ស្រ្តីខ្មែរដែលជាប់ទោសប្រហារជីវិត ប្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់វៀតណាមហើយ
ជាតិ
សង្គមជាតិ
ស្រ្តីខ្មែរដែលជាប់ទោសប្រហារជីវិត ប្តឹងជំទាស់ទៅតុលាការជាន់ខ្ពស់វៀតណាមហើយ
06, Aug 2020 , 6:15 pm        
រូបភាព
ស្រ្តីខ្មែរឈ្មោះ មៀច ស្រីនាង ស្ថិតក្នុងបន្ទប់សវនាការ ពេលតុលាការខេត្តតៃនិញនៃប្រទេសវៀតណាម ប្រកាសសាលក្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង (រូបពី VNA)
ស្រ្តីខ្មែរឈ្មោះ មៀច ស្រីនាង ស្ថិតក្នុងបន្ទប់សវនាការ ពេលតុលាការខេត្តតៃនិញនៃប្រទេសវៀតណាម ប្រកាសសាលក្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង (រូបពី VNA)
ដោយ: ថ្មីៗ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ជួយស្រ្តីខ្មែរម្នាក់ ឲ្យបានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍វៀតណាមហើយ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការវៀតណាមក្នុងខេត្តតៃនិញ ដែលកាត់ទោសប្រហារជីវិតនាង ពីបទនាំចូលគ្រឿងញៀនជិត៥គីឡូក្រាម។ លោក ប្រាប់ថា លោក ទទួលបានព័ត៌មាននេះ ពីស្ថានអគ្គកុងស៊ុលកម្ពុជានៅវៀតណាម។



លោក ជិន ម៉ាលីន មិនទាន់អាចនិយាយផ្សេងទៀតបានឡើយ ដោយលោក លើកឡើងថា មិនទាន់ទទួលបានព័ត៌មានលម្អិតអំពីនីតិវិធីនៃការដាក់បណ្តឹងទៅសាលាឧទ្ធរណ៍វៀតណាមនោះទេ។ លោក បន្តថា ក្រសួងយុត្តិធម៌ ក្រសួងការបរទេស រួមទាំងស្ថានអគ្គកុងស៊ុលកម្ពុជានៅវៀតណាម កំពុងធ្វើកិច្ចការងារនេះ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា៖«ចាំបានលទ្ធផល ចាំជូនដំណឹងតាមក្រោយទៀត»។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៤ ខែសីហាថា ក្នុងដំណាក់កាលនេះ អ្វី ដែលត្រូវគិតគូរ គឺប្រឹងប្រែងជួយស្រ្តីខ្មែររូបនោះ រកយុត្តិធម៌ តាមផ្លូវតុលាការ។ លោក បញ្ជាក់ថា៖«...បើសាលាឧទ្ធរណ៍ សម្រេច ហើយយើងមិនសុខចិត្ត សាមីខ្លួន អាចប្តឹងសាទុក្ខទៅតុលាការកំពូលទៀត។ ដូច្នេះ នីតិវិធីតុលាការ គេ នៅមាន។ សាលក្រម អត់ទាន់ចូលជាស្ថាពរ យើង អត់ទាន់ចាត់ទុកគាត់ ជាអ្នកទោសទេ...»។

បើតាមអ្នកនាំពាក្យការបរទេស មន្រ្តីនៃស្ថានអគ្គកុងស៊ុលកម្ពុជា បានចូលរួមសវនាការ ជាមួយស្រ្តីខ្មែររូបនេះ ពេលនាងត្រូវតុលាការខេត្តតៃនិញ កាត់ទោសប្រហារជីវិត។

ស្រ្តីខ្មែររូបនោះ ឈ្មោះ មៀច ស្រីនាង អាយុ២៧ឆ្នាំ ត្រូវតុលាការខេត្តតៃនិញ (តុលាការជាន់ទាប) ចេញសាលក្រមកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ អំពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង។ ប៉ូលិសវៀតណាម ចាប់នាង កាលខែធ្នូ ឆ្នាំ២០១៩ នៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ ខេត្តតៃនិញ គឺនៅពេលនាង ឈានចូលដល់ទឹកដីខេត្តតៃនិញ។ ប៉ូលិសវៀតណាម រាយការណ៍ថា នៅនឹងខ្លួននាង មានគ្រឿងញៀនជិត៥គីឡូក្រាម។

ក្រសួងយុត្តិធម៌ និងក្រសួងការបរទេសកម្ពុជា បានសហការគ្នា ដើម្បីរកមធ្យោបាយជួយស្រ្តីខ្មែររូបនោះ ឲ្យរួចផុតពីទោសប្រហារជីវិត។ មធ្យោបាយដំបូង ដែលរដ្ឋាភិបាលកម្ពុជា អាចធ្វើបាន គឺជួយនាង ឲ្យបានប្តឹងទៅសាលាឧទ្ធរណ៍ ដែលជាតុលាការជាន់ខ្ពស់នៅវៀតណាម៕

Tag:
 វៀតណាមកាត់ទោសប្រហារជីវិតស្រ្តីខ្មែរ
  បទល្មើសគ្រឿងញៀន
  ប្តឹងឧទ្ធរណ៍
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com