ជាតិ
​ក្រសួងទេសចរណ៍ និង​ទីភ្នាក់ងារ​ស្វី​ស SDC រួមគ្នា​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅ​ភាគ​ឦសាន​
07, Aug 2020 , 7:59 am        
រូបភាព
ដោយ:
​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ (SDC) លើ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍​នៅ​ភូមិភាគ​ឦសាន សម្រាប់​ឆ្នាំ​២០២០-២០២៤​។ ការអនុវត្តន៍​គម្រោង​នេះ​មាន​គោលដៅ​ក្នុងការ​ជំរុញ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។​នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​។​

 
​ក្រសួងទេសចរណ៍​បានឱ្យដឹងថា កម្មវិធី​អភិវឌ្ឃន៍​ជំនាញ​ដំណាក់កាល​ទី​ពីរ​នេះ នឹងធ្វើ​ឡើង​នៅតាម​ខេត្ត​គោលដៅ​ចំនួន​៥​រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តព្រះវិហារ​។ 
 
​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ក្នុង​ពេលនេះ ធ្វើឡើង​ស្របពេល​វេលា និង​ស្របតាម​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស​ការជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី និង​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច​»​។​
 
​លោក​បាន​បន្តទៀតថា គម្រោង​នេះ​ក៏បាន​ចូលរួម​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួងទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ លើ​ការអប់រំ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ក្នុង​បរិបទ​ខេត្ត​គោលដៅ​ទេសចរណ៍ និង​ចូលរួម​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស​សម្រាប់​បម្រើ​ក្នុង​វិស័យនេះ​។​
​គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​តាមរយៈ​គ​ម្រោ​ង​អភិវឌ្ឍន៍​ជំហាន​ទី​១ ក្រសួងទេសចរណ៍​បាន​សហ​ការណ៍​ជាមួយនឹង​ទីភ្នាក់ងារ​ស្វី​ស​(SDC) ដោយបាន​បណ្ដុះបណ្ដាល​សិក្ខាកាម លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​អ្នកវាយតម្លៃ​បង្គោល សរុប​ចំនួន​១,១១៧​រួចមកហើយ​។​
 
​ដោយឡែក គិត​ត្រឹម​រយៈពេល​ពេញ​មួយខែ​កក្កដា ឆ្នាំ​២០២០​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជាង​៧៤​ម៉ឺន​នាក់ កើនឡើង​១៥,២% ធៀប​នឹង​ខែមិថុនា ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ជាង​៧២​ម៉ឺន​នាក់ កើនឡើង​១៥,៣៥% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​១៦,៧៩០​នាក់ កើនឡើង​៩,៩៩%​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com