ជាតិ
សេដ្ឋកិច្ច
អាជីវកម្ម​ទេសចរណ៍​ចុះបញ្ជី ទទួលបាន​ការលើកលែង​ពន្ធ​គ្រប់​ប្រភេទ​រយៈពេល​២​ខែ​ទៀត​
06, Aug 2020 , 10:31 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​បន្ត​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​ពីរ​ខែ​បន្តទៀត ចំពោះ​អាជីវកម្ម​ទេសចរណ៍ ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ទីភ្នាក់ងារ​ទេសចរណ៍ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅតាម​បណ្ដា​ខេត្ត​ទេសចរណ៍​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ ការលើកលែង​ពន្ធ​នេះ ជាការ​ចូលរួម​របស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ផលប៉ះពាល់​វិស័យ​ទេសចរណ៍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិបទ​កូ​វីដ​-១៩​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​៣១ កក្កដា​។

 
​បើតាម​ការសម្រេច​នេះ អាជីវកម្ម​ដែល​ស្ថិតនៅតាម​តំបន់​សក្ដានុពល​ទេសចរណ៍​ដូចជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប កំពត ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត នឹង​ត្រូវបាន​លើកលែង​ពន្ធ​រយៈពេល​ពី​ខែ​បន្ថែមទៀត ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​
 
​សម្រាប់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែល​បាន​ព្យួរ ឬ​នឹងត្រូវ​ព្យួរ ត្រូវដាក់​ពាក្យ​ស្នើរ​សុំ​ព្យួរ​កិច្ចសន្យាការងារ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​តាមរយៈ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក ពី​សំណាក់​រដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីសម្រេច​ដដែល​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍ បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្រៅតែពី​ការលើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ក្រសួង​ក៏បាន​រៀបចំ​សេចក្ដីព្រៀង​គោលការណ៍​ណែនាំ​ស្ដីពី ការធ្វើដំណើរ​ដោយ​កន្លែង (Travel Bubble or One way Closed-loop Charted Plane) ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យ​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាង​មុន​ផងដែរ​។ ក្រសួងទេសចរណ៍ បាន​ពន្យល់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែល​ផ្សាយ​នៅ​ថ្ងៃទី​៤ សីហា​ថា សេចក្ដីព្រៀង​គោលការណ៍​ណែនាំ​នេះ គឺជា​កញ្ចប់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​អ​ន្ត​រ​ជាតិ ដែលមាន​ការគ្រប់គ្រង​ត្រឹមត្រូវ ពី​បណ្ដា​តំបន់ ឬ​ប្រទេស​ដែលមាន​សុវត្ថិភាព​ពី​កូ​វីដ​-១៩​។ ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​ការទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដោយ​កន្លែង Travel Bubble នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អះអាងថា ត្រូវមាន​ការឯកភាព​គាំទ្រ ពី​ក្រសួងសុខាភិបាល និង​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជាមុនសិន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com