ពេទ្យ​កុមារ​អង្គរ​កាត់​សេវា​ព្យាបាល​កុមារ​មួយផ្នែកធំ​ដោយសារ​វិបត្តិ​កូ​វីដ​១៩
ជាតិ
ពេទ្យ​កុមារ​អង្គរ​កាត់​សេវា​ព្យាបាល​កុមារ​មួយផ្នែកធំ​ដោយសារ​វិបត្តិ​កូ​វីដ​១៩
06, Aug 2020 , 9:59 pm        
រូបភាព
​សៀមរាប​៖ វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​រាំងស្ទះ​ដល់​ការ​រៃអង្គាស​ថវិកា​ពី​ក្រៅប្រទេស ដែលជា​ជំនួយ​ដ៏​ធំ​សម្រាប់​ប្រតិបត្តិការ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។ ក្រៅពីនេះ ជំនួយ​ក្នុងស្រុក​ក៏​ធ្លាក់ចុះ ធ្វើឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​កុមារ​អង្គរ ច្របូកច្របល់ បារម្ភ​ពី​អនាគត​នៃ​មន្ទីរពេទ្យ​ដែល​ចាប់កំណើត​តាំងពី​ឆ្នាំ​១៩៩៩ មួយ​នេះ​។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ មន្ទីរពេទ្យ​បានប្រកាស​ពី​គម្រោង​កាត់បន្ថយ​សេវា​ព្យាបាល ហើយ​ផ្នែក​ខ្លះ​អាច​កាត់បន្ថយ​ការទទួល​ព្យាបាល​កុមារ​ពី​២០​ទៅ​៥០​ភាគរយ​។​
 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ខុសពី​តំបន់​ដទៃ ដែល​បង្ហាញ​ពី​ភាពស្ងប់ស្ងាត់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ដ៏​អាក្រក់​នេះ តែ​កុមារ​តូចធំ​ជាច្រើន​បាន​ចេញចូល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​ថមថយ​សោះ​។ មន្ទីរពេទ្យ​នេះ នៅតែ​ទទួលបាន​អ្នកជំងឺ​មិន​ក្រោម​៥០០​នាក់​ឡើយ​ជាប្រចាំ​ថ្ងៃ ដែល​បរិយាកាស​នេះ​ខុសពី​បរិយាកាស​ក្នុង​ការិយាល័យ​របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដែលមាន​ក្ដីបារម្ភ​ចំពោះ​ថវិកា​សម្រាប់​ប្រតិបត្តិការ​។​
 
​និយាយ​លាយឡំ​នឹង​ក្ដីបារម្ភ​ជាមួយ​អនាគត​របស់​មន្ទីរពេទ្យ លោក ងួន ច័ន្ទ​ភក្ដ្រា ដែលជា​នាយក​មន្ទីរពេទ្យ ឱ្យដឹងថា វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ​ដែល​បាន​គ្រោងទុក​។ វិបត្តិ​នេះ ធ្វើឱ្យ​មន្ទីរពេទ្យ​ពិបាក​រក​ថវិកា​ជាខ្លាំង ទាំង​ជំនួយ​ខាងក្រៅ​និង​ក្នុងស្រុក សុទ្ធ​តែមាន​កម្រិត​ទាប​ជាង​អ្វីដែល​រំពឹងទុក​។ ក្រៅពី​បន្ត​ព្យាយាម​រក​ថវិកា​សម្រាប់​បង្គ្រប់​ការចំណាយ​ក្នុង​ឆ្នាំ​២០២០​នេះ លោក ច័ន្ទ​ភក្ដ្រា ប្រាប់ថា មន្ទីរពេទ្យ​ព្យាយាម​កាត់បន្ថយ​អ្វីដែល​មិនចាំបាច់ ដោយ​ធ្វើយ៉ាងណា​អាចឱ្យ​ខ្លួន​បន្ត​ប្រតិបត្តិ​ការព្យាបាល​កុមា​រត​ទៅមុខទៀត​។
លោក​បន្តថា​៖« យើង​នឹង​អំពាវនាវ​ដល់​សប្បុរស​ជន​ខាងក្រៅ ដើម្បី​ជួយ​ប្រតិបត្តិការ​ឆ្នាំនេះ ព្រោះ​ឆ្នាំនេះ​យើង​មិនអាច​មានលទ្ធភាព​ក្នុង​ការរក​ថវិកា​បង្គ្រប់​ថវិកា​ចំណាយ​ក្នុង​ឆ្នាំ​២០២០​ទេ ដូច្នេះ​យើង​ទម្លាក់​ពី (​គម្រោង​ថិ​វ​កា​) ពី​៦,៥​លាន​ដុល្លារ មក​ត្រឹម ៥,៥​លាន ដើម្បី​ដំណើរការ​មន្ទីរពេទ្យ​...​សំខាន់បំផុត​គឺ​បញ្ហា​២០២១ ដែល​ប្រឈម​បញ្ហា​កូ​វីដ​១៩ វា​អាច​បន្ត​ប៉ះពាល់​ដល់​ឆ្នាំ ២០២១, ២០២២...»​។​
 
