COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ពិភាក្សា​ជាមួយ​ចិន​ដើម្បី​ចុះ MoU ទទួលបាន​វ៉ាក់សាំង COVID-19 មុនគេ​
06, Aug 2020 , 7:29 pm        
រូបភាព
វ៉ាក់សាំងCOVID-19ដែលកំពុងអភិវឌ្ឍ។រូបភាព៖AFP
វ៉ាក់សាំងCOVID-19ដែលកំពុងអភិវឌ្ឍ។រូបភាព៖AFP
ដោយ:
​ម៉ាឡេស៊ី កំពុង​ពិភាក្សា​ជាមួយ​ចិន លើ​លទ្ធភាព​នៃ​ការចុះ​អនុស្សារណៈ​យោគយល់ (MoU) ដើម្បី​អាច​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 របស់​ចិន​នៅពេលដែល​វា​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​បាន​។ នេះ​ជាការ​អះអាង​របស់លោក Khairy Jamaluddin រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៥ សីហា​។​

 
«​ខ្ញុំ​បាន​ជួបពិភាក្សា ជាមួយ​សម​ភាគី​ចិន​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដោយនិយាយ​ពី​លទ្ធភាព​ក្នុង​ការចុះ​អនុស្សារណៈ​យោគយល់ ដើម្បី​ឲ្យ​ម៉ាឡេស៊ី​អាច​ទទួលបាន​វ៉ាក់សាំង​ភ្លាមៗ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី Khairy Jamaluddin ក្នុង​កិច្ចប្រជុំសភា​ម៉ាឡេស៊ី ដោយ​ថែមទាំង​កត់សម្គាល់​ទៀតថា ចិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង COVID-19 ។ 
 
​លោក Khairy ក៏បាន​បន្ថែម​ផងដែរ​ថា រដ្ឋមន្ត្រីការបរទេស Hishammuddin Hussein នឹង​ជជែក​ជាមួយ​សម​ភាគី​ចិន​នៅ​ថ្ងៃទី​១២ សីហា ហើយ​អនុស្សារណៈ​យោគយល់ និង​វ៉ាក់សាំង​ត្រូវបាន​រួមបញ្ចូល​ក្នុង​របៀបវារៈ​រួចហើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ ទោះជា​យ៉ាងណាក្តី វ៉ាក់សាំង​នេះ​អាច​ប្រើ​បាន ដរាបណា​ទីភ្នាក់ងារ​និយ័ត​ករ​ឱសថ​ជាតិ រកឃើញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។​
 
​រដ្ឋមន្ត្រី​ដដែល​បាន​លើកឡើងថា នៅពេលនេះ​ប្រទេស​នីមួយៗ​កំពុង​ស្វែងរក​វ៉ាក់សាំង ដែល​នាំ​ឲ្យ​ក្លាយជា​ការទូត​វ៉ាក់សាំង​។ លោក Khairy បន្តថា ដោយសារតែ​ការទូត​វ៉ាក់សាំង​នេះហើយ ទើប​គេ​ឃើញ​ប្រទេស​ជឿនលឿន​ដូចជា​អាមេរិក អឺរ៉ុប និង​អង់គ្លេស​ជាដើម​បាន​ទិញ​ទុកជាមុន​វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឱសថ​របស់​ប្រទេស​លោកខាងលិច​។ ជា​លទ្ធផល​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ​ត្រូវ​នៅ​រង់ចាំ​ក្រោយ​គេ​។​
 
 
​ក្នុងករណី​ទទួលបាន​វ៉ាក់សាំង ក្រុមហ៊ុន​ឱសថ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Duo Pharma និង​Pharmaniaga ត្រូវបាន​អនុញ្ញាត​ឲ្យ​វ៉ាក់សាំង​ទាំងនោះ​ទៅ​បំពេញ និង​បញ្ចូល​ទៅក្នុង​កូន​ដប​តូចៗ​ចំណុះ ១០ ឬ ៥០ មី​លី​លីត្រ ព្រោះ​ម៉ាឡេស៊ី​នឹង​ទិញ​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​។​
 
​គួរ​រំលឹក​ផងដែរ​ថា ចិន បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​សម្រាប់​ការប្រើប្រាស់​ទូទៅ​ដល់​ប្រទេស​ទាំងអស់ ហើយ កន្លងមក មេដឹកនាំ​ចិន ក៏បាន​សន្យា​ចំពោះមុខ​មេដឹកនាំ​ប្រទេស​មួយចំនួន​ដូចជា​កម្ពុជា និង​ហ្វីលីពីន និង​បណ្តា​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​រូ​ច​ហើយ​ដែរ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងករណី​ម៉ាឡេស៊ី គឺ​ប្រទេស​នេះ​មិន​ត្រឹមតែ​និយាយ​ទេ ប៉ុន្តែ​មានបំណង​ក្នុងការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​ចិន​៕

Tag:
 ចិន​
  ម៉ាឡេស៊ី​
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com