អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី ត្រូវ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​
07, Aug 2020 , 1:57 pm        
រូបភាព
លោក Lim Guan Eng អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ពេលទៅដល់ទីស្នាក់ការកណ្ដាលនៃគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ (Bernama)
លោក Lim Guan Eng អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ពេលទៅដល់ទីស្នាក់ការកណ្ដាលនៃគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០ (Bernama)
ដោយ:
អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី លោក Lim Guan Eng ត្រូវបាន​ចាប់​ឃាត់ខ្លួន​ដោយ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ នៅ​យប់​ថ្ងៃទី ៦ ខែសីហា ក្រោយ​មានការ​ស៊ើបអង្កេត​ច្រើន​សប្តាហ៍​លើ​គម្រោង​ផ្លូវ​ក្រោម​សមុទ្រ​តម្លៃ ១,៥​ពាន់​លាន​ដុល្លារ​។ គម្រោង​នេះ ត្រូវបាន​ផ្ដល់​ភ្លើង​បៃតង​អំឡុង​អាណត្តិ​ដឹកនាំ​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang ។

 
​លោក Lim ត្រូវបាន​ចាប់​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​លោក​បាន​ទៅដល់​ទីស្នាក់ការ​កណ្ដាល​នៃ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) សម្រាប់​ការសាកសួរ​។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន គណៈកម្មការ​នេះ បាន​អះអាងថា អតីតរដ្ឋមន្ត្រី​រូបនេះ នឹង​ប្រឈម​បទ​ចោទ​ចំនួន​២​ពាក់ព័ន្ធ​គម្រោង​ផ្លូវ​ក្រោម​សមុទ្រ​។ ហើយ​លោក​ក៏​នឹងរង​ការចោទប្រកាន់​ពីបទ​ល្មើស​ផ្សេងទៀត​នៅ​តុលាការ Penang នា​សប្តាហ៍​ក្រោយ​ផងដែរ​។ 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​ដកស្រង់​ចុះផ្សាយ​សារព័ត៌មាន​សិង្ហ​បុរី Straits Times លោក Lim ដែល​ក៏​ជា​អគ្គលេខាធិការ​បក្ស​សក​ម្ម​ភាព​ប្រជាធិបតេយ្យ (DAP) ផង​នោះ នឹងត្រូវ​ចោទប្រកាន់​ជាមួយ​បទ​ប្រព្រឹត្ត​អំពើពុករលួយ និង​រំលោភ​អំណាច​ពាក់ព័ន្ធ​គម្រោង​ខាងលើ ហើយ​បទ​រំលោភ​អំណាច​ដាច់ដោយឡែក​មួយ​ករណី​ទៀត​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Lim ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ នៅ​ថ្ងៃទី ខែសីហា ។  អ្នកនយោបាយ​វ័យ​៥៩​ឆ្នាំ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​រូបនេះ ប្រឈម​ជាប់គុក​រហូតដល់ ២០​ឆ្នាំ សម្រាប់​បទ​ចោទ​នីមួយៗ ប្រសិនបើ​រកឃើញ​ទោសកំហុស​មែន​នោះ​។ 
 
​មែនទែនទៅ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​ស៊ើបអង្កេត​ផែនការ​ផ្លូវ​រូង​ក្រោម​សមុទ្រ​នេះ​ជិត​៣​ឆ្នាំ​មកហើយ តែ​ការស៊ើបអង្កេត​ហាក់​នៅ​ទ្រឹង​ក្រោយ​ការចាប់ខ្លួន​អ្នកជំនួញ​និង​មន្ត្រី​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ខាងលើ​ក្នុង​ដើមឆ្នាំ​២០១៨​។ យ៉ាងណាមិញ ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ពុករលួយ​នេះ ត្រូវបាន​មើលឃើញថា​មាន​សន្ទុះ​ឡើងវិញ ក្រោយ​ការដួលរលំ​របស់​រដ្ឋា​ភិ​បាល​ដឹកនាំ​ដោយ​សម្ព័ន្ធភាព Pakatan Harapan ដែល​ក្នុងនោះ​លោក Lim កាន់តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ។ 
 
​នា​ប៉ុន្មាន​សប្ដាហ៍​នេះ គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​សាកសួរ​អ្នកនយោបាយ​សំខាន់ៗ​មួយចំនួន​របស់​រដ្ឋ Penang ក្នុងនោះ​ក៏មាន​អ្នក​កាន់តំណែង​បន្ទាប់ពី​លោក Lim ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang គឺ​លោក Chow Kon Yeow ផងដែរ ។ 
 
​យ៉ាងណាមិញ នេះ​ពុំមែន​ជា​លើកទីមួយ​ដែល​គណៈកម្មការ​នេះ​បាន​ចោទប្រកាន់​លោក Lim ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​។ លោក​ធ្លាប់បាន​ប្រឈម​បទ​ចោទ​ពុករលួយ​ទាក់ទង​ការទិញ​ផ្ទះ​លំហែ​មួយ​ក្រោម​តម្លៃ​ទីផ្សារ ក្នុង​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​បទ​ចោទ​នេះ ត្រូវបាន​ទម្លាក់ចោល​វិញ​ក្នុង​ឆ្នាំ​២០១៨​ដោយ​អគ្គរាជអាជ្ញា នៅពេលនោះ លោក Tommy Thomas ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​សម្ព័ន្ធភាព Pakatan Harapan បានឈ្នះ​ការបោះឆ្នោត​។ 
 
​លោក Lim Guan Eng បាន​កាន់តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​សហព័ន្ធ Penang ចន្លោះ​ពី​ឆ្នាំ ២០០៨ និង​ឆ្នាំ​២០១៨ ។ លោក​គឺជា​ថ្នាក់ដឹកនាំ​សំខាន់​មួយ​ក្នុង​រដ្ឋបាល​អតីត​នាយករដ្ឋមន្ត្រី​លោក​មហា​ធៀ មហាម៉ាត់ ដែល​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ស្រោង​ស្រង់​លុយរាប់​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​លួច​ពី​មូលនិធិ​អភិវឌ្ឍន៍​ម៉ាឡេស៊ី (1MDB) ។ 
 
​ការសិក្សា​បឋម​ស្តីពី​ការសាងសង់​ផ្លូវ​រូង​ក្រោម​សមុទ្រ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​នេះ បានចាប់ផ្ដើម អំឡុង​រដ្ឋបាល​លោក​ក្នុង​ឆ្នាំ​២០១៦​។  ផ្លូវ​រូង​ក្រោម​សមុទ្រ​ប្រវែង​៧,២​គីឡូម៉ែត្រ​នេះ គ្រោង​ភ្ជាប់​ក្រុង George Town និង​ក្រុង Butterworth ហើយ​បាន​ស្ថិតក្នុង​ការសិក្សា​ដំណាក់កាល​ចុងក្រោយ កាលពី​ខែសីហា ឆ្នាំ​២០១៩​។ ផែនការ​ដ៏​មហិច្ឆតា​នេះ រំពឹង​សម្រេច​រួចរាល់​នា​ឆ្នាំ​២០២៥​។ នេះ​បើតាម Straits Times៕ 
 

Tag:
 ម៉ាឡេស៊ី​
  រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​
  Lee Guan Eng
© រក្សាសិទ្ធិដោយ thmeythmey.com