ជាតិ
ទៅដល់ភូមិព្រះដាក់ ទេសចរអាចជួលកង់ជិះកម្សាន្ត!
×
ដោយ៖ ហ៊ីម អ៊ឹមរ៉ន
ភូមិព្រះដាក់ ដែលជាភូមិគំរូមួយប្រចាំស្រុកបន្ទាយស្រី បានបង្កើតសេវាកម្មជួលកង់ សម្រាប់ភ្ញៀវទេសចរជិះកម្សាន្ត នៅតាមតំបន់ទេសចរណ៍ជុំវិញនោះ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ដូច្នេះនៅទំព័រហ្វេសប៊ុករបស់ខ្លួន។
សេវាកម្មជួលកង់នេះ បង្កើតឡើងដោយសារតែភូមិព្រះដាក់ ទទួលបានភ្ញៀវទេសចរកាន់តែច្រើន ស្របនឹងនិន្នាការជិះកង់កម្សាន្តតាមជនបទកើនឡើងដែរនោះ។ លោក ឃឹម ហ្វីណង់ សរសេរដូច្នេះ៖«សម្រាប់អ្នកចង់ជិះកង់លេងតាមទីជនបទ ឥឡូវនេះមិនចាំបាច់ពិបាកដឹកកង់មកជាមួយ ឬជិះកង់តាំងពីក្នុងក្រុង រហូតមកដល់ភូមិព្រះដាក់ទៀតទេ។ ភ្ញៀវទេសចរ អាចជួលកង់នៅទីនេះផ្ទាល់តែម្តងបាន ជិះលេងកម្សាន្តកាត់តាមផ្ទះអ្នកភូមិលើខ្នងបារាយណ៍ចាស់ មើលទេសភាពវាលស្រែធំល្វឹងល្វើយ ឬក៏ចង់ជិះទៅលេងភ្នំបូក បឹងតានាវ បឹងឈូក ប្រាសាទបន្ទាយស្រី ទៅតាមជម្រើសរៀងៗខ្លួនបាន»។
បន្ថែមលើសំណេររបស់ខ្លួន អភិបាលស្រុកបន្ទាយស្រីរូបនេះ បានប្រាប់ Thmeythmey25 តាមទូរស័ព្ទថា បច្ចុប្បន្ន ភូមិព្រះដាក់ មានកន្លែងជួលកង់ចំនួន ៣ ទីតាំង មានកង់ជួលជិត១០០គ្រឿង ហើយដែលបានដំណើរការប្រហែលមួយខែមកហើយ។
ចំណែកតម្លៃសេវាកម្មវិញ លោក វឿន រ៉េន បញ្ជាក់ថា សម្រាប់កន្លែងរបស់លោក តម្លៃជួលក្នុងមួយថ្ងៃ គឺ២ដុល្លារសម្រាប់កង់តូច និងតម្លៃ៥ដុល្លារ សម្រាប់កង់ធំ ហើយកង់ធំមានតម្លៃ ប្រាំដុល្លារ។ ប៉ុន្តែ បើភ្ញៀវជួលកង់ជិះក្នុងរយៈពេលខ្លី ត្រឹមតែពីរទៅបីម៉ោងវិញ គឺអាចចរចាតម្លៃបាន។ នេះជាការបន្ថែមរបស់លោក ឃឹម ហ្វីណង់។
សូមជម្រាបថា ភូមិព្រះដាក់ គឺជាភូមិគំរូមួយ ដែលបានបន្សល់ទុកនូវកេរដំណែលបុរាណជាច្រើន។ អ្វីដែលល្បីបំផុតសម្រាប់ភូមិមួយនេះ គឺនំបញ្ចុក ដែលថ្នាក់ដឹកនាំស្រុក កំពុងរៀបចំឲ្យមានស្លាកសញ្ញា ឡូហ្គោ និងរូបមន្តត្រឹមត្រូវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស អាចយកទៅប្រកបអាជីវកម្មបាន ប្រសិនបើពួកគេបំពេញគ្រប់តាមលក្ខខណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com