COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ដកខ្លួនមិនចូលរួមការពារជើងឯក US Open ឆ្នាំនេះ ព្រោះខ្លាច COVID-19
× Rafael Nadal កីឡាករវាយកូនបាល់លំដាប់ទី ២ របស់ពិភពលោក នៅថ្ងៃទី៤ សីហាប្រកាសថា មិនចូលរួមប្រកួតប្រជែងដើម្បីការពារជើងឯកក្នុងកម្មវិធី US Open ឆ្នាំនេះឡើយ ពីព្រោះរូបគេបារម្ភពីជំងឺរាតត្បាត COVID-19 ដែលកំពុងរាលដាលខ្លាំងនៅទឹកដីអាមេរិក។
Nadal ដែលជាម្ចាស់ជើងឯកពានលំដាប់ Grand Slam នេះ កាលពីឆ្នាំមុនបានសរសេរលើបណ្តាញសង្គម Twitter ថា៖ «បន្ទាប់ពីគិតពិចារណារួចមក ខ្ញុំបានសម្រេចចិត្តមិនចូលរួមក្នុងកម្មវិធី US Open ឆ្នាំនេះទេ។ ស្ថានការណ៍សព្វថ្ងៃមានភាពស្មុគស្មាញនៅទូទាំងពិភពលោកដែលគ្របដណ្តប់ទៅដោយជំងឺ COVID-19។ មិនត្រឹមមិនអាចគ្រប់គ្រងបាន ជំងឺរាតត្បាតសកលនេះកំពុងតែកើនឡើងគួរឲ្យបារម្ភ»។
កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ វ័យ៣៤ឆ្នាំ បន្ថែមថា នេះមិនមែនជារឿងងាយនោះទេដែល US Open នៅតែអាចបន្តការប្រកួតនៅឆ្នាំនេះបាន ហើយរូបគេក៏បានអរគុណដល់កិច្ចប្រឹងប្រែងរបស់ម្ចាស់ផ្ទះអាមេរិកផងដែរ។ ដូចបានដឹងស្រាប់ហើយថាព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានផ្អាកដែលមានរយៈជាង៤ខែមកហើយ ប៉ុន្តែទោះយ៉ាងនេះក្តី Nadal នៅតែសម្រេចមិនចូលរួម។
«នេះគឺជាការសម្រេចចិត្តដែលខ្ញុំមិនដែលចង់ធ្វើឡើយ ប៉ុន្តែខ្ញុំបានចម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្ញុំនៅពេលនេះ ខណៈនេះជាពេលវេលាដែលខ្ញុំមិនចង់ធ្វើដំណើរនោះឡើយ»។ Nadal ម្ចាស់ជើងឯក US Open ៤សម័យកាលបញ្ជាក់ដូច្នេះ។
ក្រៅពី Nadal កីឡាការិនីវាយកូនបាល់លំដាប់ទី១ពិភពលោក Ash Barty ក៏បានប្រកាសដកខ្លួនពីកម្មវិធី US Open ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា។ កីឡាការិនីសញ្ជាតិអូស្ត្រាលីរូបនេះបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីជំងឺ COVID-19។
គិតមកទល់ពេលនេះ អាមេរិកនៅតែមានករណីឆ្លង និងស្លាប់ច្រើនជាងគេលើលោក ដោយក្នុងនោះឆ្លងជិត៥លាននាក់ ស្លាប់ជាង១៦ម៉ឺននាក់ និងសះស្បើយជិត២លានកន្លះ៕
Tag:
Rafael Nadal
COVID-19
US Open
© រក្សាសិទ្ធិដោយ thmeythmey.com