និងបច្ចេកវិទ្យាសម្លៀកបំពាក់។ ប្រទេសកម្ពុជាគួរតែសិក្សាវិភាគនូវឱកាសយុទ្ធសាស្ត្របែបនេះ ហើយងាកទៅរកផលិតផលដែលមានតម្រូវការកាន់ច្រើនប៉ុន្តែក៏មានផ្លែផ្កាច្រើនផងដែរ។
ដើម្បីពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ខ្លួននិងដើម្បីឱ្យមានការប្រកួតប្រជែងកាន់តែច្រើនកម្ពុជាចាំបាច់ត្រូវវិនិយោគជាលក្ខណៈប្រព័ន្ធទៅលើការអភិវឌ្ឍចំណេះដឹងដែលអាចអនុវត្តបានជាក់ស្តែង និងការអភិវឌ្ឍជំនាញ។ ដើម្បីគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ចទាំងខ្សែបណ្តោយ និងខ្សែទទឹង កម្ពុជាគួរចាប់យកយុទ្ធសាស្ត្រមុខបី។ ជាដំបូង កត្តាបីសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរួមមាននវានុវត្តន៍ ផលិតភាព និងភាពធន់ ត្រូវក្លាយជាអាទិភាពជាតិ។ ក្នុងពេលតែមួយ ក្រុមហ៊ុននានាត្រូវតែលើកកម្រិតសមត្ថភាពរបស់ខ្លួននៅក្នុងតំបន់យុទ្ធសាស្ត្រចំនួនបួនរួមមាន អក្ខរកម្មឌីជីថល ការគ្រប់គ្រងហិរញ្ញវត្ថុ សមត្ថភាពកម្រិតយល់ដឹង និងជំនាញបច្ចេកវិទ្យា។ ជាចុងក្រោយសកម្មភាពនានាគួរតែផ្តោតទៅលើវិស័យឧស្សាហកម្មដែលត្រូវបានជ្រើសរើសជាយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាជាមួយសក្តានុពលមួយដែលអាចជឿបាន និងទស្សនវិស័យរយៈពេលមធ្យមដល់រយៈពេលវែង។
សម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀត សមត្ថភាពក្នុងការបង្ហាញគំនិតថ្មីទៅការកែច្នៃក្រុមហ៊ុន ឬក៏ដូចជាសេដ្ឋកិច្ចជាតិ ជាមួយនឹងផលិតផល សេវាកម្ម រចនាសម្ពន្ធ័ និងនិទានកថាឬចក្ខុវិស័យមួយគឺមានសារៈសំខាន់ណាស់។ នវានុវត្តន៍មានន័យថាកំណត់ឱកាសថ្មីៗឥតឈប់ឈរ វាយតម្លៃការរៀបចំប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ វិស័យឧស្សាហកម្មឡើងវិញ វាយតម្លៃពីរបៀបដែលធនធានត្រូវបានប្រើប្រាស់ឲ្យឆ្លើយតបនឹងឱកាសដែលកើតមានឡើង។ កត្តានេះនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងការកសាងភាពធន់ ព្រោះវាបង្កើតទម្លាប់ឲក្រុមហ៊ុនមានការប្រុងប្រយ័ត្ន មានភាពរហ័ស និងមានបរិសកម្ម (ឬការឆ្លើយតប) មុនពេល និងពេលមានវិបត្តិ។ ក្នុងវិស័យកសិកម្ម និងទេសចរណ៍ នវានុវត្តន៍អាចមានន័យថាការណែនាំមធ្យោបាយផលិតកម្មដែលមាននិរន្តភាពតាមរយៈផ្នែកមួយនៃគោលនយោបាយ «Green Recovery» ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុននានាលក់ផលិតផលក្នុងតម្លៃខ្ពស់។ ការប្រើប្រាស់បចេ្ចកវិទ្យានវានុវត្តន៍រួមមានវេទិការទីផ្សារបែបឌីជីថល ផ្តល់ជូននូវកម្មវិធី និងសេវាកម្មថ្មីៗ ដែលនឹងជួយសូម្បីតែក្រុមហ៊ុនខ្នាតតូចក្នុងការឈានទៅរកអតិថិជនថ្មីតាមរយៈបណ្តាញជាច្រើន។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានដែលមានកម្រិតដើម្បីកសាងបរិស្ថានមួយដែលមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ផលិតកម្មឧស្សាហកម្មខ្នាតធំ។ ការអភិវឌ្ឍផលិតកម្មក្នុងប្រទេសកម្ពុជាទាមទារឲមានការវិនិយោគដែលបានសម្របសម្រួលទៅកាន់ប្រជាជន បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ទោះបីជាមានការលូតលាស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្តី ឱកាសនិងសិទ្ធិប្រើប្រាស់ហិរញ្ញវត្ថុក្នុងប្រទេសនៅតែមានកម្រិតសម្រាប់អនាគតដ៏ខ្លីខាងមុខនេះ។ ដូច្នេះការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសពីប្រភព និងប្រទេសជាច្រើនគឺភាពចាំបាច់ណាស់។ ក្នុងន័យនេះ ជំងឺកូវីដ-១៩ បានបើកឱកាសមួយ ដែលវាទំនងជានឹងពង្រឹងតំបន់រូបនីយកម្ម។
ប្រទេសកម្ពុជាអាចក្លាយជាទិសដៅទាក់ទាញបន្តិចម្តងៗ សម្រាប់ក្រុមហ៊ុនផលិតករដែលផ្លាស់ប្តូរទីតាំងផលិតកម្ម ជាឧទាហរណ៍ពីប្រទេសចិនទៅទីតាំងថ្មីមួយនៅអាស៊ីអាគ្នេយ៍។ ការវិនិយោគនេះក៏អាចជាការវិនិយោគឆ្លងដែនពីប្រទេសថៃ ឬ វៀតណាម ដែលទីនោះក្រុមហ៊ុនប្រហែលជាមានចំណាប់អារម្មណ៍ក្នុងការបញ្ចូនផលិតកម្មខ្លះរបស់ខ្លួនមកកាន់ដៃគូរក្នុងប្រទេសកម្ពុជាផងដែរ។
នៅពេលនិយាយអំពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ប្រទេសកម្ពុជាគួរតែអនុវត្តតាមយុទ្ធសាស្ត្រនៃឧស្សាហូបនីយកម្មដែលត្រូវបានជ្រើសរើស។ នៅទូទាំងពិភពលោក ឧស្សាហកម្មជាច្រើនដូចជាយានយន្ត គ្រឿងម៉ាស៊ីនធុនធ្ងន់ ឬឧស្សាហកម្មគីមី កំពុងឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធជាមូលដ្ឋានជាមួយនឹងការរំពឹងទុករយៈពេលមធ្យម និងរយៈពេលវែង។ ប្រទេសកម្ពុជាគួរតែធ្វើការសម្រេចចិត្តច្បាស់លាស់ក្នុងការផ្តោតលើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាសំខាន់ៗដែលធានាផលប្រយោជន៍ជាអតិបរមាសម្រាប់ការអភិវឌ្ឍនៃខ្សែសង្វាក់តម្លៃដែលចំណេញខ្ពស់នៅក្នុងប្រទេស។ វិស័យឧស្សាហកម្មវាយនភណ្ឌអាចឈានជើងចូលនៅពេលដែលការសហការជាមួយវិស័យឌីជីថលរបស់កម្ពុជាដែលនៅខ្ចី និងប្រកបដោយភាពច្នៃប្រឌិតអាចជួយបង្កើតអត្ថប្រយោជន៍បន្ថែម។ ចំណីអាហារ និងកសិកែច្នៃ អនុវិស័យខ្លះនៃឧស្សាហកម្មអេឡិចត្រូនិច និងសេវាកម្មដែលដឹកនាំដោយបច្ចេកវិទ្យាអាចទទួលបាននូវសារៈសំខាន់។
