ពីនេះ ពីនោះ
សុខភាព
អស់បារម្ភ! ព្យាបាលបញ្ហាស្ងួតស្បែកក្បាល ជាមួយរូបមន្តបែបធម្មជាតិ
× ស្បែកក្បាលស្ងួតកើតឡើងនៅពេលកង្វះជាតិសំណើមនិងជាតិប្រេងគ្រប់គ្រាន់លើស្បែកក្បាល ហើយបញ្ហានេះក៏បង្កអាការៈរមាស់និងឡើងអង្កែច្រើនផងដែរ។ ថាតើបញ្ហាស្បែកក្បាលស្ងួតអាចដោះស្រាយបានយ៉ាងងាយដែរទេ? គ្មានអ្វីពិបាកឡើយកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលស្បែកស្ងួតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ក្រូចឆ្មារនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារ ១ ផ្លែជាមួយទឹកឃ្មុំបន្តិច។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញនិងកក់សម្អាតសក់ ហើយប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងបន្តិចលើស្បែកក្បាល ក្រោយពេលអ្នកកក់សម្អាតសក់រួច ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកក៏អាចលាយប្រេងដូងបន្តិចជាមួយសាប៊ូកក់សក់បន្ទាប់មកកក់សម្អាតសក់ដូចពេលធម្មតាជាការស្រេច។
៣. ផ្នែកពណ៌លឿងនៃស៊ុតជាមួយប្រេងអូលីវ
លាយផ្នែកពណ៌លឿងនៃស៊ុតចំនួនពី ២ ទៅ ៣ គ្រាប់ជាមួយទឹកធម្មតាប៉ុន្មានដំណក់ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើសក់ដែលសើមនិងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រសិនបើអ្នកគ្មានប្រេងអូលីវទេនោះ អ្នកអាចប្រើប្រាស់ប្រេងដូងជំនួសក៏បាន។
៤. ប្រទាលកន្ទុយក្រពើ
គ្រាន់តែលាបម៉ាស្សាជែល ឬសាច់ប្រទាលកន្ទុយក្រពើផ្ទាល់លើស្បែកក្បាលសម្រាប់រយៈពេលប៉ុន្មាននាទីនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
៥. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា។ កូរអោយសព្វ សឹមកក់សម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ១ នាទី។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗដើម្បីលាងសម្អាតចេញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com