COVID-19
អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក​និង Twitter លុប​ការ​បង្ហោះ​របស់លោក ត្រាំ ព្រោះ​មាន​ព័ត៌មាន​មិន​ពិត​
06, Aug 2020 , 4:06 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៥ ខែសីហា បាន​លុប​ចោលការ​បង្ហោះ​មួយ​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ក្រុមហ៊ុន​នេះ​បាន​អះអាងថា បាន​រំលោភបំពាន​បទបញ្ញត្តិ​របស់ខ្លួន​ទាក់ទង​ការចែករំលែក​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ជំងឺ COVID-19 ។ ការ​បង្ហោះ​ពី COVID-19 នេះ ក៏ត្រូវ​បាន​បណ្ដាញ​សង្គម Twitter តម្រូវ​ឲ្យ​ដកហូត​ដូចគ្នា​ផងដែរ​។

 
​ការ​បង្ហោះ​ដែល​ហ្វេ​ស​ប៊ុ​ក​លុបចោល​នោះ ជា​វីដេអូ​ឃ្លី​ប​មួយ​ពីបទ​សម្ភាស​រវាង​លោក ត្រាំ ជាមួយ​ទូរទស្សន៍​អាមេរិក Fox News ក្នុង​កម្មវិធី Fox & Friends ។ ក្នុង​បទ​សម្ភាស​នេះ លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា ក្មេងៗ គឺ​ស្ទើរ​តែមាន​ភាពស៊ាំ​ប្រឆាំង​ជំងឺ COVID-19 ។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បកស្រាយ​ដូច្នេះ​ថា​៖«​វីដេអូ​នេះ​មានការ​អះអាង​មិន​ត្រឹមត្រូវ ដែលថា មនុស្ស​មួយក្រុម គឺមាន​ភាពស៊ាំ​ប្រឆាំង COVID-19​។ នេះ​គឺជា​ការ​ល្មើស​គោលការណ៍​របស់​យើង​ជុំវិញ​ព័ត៌មាន​មិន​ពិត COVID-19 ដែល​អាច​បង្ក​ផលប៉ះពាល់​»​។ 
 
​ដូចគ្នានេះដែរ ការ​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម Twitter របស់​គណនី​ឈ្មោះ @TeamTrump របស់​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក​ត្រាំ ហើយ​ត្រូវបាន​ចែករំលែក​បន្ត​ដោយ​ប្រធានាធិបតី ក៏​ត្រូវបាន​បិទបាំង​ដោយ​ក្រុមហ៊ុន Twitter ផងដែរ ដោយសារ​បំពាន​បញ្ញត្តិ​ស្តីពី​ព័ត៌មាន​មិន​ពិត COVID-19 ។ 
 
​ទាក់ទិន​រឿងនេះ អ្នកនាំពាក្យ​ក្រុមហ៊ុន Twitter និយាយថា ម្ចាស់​គណនី @TeamTrump នឹង​តម្រូវ​ឲ្យ​លុប​ចោលការ​បង្ហោះ​នេះ  បើសិន​ពួកគេ​ចង់​បង្ហោះ​អ្វី​ផ្សេងទៀត​បាន​។​
 
​ទាក់ទង​ភាពស៊ាំ​ទល់នឹង COVID-19 មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង (CDC) អាមេរិក បញ្ជាក់ថា ខណៈ​ករណី​ឆ្លង COVID-19 ភាគច្រើន​កើត​ក្នុងចំណោម​មនុស្ស​ធំ កូនក្មេង​និង​ទារក​ខ្លះ​ក៏​ឈឺ ហើយ​ពួកគេ​ក៏​អាច​ចម្លង​ទៅ​អ្នក​ដទៃទៀត​ផងដែរ​។ នេះ​គឺ​ផ្ទុយគ្នា​នឹង​អ្វីដែល​លោក ត្រាំ និយាយ​នៅ​ទូរទស្សន៍ Fox News ។ 
 
​នេះ​គឺជា​លើកដំបូង​ដែល​ហ្វេ​ស​ប៊ុ​កលុប​ការ​បង្ហោះ​របស់លោក ត្រាំ ពាក់ព័ន្ធ​ព័ត៌មាន​មិន​ពិត COVID-19 ។ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ​និយាយ​បែបនេះ​។ កន្លងទៅ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​នេះ ក៏​ធ្លាប់​លុបចោល​ការផ្សាយពាណិជ្ជកម្ម​ពី​យុទ្ធនា​ការរក​សំឡេងឆ្នោត​របស់លោក​ត្រាំ ដោយ​ល្មើស​បទបញ្ញត្តិ​ស្តីពី​ព័ត៌មាន​មិន​ពិត​៕
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
  ព័ត៌មាន​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com