សព្វថ្ងៃនេះ គ្រឿងបន្លាស់ម៉ាស៊ីនភាគច្រើនដំណើរការក្នុងប្រទេសកម្ពុជាត្រូវការនាំចូល និងបុគ្គលិកសេវាកម្មត្រូវធ្វើដំណើរហោះហើរពីមណ្ឌលសេវាកម្មណាមួយនៅតំបន់អាស៊ី។ នៅពេលដែលមានការបិទព្រំដែននៅក្នុងមីនា និងមេសា ក្នុងកំឡុងពេលកូវីត សហគ្រាសកែច្នៃកសិកម្មជាច្រើនត្រូវបានផ្អាកដំណើរការ។ ហេតុផលមិនមែនមកពីគ្មានអតិថិជនទេ ប៉ុន្តែមកពីពួកគេមិនអាចនាំចូលសម្ភារៈវេចខ្ចប់ពីប្រទេសថៃ និងវៀតណាមបាន។
សហគ្រាសកែច្នៃកសិកម្មកម្ពុជាគួរតែអាចងាកទៅរកសហគ្រាសកែច្នៃប្លាស្ទិកក្នុងស្រុកដែលប្រើបច្ចេកវិទ្យាចាក់ ឬ ផ្លុំពុម្ព។ ពុម្ពអាចផលិត និងផ្តល់សេវាក្នុងស្រុកបានដោយក្រុមហ៊ុនជំនាញខ្នាតតូច ឬមធ្យម។ អ្នកបច្ចេកទេសខ្មែរដែលបានហ្វឹកហាត់ប្រើប្រាស់ឧបករណ៍រចនា CAD នៅសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាអាចរចនាបង្កើតពុម្ពទាំងនេះបាន។ ក្នុងន័យផ្សេងទៀត ប្រទេសកម្ពុជាត្រូវការបង្កើតជំនាញ និងគាំទ្របច្ចេកវិទ្យាដែលនឹងនាំឱ្យស្ថាប័នថ្មីដំណើរការនៅក្នុងចង្វាក់តម្លៃក្នុងស្រុក។ តាមរយៈការបន្ថែមបណ្តាញភ្ជាប់ថ្មីទៅខ្សែចង្វាក់ ក្រុមហ៊ុននានាអាចក្លាយជាប្រភពធនធានដ៏មានតម្លៃនៅក្នុងប្រទេស។
ប្រជាជនគឺជាចំណុចកណ្តាលនៃការតម្រឹមឡើងវិញនៃយុទ្ធសាស្ត្រ អាទិភាព និងធនធាន។ ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល ការបើកចំហរឲ្យទូលាយជាមួយនឹងសមត្ថភាពស្តាប់ហើយយកមកឆ្លុះបញ្ចាំង យកមកវិភាគ និងយកមកដោះស្រាយបញ្ហានឹងមានសារៈសំខាន់ណាស់។ វាទាមទារឲ្យមានប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈមួយដែលមានភាពបត់បែន ដែលរៀបចំ និងបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជនដើម្បី "ដឹងជីពចរ" សេដ្ឋកិច្ចពិត និងតម្រូវការជាក់ស្តែងរបស់វាដែលអាចអនុវត្តបាន។
នៅក្នុងតំបន់មានបច្ចេកវិទ្យាខ្ពស់ដូចជាវិស័យឧស្សាហកម្មឌីជីថល វិស័យឯកជនគួរតែដឹកនាំផ្តួចផ្តើម ព្រោះពួកគេមានធនធានគ្រប់គ្រាន់ដើម្បីសម្រួលការបណ្តុះបណ្តាលដែលមានស្រាប់ឲ្យបត់បែនបានលឿនរហ័សទៅតាមតម្រូវការ។ គំនិតនៃការរៀនជំនាញបន្ថែម និងការរៀនសូត្រពេញមួយជីវិត គួរតែត្រូវបានជំរុញដោយវិស័យឯកជន ព្រោះនិយោជិកជាច្រើនមិនមានលក្ខណៈគ្រប់គ្រាន់ ហើយនឹងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យបាត់បង់ការងារ ដោយសារការផ្លាស់ប្តូរបច្ចេកវិទ្យា។
