កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍​វាយកូនគោល​មួយ​នៅ​បារាំង រកបាន​ជំនួយ​សម្រាប់​កុមារ​ខ្មែរ​
06, Aug 2020 , 8:29 pm        
រូបភាព
ដោយ: ធីតា
​ទឹកប្រាក់​២៤៦០​អឺរ៉ូ (​ជិត៣០០០​ដុល្លារ​អាមេរិក​) ត្រូវ​ប្រគល់ជូន​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​។ ជំនួយ​សប្បុរសធម៌​នេះ កើតចេញពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល កាលពី​ថ្ងៃទី​២ ខែសីហា ដែល​រៀបចំ​ដោយ​បណ្តាញ​អង្គការ PSE ប្រចាំ​តំបន់ Loire-Atlantique, Maine-et-Loire និង Vendee នៅ​ប្រទេស​ប្រទេស​បារាំង​។​

 
​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Ouest-France លោកស្រី Emmanuel D’Argoeuves ប្រធាន PSE Loire-Océan បាន​លើកឡើងថា​៖ «​យើង​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​ស្វែងរក​ជំនួយ ដើម្បី​ឲ្យ​កុមារ​កម្ពុជា​អាច​ទៅ​សាលារៀន មាន​អាហារ​ហូបចុក និង​ជំនួយ​ផ្នែក​សុខភាព​»​។​
 
​លោកស្រី​បាន​បន្ថែមថា ជំនួយ​មួយចំនួន​ក៏​អាចជួយ​ដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ជំនាញ​ជាច្រើន​ទាំង​ក្មេងប្រុស និង​ក្មេងស្រី ហើយ​បញ្ហា​ប្រឈម​បន្ថែម​ដែល​ត្រូវ​យកចិត្តទុកដាក់​នោះ គឺ​ការកើនឡើង​ចំនួន​កុមារ​ពិការ​។​
 
​ព្រឹត្តិការណ៍​ប្រកួត​នោះ​មាន​អ្នកចូលរួម​ចំនួន​១៦៤​នាក់ ក្នុងនោះ​មាន​៨​នាក់​ជា​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​។ រង្វាន់​អនុស្សាវរីយ៍​ជាច្រើន​ត្រូវបាន​ផ្តល់​ឲ្យ​អ្នកចូលរួម ខណៈ​ទឹកប្រាក់​ចំនួន​២៤៦០​អឺរ៉ូ ដែល​ទទួលបាន​ពី​ការចុះឈ្មោះ ត្រូវបាន​លោក Raphael Tricot ប្រធាន​សមាគម​កីឡាវាយកូនគោល Pornic សម្រេច​ផ្តល់​ទៅ​អង្គការ PSE៕
 
 
 

Tag:
 PSE
© រក្សាសិទ្ធិដោយ thmeythmey.com