​សេវា​ព្យាបាល​មួយចំនួន នឹងត្រូវ​កាត់បន្ថយ ដោយ​កំណត់​ចំនួន​អ្នក​មក​ទទួល​សេវា​ព្យាបាល​ក្នុង​បរិមាណ​សមស្រប តាម​លទ្ធភាព​របស់​ម​ន្ទីរ​ពេទ្យ​។ លោក ច័ន្ទ​ភក្ដ្រា ពន្យល់ថា មន្ទីរពេទ្យ​សម្រេច​កាត់បន្ថយ​សេវា​ព្យាបាល​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ តាម​ថវិកា​ដែល​ខ្វះខាត​សម្រាប់​ចាយ​ឆ្នាំនេះ ក៏ដូចជា​សន្សំ​ខ្លះ​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២១​។ ចង់​មិន​ចង់ លោកនាយក​ប្រតិបត្តិ​អះអាងថា វា​នឹង​ប៉ះពាល់​ដល់​ការព្យាបាល​កុមារ ហើយ​ផ្នែក​ព្យាបាល​នីមួយៗ​ប្រឈម​នឹង​ការ​កាត់​សេវា​ព្យាបាល​ពី​២០​ទៅ​៥០​ភាគរយ​។​


 
​ក្រៅពី​ការ​ប្រឈម​កាត់បន្ថយ​លើ​សេវា​ព្យាបាល​ហើយ​នោះ លោក ច័ន្ទ​ភក្ដ្រា បង្ហើប​ថា នឹង​អាច​ប៉ះពាល់​ដល់​ផ្នែក​បុគ្គលិក​ផងដែរ​។ លោក​ពន្យល់ថា បុគ្គលិក​មួយចំនួន​នឹងត្រូវ​កាត់បន្ថយ​ម៉ោង​ធ្វើការ ប្រាក់ខែ ហើយ​មន្ទីរពេទ្យ​ពុំមាន​គោលការណ៍​រើស​បុគ្គលិក​ថ្មី​បន្ថែម​ជំនួស​បុគ្គលិក​ដែល​សុំ​ឈប់​ទៀត​ទេ តែ​យ៉ាងណា​នាយក​ប្រតិបត្តិ​រូបនេះ​អះអាងថា មន្ទីរពេទ្យ​នឹងមិន​បញ្ឈប់​បុគ្គលិក​នោះទេ គ្រាន់តែ​កាត់បន្ថយ​ប្រាក់ខែ​ក្នុង​កម្រិត​ណាមួយ​ប៉ុណ្ណោះ ដើម្បីឱ្យ​មន្ទីរពេទ្យ​បន្ត​ប្រតិបត្តិការ​ត​ទៅមុខទៀត​។​
 
​ជាប្រចាំ​ឆ្នាំ មន្ទីរពេទ្យ​កុមារ​អង្គរ​ត្រូវការ​ថវិកា​ចំនួន ៦,៥​លាន​ដុល្លារ ដែល​ក្នុងនោះ ៨៥​ភាគរយ ពឹង​លើ​ជំនួយ​រៃអង្គាស​ពី​សប្បុរសជន​ក្រៅ​ស្រុក  ១០​ភាគរយ​ពឹង​លើ​សប្បុរសជន​ក្នុងស្រុក និង​៥​ភាគរយ​ទៀត​ពឹង​លើ​កញ្ចប់​ថវិកា​ពី​រាជរដ្ឋាភិបាល​។ នៅ​ឆ្នាំ​២០១៩ ការប្រមូល​ថវិកា​ក្នុងស្រុក​បាន​កើន​ជា​លំដាប់ គឺ​ទទួលបាន​រហូត​១​លាន​ដុល្លារ​។ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ព្យាយាម​ធ្វើឱ្យ​មន្ទីរពេទ្យ​មាន​និរន្តរភាព ដោយ​ព្យាយាម​កាត់បន្ថយ​ជំនួយ​ពី​ក្រៅ​ស្រុក និង​ដាក់​ផែនការ​ធ្វើយ៉ាងណា​ឱ្យ​ការ​រៃអង្គាស​ពី​ក្នុង​និង​ក្រៅ​ស្រុក មាន​សមតុល្យ​គ្នា គឺ​៥០​ភាគរយ​ស្មើគ្នា​។ ក្នុងស្រុក មន្ទីរពេទ្យ​មួយ​នេះ​មាន​ក្ដី​រំពឹងថា នឹង​អាច​បញ្ចុះបញ្ចូល​ឱ្យ​អ្នកមាន​ធនធាន​មួយចំនួន ជួយ​លើ​ការងារ​នេះ​បាន​កាន់តែច្រើន​។ លើ​និរន្ដរភាព​មន្ទីរពេទ្យ​នេះដែរ ពិសេស​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​១៩​នេះ មន្ទីរពេទ្យ​កុមារ​អង្គរ ស្នើសុំ​កិច្ច​គាំទ្រ​ពី​មន្ទីរ​សុខាភិបាល និង​រដ្ឋបាលខេត្ត ជួយ​គាំទ្រ​កម្មវិធី​វិភាគទាន​ពី​គ្រួសារ​អ្នកជំងឺ តាម​លទ្ធភាព​ដែល​អាចជួយ​បាន​។ យ៉ាងណា លោក ច័ន្ទ​ភក្ដ្រា អះអាងថា សកម្មភាព​និង​ទស្សនៈវិស័យ​មន្ទីរពេទ្យ​នៅ​ដដែល គឺ​ទទួល​ព្យាបាល​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ពិសេស​កុមារ​ក្រីក្រ​។​
 