ផ្អែកលើអត្ថប្រយោជន៍នៃការប្រកួតប្រជែងដែលមានស្រាប់ និងការបង្កើតសមត្ថភាពដំណាក់កាលដំបូង ខេត្តដែលត្រូវបានជ្រើសរើសគួរតែគាំទ្រសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថានពហុបច្ចេកវិទ្យារបស់ខ្លួនដែលមានស្រាប់ ដោយប្រែខ្លួនគ្រឹះស្ថានទាំងនេះទៅជាមជ្ឈមណ្ឌលនៃចំណេះដឹង មជ្ឈមណ្ឌលនៃគំនិតច្នៃប្រឌិត និងមជ្ឈមណ្ឌលនៃការដាក់ដំណើរការ (KIAH) សម្រាប់ឧស្សាហកម្មពិសេសដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យាវាយនភ័ណ្ឌ ឌីជីថលូបនីយកម្ម វិស្វកម្មអេឡិចត្រូនិច ឬ វិស្វកម្មមេកានិក។ ឧទាហរណ៍ មជ្ឈមណ្ឌលទាំងនេះអាចអភិវឌ្ឍនៅខេត្តបាត់ដំបងសម្រាប់វិស័យចំណីអាហារ និងកសិកែច្នៃ នៅខេត្តសៀមរាបសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅខេត្តបន្ទាយមានជ័យសម្រាប់វិស័យឧស្សាហកម្មបច្ចេកទេសដូចជាផលិតឧបករណ៍ប្រើប្រាស់ ឬអេឡិចត្រូនិច និងនៅក្រុងភ្នំពេញសម្រាប់វិស្វកម្មបច្ចេកវិទ្យាឌីជីថល និងវាយនភ័ណ្ឌ។ មជ្ឈមណ្ឌលទាំងនេះអាចផ្តល់នូវចំណេះដឹងចុងក្រោយបង្អស់ លើកកម្ពស់ការច្នៃប្រឌិត ផ្តល់ដំណោះស្រាយបច្ចេកទេស និងផ្តល់កម្លាំងពលកម្មដែលមានសមត្ថភាពសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការនៅក្នុងវិស័យទាំងនោះ។
កត្តាទាំងនេះក៏អាចផ្តល់នូវការផ្សារភ្ជាប់រវាងក្រុមហ៊ុនវិនិយោគបរទេសដំណើរការដូចជា តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនកម្ពុជាដែលធ្វើការជាអ្នកម៉ៅការបន្ត និងអ្នកផ្គត់ផ្គង់។
ខណៈពេលដែលវិស័យខ្លះនឹងត្រូវចុះខ្សោយ វិស័យផ្សេងទៀតនឹងទទួលបានផលប្រយោជ៍ពីឥទ្ធិពលនៃជំងឺរាតត្បាតកូវីត។ អតិថិជនប្រើប្រាស់ អាជីវកម្ម និងរដ្ឋាភិបាលនឹងមានការយល់ដឹងកាន់តែច្រើនអំពីបញ្ហាសុខភាព និងសុវត្ថិភាព រួមទាំងវិធីការពារជំងឺរាតត្បាតនាពេលអនាគត។ ការរំកិលទៅរកប្រភពថាមពលស្អាតនឹងមានសន្ទុះកាន់តែខ្លាំង។ ស្វ័យប្រវត្តិកម្មនៃការអនុវត្តផលិតកម្មទំនងជានឹងមានការរីកចម្រើន រីឯឌីជីថលូបនីយកម្មក្នុងបរិយាកាសឯកជន និងប្រកបវិជ្ជាជីវៈនឹងបន្តកើនឡើងផងដែរ។ ការធ្វើពិពិធកម្មទាក់ទងនឹងអតិថិជន តំបន់ និងការទទួលបានដើមទុននឹងកាន់តែមានសារៈសំខាន់។ កត្តាជោគជ័យ និងគំរូរបស់ក្រុមហ៊ុនសម្រាប់យុគសម័យក្រោយកូវីត១៩ នឹងមានការផ្លាស់ប្តូរ។ សរុបសេចក្តីមក បញ្ហាប្រឈមថ្មីសម្រាប់ប្រទេសកម្ពុជានឹងកើតមាន។ ប៉ុន្តែកម្ពុជាក៏នឹងទទួលបានការសន្យានៃឱកាសថ្មីៗផងដែរ៕
អំពីអ្នកនិពន្ធ
-លោក Christian Berger គឺជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា
-លោកបណ្ឌិត Stefan Hanselmann គឺជានាយកកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងកម្មវិធីគាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់ GIZ