អាជ្ញាធរលីបង់ បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ ដើម្បីស៊ើបអង្កេតនៅជុំវិញករណីផ្ទុះនៅក្នុងទីក្រុងបេរូត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានលីបង់ NNA នៅថ្ងៃទី៦ ខែសីហា។ ក្នុងចំណោម មនុស្ស១៦នាក់នេះ ក៏មានអ្នកគ្រប់គ្រងកំពង់ផែដែរ។
បន្ទាប់ពីករណីផ្ទុះ រដ្ឋាភិបាលលីបង់ បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះ។ រដ្ឋាភិបាលផ្តល់រយៈពេល ៤ថ្ងៃ ក្នុងការស្វែងរកអ្នកពាក់ព័ន្ធ មូលហេតុនៃការផ្ទុះ និងការប្រមូលភស្តុតាងជាដើម។ សមាជិករបស់គណៈកម្មាធិការនេះ រួមមាន នាយករដ្ឋមន្ត្រី ដែលជាប្រធាន និងសមាជិករួមមានរដ្ឋមន្ត្រីយុត្តិធម៌ រដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីការពារជាតិ និងប្រធានទីភ្នាក់ងារសន្តិសុខ។
ដើម្បីស៊ើបអង្កេតលើបញ្ហាផ្ទុះនេះ អាជ្ញាធរលីបង់ បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានលីបង់ NNA ដែលស្រង់សម្តីរបស់ចៅក្រមលីបង់មួយរូប។ កន្លងមកអាជ្ញាធរ បានសួរចម្លើយ មន្ត្រីផែ និងមន្ត្រីពន្ធគយច្រើនជាង ១៨នាក់ ដែលមានពាក់ព័ន្ធនឹងឃ្លាំងក្នុងកំពង់ផែផងដែរ។
ទីភ្នាក់ងារព័ត៌មានដដែល មិនបានបញ្ជាក់ទេ ថាតើមន្ត្រីរូបណាខ្លះ ត្រូវគេចាប់ខ្លួន។ ប៉ុន្តែប្រភពតុលារការលីបង់ បានអះអាងថា អ្នកគ្រប់គ្រងកំពង់ផែបេរូត លោក Hassan Koraytem ក៏ស្ថិតក្នុងការចាប់ខ្លួននេះដែរ។ ក្រៅពីការចាប់ខ្លួន គណនីធនាគាចំនួន៧ ត្រូវបានធនាគារកណ្តាលរបស់លីបង់បង្កក។ ក្នុងនោះមានគណនីរបស់អ្នកគ្រប់គ្រងកំពង់ផែបេរូត លោក Hassan និង ប្រធានការិយាល័យពន្ធគយលីបង់។
ដោយឡែក នាថ្ងៃទី៦ ខែសីហា ប្រជាជនលីបង់មួយចំនួន បានចេញមកបាតុកម្មនៅក្បែរសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលលីបង់លាចេញពីដំណែង ដោយសារតែការធ្វេសប្រហែស ទើបបណ្តាលឲ្យមានករណីផ្ទុះនេះឡើយ។ ដើម្បីបំបែកក្រុមបាតុករ រដ្ឋាភិបាល បានបញ្ជូនប៉ូលិសជាច្រើន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក។
ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកនេះ លីបង់ បានទទួលជំនួយជាបន្តបន្ទាប់ទាំងហិរញ្ញវត្ថុ សម្ភារវេជ្ជសាស្ត្រ អ្នកជួយសង្គ្រោះ និងជំនួយផ្សេងៗជាច្រើនទៀត បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវស្វែងរកជំនួយ។ បើតាមការប្រកាសរបស់សហភាពអឺរ៉ុប ខ្លួននឹងបញ្ចេញជំនួយសង្គ្រោះបន្ទាន់ឲ្យលីបង់ ក្នុងទំហំទឹកប្រាក់ជិត៤០លានដុល្លារ។ ទន្ទឹមនេះ អង្គការសហប្រជាជាតិ បានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ ៩លានដុល្លារ ដល់មន្ទីរពេទ្យលីបង់។
រីឯដាណឺម៉ាកបានបរិច្ចាគទឹកប្រាក់ ១,៩លានដុល្លារ និងសំលៀកបំពាក់ការពារសារធាតុគីមីចំនួន៦០០សម្រាប់ឲ្យលីបង់ តាមរយៈកាកបាទក្រហម។ បន្ថែមពីលើនេះ ចិន ហ្ស៊កដានី អ៊ីតាលី និងបណ្តាប្រទេសមួយចំនួនទៀត ក៏បានប្រកាសផ្តល់ជំនួយទៅឲ្យលីបង់ផងដែរ ក្នុងនោះមានការសង់សង់មន្ទីរពេទ្យបណ្តោះអាសន្ន ការបញ្ជូនក្រុមអ្នកជួយសង្គ្រោះ សម្ភារវេជ្ជសាស្ត្រ និងហិរញ្ញវត្ថុជាដើម។
សូមបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់ដោយសារការផ្ទុះនៅក្នុងទីក្រុងបេរូត បានកើនឡើងដល់ ១៥៧នាក់ និងអ្នករបួសជាង ៥ពាន់នាក់ ខណៈមនុស្សមួយចំនួន កំពុងបាត់ខ្លួន។ មនុស្សច្រើនជាង ៣០ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង ជាមួយការខូចខាតដែលទំហំច្រើនជាង១០ពាន់លានដុល្លារ៕