កីឡាជាតិ
ជាតិ
ក្លិប​នគរបាលជាតិ​រំពឹង​កីឡាករ ម៉ាត់ យ៉ា​មីន ជួយ​បំពេញ​ចំណុច​ខ្វះខាត​ក្នុង​តំបន់​បម្រើ
06, Aug 2020 , 3:32 pm        
រូបភាព
កីឡាករ ម៉ាត់ យ៉ាមីន ចុះកិច្ចសន្យាចូលរួមជាមួយក្លិបបាល់ទាត់នគរបាលជាតិ
កីឡាករ ម៉ាត់ យ៉ាមីន ចុះកិច្ចសន្យាចូលរួមជាមួយក្លិបបាល់ទាត់នគរបាលជាតិ
ដោយ:
​ក្លិប​នគរបាលជាតិ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២០ នេះ បានប្រកាស​ពី​ការចូលរួម​របស់​កីឡាករ ម៉ាត់ យ៉ា​មីន អតីត​ខ្សែបម្រើ​របស់​ក្លិប​បឹងកេត​។ ក្លិប​នេះ​រំពឹងថា យ៉ា​មីន នឹង​អាចជួយ​បំពេញ​ចំណុច​ខ្វះខាត​ក្នុង​តំបន់​បម្រើ​របស់ខ្លួន សម្រាប់​ជំនួប​ជើង​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។

 
​លោក សារ៉េត ស៊ីដន អ្នកចាត់ការ​ទូទៅ​ក្រុម​នគរបាលជាតិ មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​វត្តមាន​កីឡាករ ម៉ាត់ យ៉ា​មីន ក្រោយ​ចុះកិច្ចសន្យា​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ​។ លោក រំពឹងថា ខ្សែបម្រើ​រូបនេះ នឹង​រួមចំណែក​ជួយ​ពង្រឹង​ប្រព័ន្ធ​លេង​កាន់តែ​រឹងមាំ តាមរយៈ​ការជួយ​បំពេញ​ចំណុច​ខ្វះខាត​ក្នុង​តំបន់​បម្រើ​របស់​ក្លិប​នេះ​។ 
 
​គ្រូបង្វឹក​បណ្តោះអាសន្ន​រូ​ប​នេះ បាន​បន្ថែមថា មូលហេតុ​ដែល​ក្លិប​នគរបាលជាតិ​សម្រេច​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ ម៉ាត់ យ៉ា​មីន ដោយសារ​ក្លិប​មើលឃើញ​ពី​សមត្ថភាព និង​សក្តានុពល​របស់​ខ្សែបម្រើ​រូបនេះ​។ លោក ជឿជាក់ថា យ៉ា​មីន នឹងមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ជំនួស​ខ្សែបម្រើ ទិ​ត្យ ឌី​ណា ដែល​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​វិសាខា​កាលពី​អំឡុង​ឆ្នាំ​២០១៨​។ ហើយ​រូបគេ​នឹង​ក្លាយជា​ដៃគូ​សហការ​ដ៏​ល្អ​ជាមួយ​កីឡាករ អ៊ុ​ល រ៉ាវី​, មុំ សុធា​វ៉ាន់ និង ជ័យ ចិ​ត្រា ជាដើម​។  
 
​លោក​បាន​លើកឡើងថា​៖«​គាត់​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព​។ បញ្ហា​រឿង​អតីតកាល​ពួក​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គាត់ គឺ​មនុស្ស​យើង​តែងតែមាន​កំហុស​អ៊ីចឹង​យើង​ត្រូវ​ផ្តល់ឱកាស​ឲ្យ​គាត់ ហើយ​ឲ្យ​គាត់​បង្កើន​ការខិតខំ​ចូលរួម​ជាមួយ​ក្លិប​នគរបាលជាតិ ដើម្បី​បង្ហាញ​សមត្ថភាព​គាត់​ឲ្យ​ខ្លាំង​។ ទស្សនៈ​ខ្ញុំ គាត់​នឹង​អាច​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ បើ​គាត់​លេង​បានល្អ​ក្នុង​ក្រុម​នគរបាលជាតិ​»​។  
 
​លើសពីនេះ​អ្នកចាត់ការ​ទូទៅ​រូបនេះ​អះអាងថា ការចុះកិច្ចសន្យា​នេះ ក៏​ជាការ​ផ្តល់ឱកាស​សម្រាប់ ម៉ាត់ យ៉ា​មីន ក្នុងការ​ចាប់ផ្តើម​អាជីព​បាល់ទាត់​ឡើង​វី​ញ​ផងដែរ ក្រោយ​រូបគេ​អវត្តមាន​លើ​ទីលាន​វាលស្មៅ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​។ លោក​បាន​បន្ថែមទៀតថា ក្រោយ​ចុះកិច្ចសន្យា​ជាមួយ​នគរបាលជាតិ យ៉ា​មីន សន្យាថា រូបគេ​នឹង​ខិតខំ​ប្រឺ​ង​ប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ហើយ​ប្តេជ្ញា​ជៀសវាង​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​ផ្សេងៗ​ផងដែរ​។​
 
​កិច្ចសន្យា​រវាង​ក្លិប​នគរបាលជាតិ​ជាមួយ​កីឡាករ ម៉ាត់ យ៉ា​មីន មាន​សុពលភាព​រហូត​ដំណាច់ឆ្នាំ​២០២១​។ រូបគេ​អាច​បង្ហាញខ្លួន​ជាមួយ​ក្លិប​នេះ​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​បូ​ឌា​ន​លី​គ​ចាប់ពី​ជើង​ទី​២​។ ប៉ុន្តែ​សម្រាប់​ពានរង្វាន់​សម្តេច ហ៊ុន សែន រូបគេ​អាច​បង្ហាញខ្លួន ពេល​ការប្រកួត​ថ្នាក់ជាតិ​ចាប់ផ្តើម​។ 
 
​កីឡាករ ម៉ាត់ យ៉ា​មីន ត្រូវបាន​ក្លិប​បាល់ទាត់​បឹងកេត​បញ្ចប់​កិច្ចសន្យា​ទាំង​មិនទាន់​បើក​រដូវ​កាល ក្រោម​ហេតុផល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​ពី​ក្រមសីលធម៌​កីឡាករ​អាជីព កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​។ ការបញ្ចប់​កិច្ចសន្យា​នេះ ធ្វើឡើង​ក្រោយ​បែកធ្លាយ​រូបថត​កីឡាករ​រូបនេះ ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​៤០​នាក់ ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ការជួយ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ផ្លា​យ​នៅ​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​៨​ឈានចូល​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​២០២០៕  
 
 
 

Tag:
 បាល់ទាត់​
  សារ៉េត ស៊ីដន​
  នគរបាលជាតិ​
  ម៉ាត់ យ៉ា​មីន
© រក្សាសិទ្ធិដោយ thmeythmey.com