ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
07, Aug 2020 , 6:59 pm        
រូបភាព
​ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ៖

 
១. រួមបញ្ចូល​បន្លែ​ផ្លែឈើ​ក្នុង​របប​អាហារ​
 
​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ នេះ​ក៏​ព្រោះតែ​ការ​ទល់លាមក​អាច​នាំឱ្យ​ជាតិពុល​និង​កាកសំណល់​មិនអាច​កម្ចាត់​ចេញ​បាន​ត្រឹមត្រូវ​ពី​ក្នុង​ពោះវៀន​។ ជា​លទ្ធផល​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​នឹង​កើនឡើង​ខ្ពស់​។ វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ទប់ស្កាត់​បញ្ហា​ទល់លាមក​មិនឱ្យ​កើតមានឡើង គឺ​ការរួមបញ្ចូល​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​
 
​ក្រៅពី​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ហើយ​នោះ អ្នក​ក៏​ចាំបាច់​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ផងដែរ​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ ដូច្នេះ​ដើម្បី​អាច​ចៀសផុត​បញ្ហា​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ក៏ដូចជា​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
៣. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​ទៀងទាត់​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចលនា​ពោះវៀន​កម្ចាត់​ជាតិពុល​និង​កាកសំណល់ ហើយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​គួរឱ្យកត់សម្គាល់​។ ក្រៅពី​ជំងឺ​រលាក​ខ្នែងពោះវៀន​ហើយ​នោះ ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​ផ្សេងទៀត​រួមបញ្ចូល​ទាំង​ជំងឺ​ធាត់​ជ្រុល ជំងឺ​ពុក​ឆ្អឹង ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​សូម្បីតែ​ជំងឺមហារីក​ក៏​ត្រូវបាន​កាត់បន្ថយ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ផងដែរ​។​
 
៤. កាត់បន្ថយ​ភាព​ស្ត្រេ​ស​
 
​ក៏​ព្រោះតែ​ជំងឺ​រលាក​ខ្នែងពោះវៀន​ជា​ទម្រង់​នៃ​ការឆ្លង​មេរោគ​មួយ ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដែល​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​។ មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​នោះ គឺ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​កម្រិត​ស្ត្រេ​ស​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​។​
 
៥. ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​វីតាមីន C
 
​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការរួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
​រួមផ្សំ​នឹង​របប​អាហារ​សុខភាព​ល្អ ការឈប់​ជក់បារី ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​គេង​ឱ្យបាន​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​រាល់​យប់នោះ​អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com