កីឡាអន្តរជាតិ
អន្តរជាតិ
វិរៈបុរសបិសាចក្រហម Scholes ថា Man Utd គួរតែដាក់គោលដៅទិញយក Kane ល្អជាង Sancho
× ភ្នំពេញ៖ Manchester United គួរតែដាក់គោលដៅទិញយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ពីក្លិប Tottenham Hotspur ប្រសើរជាងទិញខ្សែបម្រើស្លាប Jadon Sancho ពីក្លិបBorussia Dortmund។ នេះជាការលើកឡើងរបស់ Paul Scholes អតីតខ្សែបម្រើប្រយុទ្ធឆ្នើម Manchester United ដែលបានចុះផ្សាយដោយ Channel News Asia ។
វីរៈបុរសក្លិបបិសាចក្រហមរូបនេះ បានលើកហេតុផលថា Man Utd កំពុងខ្វះខ្សែប្រយុទ្ធកណ្ដាលជួរមុខ ដូច្នេះការដាក់គោលដៅអទិភាពទៅលើខ្សែប្រយុទ្ធឆ្នើម Harry Kane គឺជារឿងសំខាន់ជាងការទិញកីឡាករJadon Sancho ពីក្លិបDortmund។
សម្រាប់ Scholes កីឡាករ Harry Kane គឺជាខ្សែប្រយុទ្ធល្អ ក្នុងការរកគ្រាប់បាល់ឱ្យ Man Utd ដែលកំពុងត្រូវការពេលនេះ។ «ខ្ញុំគិតថា បើសិនជាអាច Harry Kane គឺកីឡាករម្នាក់ ដែល Man Utd ត្រូវទាក់ទងយកមក។ ខ្ញុំចង់បានគាត់ចុះកុងត្រាលេងឱ្យ Man Utd ជាង Sancho។ ខ្ញុំគ្រាន់តែគិតថា Man Utd ត្រូវការខ្សែប្រយុទ្ធកណ្ដាល ដែលសាកសមពាក់អាវលេខ ៩ និងពូកែបញ្ចប់ទីច្បាស់ពិតប្រាកដ។ សម្រាប់ខ្ញុំ ! នោះគឺកីឡាករ Harry Kane»។ នេះជាការបកស្រាយរបស់អតីតកីឡាករឆ្នើមក្លិបបិសាចក្រហម។
ងាកមកកីឡាករ Sancho វិញ អតីតខ្សែបម្រើប្រយុទ្ធ Man Utd រូបនេះ មើលឃើញថា Sancho ជាកីឡាករដែលមានគុណភាពខ្ពស់ ដូច្នេះរូបគេអាចអភិវឌ្ឍន៍ខ្លួនថែមទៀត ជាមួយក្លិបធំៗដទៃក្នុងពិភពបាល់ទាត់នេះ។
Schole ដែលធ្លាប់ជួយឱ្យ Man Utd លើកពាន Premier League ចំនួន១១លើក បាននិយាយដូច្នេះថា៖« Sancho ធ្លាប់និយាយថា គាត់គឺជាអ្នកស៊ុតបញ្ចូលទីដ៏ល្អ ហើយគាត់នឹងអាចរកគ្រាប់បាល់បានច្រើន។ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា យើង (Man Utd) ក៏មានកីឡាករ៣នាក់ ដែលគេអាចមានទម្រង់លេងប្រហាក់ប្រហែល Sancho ដែរ។ ដ្បិតពួកគេមិនទាន់ធ្វើល្អដូច Sancho ប៉ុន្តែបើគិតពីសក្ដានុពលពួកគេទាំង៣វិញ ខ្ញុំគិតថា ពួកគេអាចធ្វើបានល្អ»។
Man Utd បានតាមប្រមាញ់យកកីឡាករខ្សែបម្រើស្លាបវ័យ២០ឆ្នាំ Jadon Sancho ពីក្លិប Dortmund ក្នុងតម្លៃខ្លួនជិត១០៨លានផោន (ប្រហែល១៤២លានដុល្លារ) ។ ក្នុងការព្រមព្រៀងទិញនេះ Man Utd នឹងផ្ដល់៦០លានផោនសិន មុនថែមប្រាក់បង្ក្រប់ឱ្យ Dortmund នៅពេលដែល Sancho ធ្វើបានល្អតាមលក្ខខណ្ឌដែលខ្លួនចង់បាន។
បើតាមសារព័ត៌មាន Daily Mail ក្លិបបិសាចក្រហម Man Utd ក៏នឹងផ្ដល់ប្រាក់អត្តពលកម្ម៣៤០,០០០ផោន (ជាង៤៤ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ឱ្យ Sancho ផងដែរ។ ប្រាក់អត្តពលកម្ម Sancho នេះ ស្ថិតនៅលើ ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ដែលមានទឹកប្រាក់ ២៩០,០០០ផោន(ជាង៣៨ម៉ឺនដុល្លារ) តែក្រោមអ្នកចាំទីសញ្ជាតិអេស្បាញ David de Gea របស់Man Utd ដែលមានតម្លៃ៣៧៥,០០០ផោន(ជាង៤៨ម៉ឺនដុល្លារ)៕
© រក្សាសិទ្ធិដោយ thmeythmey.com