ជាតិ
ព្រះមហាក្សត្រ
ព្រះករុណា ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​រំលែក​ទុក្ខ​ពលរដ្ឋ​លី​បង់​
05, Aug 2020 , 9:05 pm        
រូបភាព
ព្រះករុណាព្រះមហាក្សត្ររំលែកទុក្ខរដ្ឋាភិបាល និងពលរដ្ឋលីបង់ចំពោះសោកនាដកម្ម​ផ្ទុះឃ្លាំងផ្ទុក​សារធាតុគីមីនៅបេរូត​
ព្រះករុណាព្រះមហាក្សត្ររំលែកទុក្ខរដ្ឋាភិបាល និងពលរដ្ឋលីបង់ចំពោះសោកនាដកម្ម​ផ្ទុះឃ្លាំងផ្ទុក​សារធាតុគីមីនៅបេរូត​
ដោយ: រួបរួម
ព្រះករុណា​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ Michel Aoun ប្រធានាធិបតី​លី​បង់ ដើម្បី​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​នៃ​ការផ្ទុះ​ឃ្លាំង​ស្តុក​អា​ម៉ូ​ញ៉ូ​ម​នីត្រាត នៅ​កំពង់ផែ​មួយនា​ក្រុង​បេ​រូត កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែសីហា​។​



«​ជា​រឿង​ដ៏​សោកសៅ​បំផុត ក្រោយ​ខ្ញុំ​បានទទួល​ដំណឹង​អំពី​សោកនាដកម្ម​នៃ​ការផ្ទុះ​ផ្ទួនៗ ដែល​បាន​កើតឡើង​នៅ​កំពង់ផែ​នៃ​ទីក្រុង​បេ​រូត កាលពី​ម្សិលមិញ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់ និង​រាប់ពាន់នាក់​របួស​»​។ នេះ​ជា​ខ្លឹមសារ​នៃ​ព្រះរាជសារ​របស់​ព្រះប្រមុខរដ្ឋ​កម្ពុជា​។​

​ព្រះមហា​ក្សត បាន​មាន​ព្រះរាជចំណារ​តាំង​នាម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុងការ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏ដូចជា​ការបង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​លី​បង់​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ​។​

​ឧប្បទ្ទវហេតុ​ផ្ទុះ​ចំនួន​ពីរលើក​បន្តបន្ទាប់​គ្នា​នៅក្នុង​ទីក្រុង​បេ​រូត របស់​លី​បង់ បាន​បង្ក​ឲ្យ​មាន​វិនាស​សកម្ម​យ៉ាងខ្លាំង​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រដ្ឋធានី​លី​បង់ និង​ប្រជាជន​ក្នុង​ទីក្រុង​។ មនុស្ស​យ៉ាងហោចណាស់​មនុស្ស​ជាង​១០០​នាក់ បាន​បាត់​បង់ជីវិត និង ជាង​៤​ពាន់​នាក់​រងរបួស ចំណែក​មនុស្ស​ជាច្រើន​នាក់​ទៀត បាន​បាត់​ខ្លួន​។ ការបាក់​បែក​សំណង់​អាគារ និង​ការ​ដាច់​ភ្លើងអគ្គិសនី ធ្វើ​ឲ្យ​អាជ្ញាធរ​ជួប​បញ្ហា​ពិបាក​ស្វែងរក​ប្រជាជន ដែល​បាន​បាត់​ខ្លួន​។
 
​អាជ្ញាធរ​លី​បង់ មិនទាន់​រកឃើញ​មូលហេតុ​ផ្ទុះ​នៅឡើយ​ទេ​។ ប៉ុន្តែ​គេ​សង្ស័យថា ករណី​ផ្ទុះ​កើតចេញពី​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (Ammonium nitrate) ដែលមាន​ចំនួន​ប្រមាណ​២៧០០​តោន នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បេ​រូត ដែល​ត្រូវបាន​ស្តុក​ទុក​តាំងពី​ឆ្នាំ​២០១៤​មក​។ សារធាតុ​គីមី​នេះ អាច​យក​ប្រើប្រាស់​ជា​ជី និង​ជា​សមាសធាតុ​នៃ​គ្រឿងផ្ទុះ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera៕



© រក្សាសិទ្ធិដោយ thmeythmey.com