អន្តរជាតិ
សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ចុះថយ​៩,៥%​ពី​ខែមេសា​ដល់​ខែមិថុនា​
06, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្លាកដាក់ជួលនៅខាងក្រៅហាងមួយដែលបិទទ្វារអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅរដ្ឋ Florida កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ស្លាកដាក់ជួលនៅខាងក្រៅហាងមួយដែលបិទទ្វារអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ នៅរដ្ឋ Florida កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក​បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា​ថា ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូ​រ៉ូ​ណា​សេដ្ឋកិច្ច​ខ្លួន​បាន​ធ្លាក់ចុះ​៩,៥%​ពី​ខែមេសា​ដល់​ខែមិថុនា​ដែលជា​ការ​ចុះថយ​ប្រចាំត្រីមាស​ខ្លាំង​បំផុត​ក្នុងពេល​៧​ទសវត្សរ៍​។

 
​ការ​ចុះថយ​សេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​ពីរបាន​នាំឱ្យមាន​ការធ្លាក់ចុះ​ឆ្នាំ​ដល់​៣២,៩% សម្រាប់​រយៈពេល​មួយឆ្នាំ​។​
 
​ការ​ចុះថយ​ចំនួន​បី​ខែ​នេះ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​រាយ​ការណ៍ រួមផ្សំ​ជាមួយ​ការធ្លាក់ចុះ​៤,៨%​ពី​ខែមករា​ដល់​ខែមីនា​បានដាក់​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ​ក្នុង​ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅពេល​ប្រទេស​អាមេរិក​តស៊ូ​ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​។ ការ​រាតត្បាត​ជា​សាកល​នេះ​ជំងឺ​នេះ​មិនទាន់បាន​ត្រូវ​បង្ក្រាប​នៅឡើយ​។ ករណី​អ្នក​ឆ្លង​ជំងឺ​ថ្មី​កំពុង​កើនឡើង​។ ជនជាតិ​អាមេរិកាំង​ស្លាប់​អស់​ជាង​១​សែន​៥​ម៉ឺន​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​កើន​ដល់​ជាង​៤​លាន​៤​សែន​នាក់​ហើយ​។​
 
​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយសារ​វីរុស​នេះ​នៅតែ​មិន​ថមថយ​ទេ​។ ក្រ​សូង​ការងារ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា កាលពី​សប្តាហ៍​ទី​បី​នៃ​ខែកក្កដា មាន​អ្នកធ្វើការ​១​លាន​៤​សែន​នាក់​ទៀត​បានដាក់​ពាក្យសុំ​ប្រាក់​ជំនួយ​នៅពេល​គ្មាន​ការងារ​ធ្វើ​ដែលជា​ល្បឿន​នៃ​ការដាក់​ពាក្យសុំ​ប្រាក់​ជំនួយ​នៅពេល​គ្មាន​ការងារ​ធ្វើ​នៅពេលនេះ​និង​ច្រើន​អាទិត្យ​មកហើយ​។ អ្នកធ្វើ​ការប្រមាណ ១៧​លាន​នាក់​នៅតែ​មិនទាន់មាន​ការងារ​ធ្វើ ហើយ​ចាប់តាំងពី​ខែមីនា​មក មាន​មនុស្ស​៥៣​លាន​៨​សែន​នាក់​បានទទួល​ប្រាក់​ធានារ៉ាប់រង​នៅពេល​គ្មាន​ការងារ​ធ្វើ​។​
 
​លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ ទី​២៩ ខែកក្កដា​ថា កំណើន​ថ្មី​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ដាក់ឱ្យ​មានការ​គំរាមកំហែង​ថ្មីៗ​ដល់​សេដ្ឋកិច្ច​។ អ្នកធ្វើការ​រាប់លាន​នាក់​បាន​វិលត្រឡប់​ទៅធ្វើ​ការ​វិញ ក៏ប៉ុន្តែ​និយោជក​រាប់ពាន់នាក់​នៅតែ​បញ្ឈប់​អ្នកធ្វើការ​មិនឱ្យ​ធ្វើការ​តទៅទៀត​ឬ​បាន​ផ្អាក​ការបើក​ធ្វើ​ធុរកិច្ច​ជាថ្មី​នៅពេល​វីរុស​កូ​រ៉ូ​ណា​កំពុង​រាលដាល​ជាពិសេស​នៅក្នុង​រដ្ឋ​ធំៗ​ដូចជា​រដ្ឋ Florida Texas និង​រដ្ឋ California ជាដើម​។​
 
