ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ អនុញ្ញាតឲ្យបើករោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ សកម្មភាពការសម្អាតដោយបាញ់ថ្នាំសម្លាប់មេរោគនៅរោងកុនមួយកន្លែង រូបភាពពីរោងកុនLegend Cinemas
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ឲ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ ការឈានដល់ការបើកដំណើរការវិញនេះ ដើម្បីសម្រួលដល់សេដ្ឋកិច្ចរបស់ម្ចាស់រោងភាពយន្ត និងជួយលើកទឹកចិត្តដល់សិល្បករ និងលើកស្ទួយវិស័យវប្បធម៌ ក្រោយពីជួបវិបត្តិកូវីដ-១៩។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌ បានបញ្ជាក់ថា មុនអាចបើកដំណើរអាជីវកម្មរបស់ខ្លួន ម្ចាស់រោងភាពយន្ត និងម្ចាស់រោងសម្តែងសិល្បៈនានា ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងវប្បធម៌ នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ ដើម្បីធានាដល់ការអនុវត្តគោលការណ៍ស្តង់ដាសុវត្ថិភាព។
ក្រោយពេលបើកដំណើរការ រាល់ម្ចាស់រោងភាពយន្ត និងម្ចាស់រោងសម្តែងសិល្បៈនានា ក៏ត្រូវសន្យាឈរលើគោលការណ៍ដោយមានការទទួលខុសត្រូវខ្ពស់ ដោយមានការសហការចូលរួមជាមួយនឹងក្រសួងវប្បធម៌ និងក្រសួងសុខាភិបាលក្នុងការត្រួតពិនិត្យដើម្បីធានាដល់សុវត្ថិភាព។
សូមបញ្ជាក់ថា ការបិទដំណើរការរោងភាពយន្ត គឺមានរយៈពេល៥ខែមកហើយ។ ចំពោះកអាជីវកម្ម KTV រដ្ឋាភិបាល មិនទាន់ឲ្យបើកទេ តែលើកទឹកចិត្ត កែប្រែទៅជាភោជនីយដ្ឋាន។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានសម្រេចឱ្យបើកកាស៊ីណូ ដែលមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនប៉ុណ្ណោះ។ ចំណែកសាលារៀនវិញរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យដំណើរការឡើងវិញចំពោះសាលាឯកជនចំនួន២០សិន នៅខែសីហា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com