COVID-19
អន្តរជាតិ
អ្នក​កើត COVID-19, ៨​នាក់​នៅ​ឥណ្ឌា​ឆេះ​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យ​នៅ​មន្ទីរពេទ្យ​មួយ​
06, Aug 2020 , 5:02 pm        
រូបភាព
សាច់ញាតិរបស់អ្នកស្លាប់នៅក្នុងអគ្គិភ័យកំពុងយំ។រូបភាព៖ AP
សាច់ញាតិរបស់អ្នកស្លាប់នៅក្នុងអគ្គិភ័យកំពុងយំ។រូបភាព៖ AP
​ឥណ្ឌា នៅ​ថ្ងៃទី​៦ ខែសីហា បាន​អះអាងថា អ្នកជំងឺ COVID-19 ចំនួន​៨​នាក់ បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​មួយ ដែល​បាន​កើតឡើង​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ឯកជន ស្ថិតនៅ​ទីក្រុង​Ahmedabad ក្នុង​រដ្ឋ Gujarat ភាគ​ខាងលិច​របស់​ឥណ្ឌា​។

 
​តាម​ការអះអាង​របស់​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​នៅក្នុង​ទីក្រុង Ahmedabad អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយសារ​ភ្លើង​ឆេះ​សំលៀកបំពាក់​ការពារ​(PPE) COVID-19 របស់​ក្រុមគ្រូពេទ្យ​។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​ភ្លើង​ឆេះ​សំលៀកបំពាក់​ការពារ​របស់​ពេទ្យ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​ឥណ្ឌា កំពុង​ស៊ើបអង្កេត​ពី​ប្រភព ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​។ 
 
​ក្នុង​ឧបទ្ទវហេតុ​មួយ​នេះ មនុស្ស​ចំនួន ៨​នាក់ បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​ប្រុស ៥​នាក់ និង​ស្ត្រី​៣​នាក់​។ លោក Rajesh Bhatt ប្រធាន​មន្ត្រី​ពន្លត់​អគ្គិភ័យ​នៃ​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់ និង​ពន្លត់​អគ្គិភ័យ បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ជនរងគ្រោះ​ទាំង ៨​នាក់​នេះ កំពុង​ស្ថិតក្រោម​ការព្យាបាល COVID-19 និង​មិនអាច​គេចខ្លួន​បាន​ពេល​មាន​អគ្គិភ័យ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​សរសេរ​សារ​រំលែក​ទុក្ខ​លើ​គណនី​Twitter របស់ខ្លួន និង​ជូនពរ​អ្នករងរបួស​ឆាប់​ជា​ពី​សះស្បើយ​។ លើសពីនេះ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ក៏បាន​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Gujarat និង​អភិបាលក្រុង​Ahmedabad ឲ្យ​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែសីហា ឥណ្ឌា​មាន​ករណី COVID-19 សរុប​ជិត ២​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១,៣២​លាន​នាក់​៕  

Tag:
 ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com