គម្រោង​ថែបំប៉ន​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​
ជាតិ
គម្រោង​ថែបំប៉ន​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​
06, Aug 2020 , 10:59 pm        
រូបភាព
 ​លោក ថាច់ ផាន់​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប លើក​បង្ហាញ​ត្រី​ប្រា​ធំ​មួយ​ក្បាល ដែលមាន​ភ្ជាប់​នូវ​ស្លាក​សញ្ញា​ពណ៌​លឿង​នៅលើ​ព្រុយ​ខ្នង សម្រាប់​តាមដាន​នៅក្នុង​ធម្មជាតិ បន្ទាប់ពី​លែង​វា​ទៅ​។ ត្រី​ប្រា​ធំ ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ ពី​ធម្មជាតិ​។ រូបភាព​៖ ឈុត ឈា​ណា​។​

​គម្រោង​អច្ឆរិយ​ភាព​នៃ​ទ​ន្ល​មេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប និង​នាយកដ្ឋាន​អភិវឌ្ឍន៍​វារិ​វប្បកម្ម នៃ​រដ្ឋបាល​ជលផល បាន​បង្កើត​កម្មវិធី​ថែបំប៉ន​កូន​ត្រី​ប្រភេទ​ជិត​ផុត​ពូជ ដែល​ប្រមូល​បានមកពី​ទន្លេមេគង្គ និង​ពី​អ្នកនេសាទ​ស្ម័គ្រចិត្ត​ដែល​បានផ្តល់​ឲ្យ​គម្រោង ដើម្បី​យកទៅ​ថែបំប៉ន និង​លែង​ចូលក្នុង​ធម្មជាតិ​វិញ​។

​កូន​ត្រី​ទាំងនោះ ត្រូវបាន​យកទៅ​ថែបំប៉ន​នៅក្នុង​ស្រះ​ពិសោធន៍ របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារិ​វប្បកម្ម​ទឹកសាប ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ កម្មវិធី​នេះ ទទួលបាន​ជំនួយ​ថវិកា​ពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០១៧ រហូតដល់​ពេលបច្ចុប្បន្ន​នេះ​។ 

​អ្នកស្រី សេង សូ​ទ្ធី​រ៉ា (​រូប​ស្ពាយ​ថង់​កំណាត់​ពណ៌​ស​) ពេល​ទស្សនកិច្ច​ស្រះ​ពិសោធន៍​របស់​គម្រោង​។ រូបភាព​៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទ​ន្ល​មេគង្គ​។​
 
​ក្នុងពេល​នៃ​ការថែបំប៉ន កូន​ត្រី​ទាំងអស់ ត្រូវបាន​ដាន​យ៉ាង​យកចិត្តទុកដាក់ ពី​មន្ត្រី​មជ្ឈមណ្ឌល​។ ពួកវា​ត្រូវបាន​ចាប់​ចេញពី​ស្រះ​យកមក​វាស់​ប្រវែង​ដងខ្លួន និង​ថ្លឹង​ទម្ងន់​ជាប្រចាំ​ខែ ដើម្បី​ឲ្យ​ដឹង​ពី​ការវិវត្ត​របស់​វា​។ នៅពេល​កូន​ត្រី​ទាំងនោះ​លូតលាស់​ធំ​ល្មម ដែល​អាច​រស់នៅ​តាមបែប​ធម្មជាតិ​បាន គម្រោង​ក៏​បំពាក់​ស្លាក​សញ្ញា​សម្គាល់ ប្រយោជន៍​ដើម្បី​ដាម​តាម​ពី​ដំណើរ​នៃ​ការធ្វើ​ចរាចរ និង​ការវិវត្ត​ធំ​លូតលាស់​របស់​វា​នៅក្នុង​ធម្មជាតិ បន្ទាប់ពី​វា​ត្រូវបាន​លែង​។​
 
​អ្នកស្រី សេង សូ​ទ្ធី​រ៉ា អ្នកឯកទេស​គ្រប់គ្រង​គម្រោង (​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​) នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា ក្នុងពេល​ចុះទៅ​ធ្វើ​ទស្សនកិច្ច​ស្រះ​ពិសោធន៍​របស់​គម្រោង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ មេត្តា​ចូលរួម ដើម្បី​អភិរក្ស​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​នៅក្នុង​ទន្លេមេគង្គ​ទាំងអស់គ្នា​។ សូម​ចុច​លើ​តំណ​ភ្ជាប់​ខាងក្រោម​នេះ ដើម្បី​ទស្សនា​វីដេអូ​៖  
 
© រក្សាសិទ្ធិដោយ thmeythmey.com