​លោក Jerome Powell បាន​មានប្រសាសន៍ថា​៖ «​ទិន្នន័យ​ទំនង​បង្ហាញ​អំពី​ល្បឿន​យឺត​នៃ​ការ​រើប​ឡើងវិញ​។ ខ្ញុំ​ចង់​គូសបញ្ជាក់ថា​ជាការ​ឆាប់​ពេក​ដែល​និយាយ​អំពី​ទំហំ​នៃ​ការ​រើប​សេដ្ឋកិច្ច​និង​អំពី​ថា​តើ​ការ​រើប​នេះ​នឹងមាន​រយៈពេល​ត្រឹមណា​»​។​
 
​លោក Powell បាន​និយាយថា វិធានការ​ខ្លះ​នៃ​ចំណាយ​របស់​ក្រុម​អ្នកប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ​ដូចជា​ការប្រើ​បណ្ណ​កាត់​ប្រាក់​ពី​គណនេយ្យ​ធនាគារ​និង​បណ្ណ​ឥណទាន​បាន​ចុះថយ​ចាប់តាំងពី​ចុងខែ​មិថុនា​នៅពេល​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​កើនឡើង​ច្រើន បន្ទាប់ពី​មានការ​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុនពេល​នោះ​។​
 
​លោក Jerome Powell  បាន​មានប្រសាសន៍ថា សញ្ញា​បញ្ជាក់​អំពី​ផ្សារ​ការងារ​បង្ហាញថា​មាន​កំណើន​ការងារ​យឺតៗ​ហើយ​អត្រា​ភ្ញៀវ​ស្នាក់​ក្នុង​សណ្ឋាគារ​មាន​តិច​។ លោក​បាន​ថ្លែងថា ពលរដ្ឋ​អាមេរិកាំង​មិន​ទៅ​ភោជនីយដ្ឋាន កន្លែង​ចាក់​សាំង និង​ហាង​ធ្វើ​សក់​យ៉ាង​ញឹកញយ​ដូចដែល​ពួកគេ​បានធ្វើ​កាលពី​ដើមរដូវ​ក្តៅ​នោះទេ​។​
 
​លោក​បាន​និយាយថា ការ​រើប​សេដ្ឋកិច្ច​ពេញលេញ​អាស្រ័យ​លើ​សមត្ថភាព​របស់​ប្រទេស​ក្នុងការ​គ្រប់គ្រង​វីរុស​កូ​រ៉ូ​ណា​ដែល​រហូតមក​ដល់ពេលនេះ​អាជ្ញាធរ​អាមេរិកាំង​មិនទាន់​អាចធ្វើ​បាន​នៅឡើយ​ទេ​។​
 
​លោក Jerome Powell បាន​មានប្រសាសន៍​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​ថា​៖ «​ការ​រើប​សេដ្ឋកិច្ច​ពេញលេញ​មិន​ទំនងជា​នឹងមាន​ទេ​រហូតដល់​ពេលណា​ពល​រដ្ឋ​មានការ​ទុកចិត្ត​ថា​មាន​សុវត្ថិភាព​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ដោយ​ទូលំទូលាយ​»​។​
 
​មន្ត្រី​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​សំខាន់ៗ​ទស្សន៍ទាយ​ថា ការ​រើប​សេដ្ឋកិច្ច​ពេញលេញ​របស់​ប្រទេស​អាមេរិក​ពី​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​នឹងត្រូវ​ការ​ពេល​យូរ​គឺ​រហូតដល់​ឆ្នាំ​២០២១​។​
 
​ធនាគារកណ្តាល​អាមេរិក​បាន​ទស្សន៍ទាយ​ថា ការគ្មានការងារធ្វើ​ក្នុង​សហរដ្ឋអាមេរិក​នឹង​ល្អប្រសើរ​ជាង​មុន គឺមាន​ចំនួន ៩,៣%​នៅ​ដំណាច់ឆ្នាំ​២០២០​និង​ធ្លាក់​មក​នៅ​ចំនួន ៦,៥%​នៅ​ដំណាច់​ឆ្នាំក្រោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com