​កំពុង​អង្គុយ​លើ​គ្រែ​ជាមួយ​កូនស្រី​ដែលមាន​ជំងឺពកក អ្នកស្រី ហម អាវ មកពី​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បានមក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាង​១០​ថ្ងៃ​មកហើយ​។ កំឡុងពេល​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ ក្រៅពី​ទទួលបាន​សេវា​ព្យាបាល​ដ៏​ល្អ​ហើយ​នោះ អ្នកស្រី ហម អាវ ប្រាប់ថា ខ្លួន​ទទួលបាន​អង្ករ និង​ម្ហូបអាហារ​មួយចំនួន​ជាប្រចាំ​ថ្ងៃ​ពី​មន្ទីរពេទ្យ​ទៀត​។ ជា​អ្នក​ខ្វះខាត គ្មាន​លទ្ធភាព​យក​កូន​ទៅ​ព្យាបាល​ជំងឺ​នៅ​កន្លែង​ឯកជន អ្នកស្រី ហម អាវ បាន​សម្ដែង​ការដឹងគុណ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ជាខ្លាំង ដែល​បាន​ជួយ​ព្យាបាល​កូនស្រី​ក្នុង​កាលៈទេសៈ​នេះ​។​
 
​ចំណែក​លោក សាន់ ឆ័យ អាយុ​៣៦​ឆ្នាំ ដែល​ឧស្សាហ៍​នាំ​កូនតូច​លោក​មក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ទោះបី​ត្រូវ​ធ្វើដំណើរ​ពី​ស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង យ៉ាងណាក្ដី​។ លោក​ប្រាប់ថា កូនតូចៗ​របស់លោក​បាន​សះស្បើយ​ពី​ជំងឺ​ដោយសារ​ការមើល​ថែទាំ និង​ដាក់​ថ្នាំ​ល្អ​ពី​ក្រុមគ្រូពេទ្យ ពិសេស​ក្រុមគ្រូពេទ្យ​មាន​ក្រមសីលធម៌ និង​ឥរិយាបថ​ទន់ភ្លន់​មកលើ​គ្រួសារ​អ្នកជំងឺ​។​
 
​នៅក្បែរនោះ គឺ​អ្នកស្រី ខាន់ ស្រី​វីន ដែល​កំពុង​អង្គុយ​ក្បែរ​គ្រែ​កូន​កំពុង​គេង​លក់​ស្ងប់​ដោយសារ​អាកា​រៈ​ជំងឺ​ក្ដៅ​ខ្លាំង​។ អ្នកស្រី​ប្រាប់ថា ការ​មក​ទទួល​សេវា​ព្យាបាល​នៅទីនេះ​ដោយសារ​ការជឿជាក់​លើ​ក្រុមគ្រូពេទ្យ ណាមួយ​ដោយសារ​ជីវភាព​ខ្វះខាត​។ ក្នុងនាម​ជា​ពលរដ្ឋ​មួយរូប អ្នកស្រី​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ទៅតាម​លទ្ធភាព ដើម្បីឱ្យ​មន្ទីរពេទ្យ​អាច​បន្ត​ការព្យាបាល​កុមារ​ទៅ​ថ្ងៃមុខ​ទៀត​៕
 
 

Tag:
 មន្ទីរពេទ្យ​កុមារ​អង្គរ​
  សុខាភិបាល​
  កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com