អន្តរជាតិ
សង្គ្រាម​ផ្ទៃ​ទឹក​៖ ទន្លេមេគង្គ​ក្លាយជា​ចំណុច​ប្រឈម​នៃ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន​
07, Aug 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ជីវិតលើទូកនេសាទរបស់ប្រជាជនខ្មែរឥស្លាម ដែលសំចតនៅច្រាំងទន្លេមេគង្គ ភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/វីអូអេ)
ដោយ: VOA
​បាងកក ៖ ទន្លេមេគង្គ​ក្លាយជា​ចំណុច​ប្រឈម​ថ្មី​មួយ​នៃ​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មានប្រៀប​ជាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទាំង​ក្នុង​ការចំណាយ និង​ឥទ្ធិពល​ទៅលើ​បណ្ដា​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម ដើម្បី​ទទួលបាន​ការគ្រប់គ្រង​លើ​ផ្ទៃ​ទឹក​នៃ​ទន្លេ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នក​បរិស្ថាន និង​មន្ត្រី​នានា​។​

 
​នេះ គឺជា​ការប្រឈមមុខ​ដា​ក់​គ្នា​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump កំពុងតែ​បរាជ័យ ទោះបីជា​នៅ​រក្សា​មូលនិធិ​មួយផ្នែកធំ​សម្រាប់​កម្មវិធី​សម័យ​លោក​ប្រធានាធិបតី Barack Obama ដែល​ផ្ដោតលើ​បរិស្ថាន និង​ការអភិវឌ្ឍ​នៅ​តំបន់​ទ​ន្ល​មេគង្គ​ក្រោម​ក៏ដោយ​។​
 
​កាលពីពេល​ថ្មីៗ​នេះ ការ​ប្រជែង​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ បាន​ឈានដល់​ការវែកញែក​ផ្នែក​វិទ្យាសាស្ត្រ​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ចិន បានលើកឡើង​ពី​របាយការណ៍​ផ្សេងគ្នា​អំពី​ថា​តើ​ទំនប់ទឹក​ទាំង ១១ របស់​ចិន​នៅលើ​ទន្លេមេគង្គ​ប៉ះពាល់​ដល់​ប្រទេស​នានា​នៅ​ទន្លេមេគង្គ​ខាងក្រោម​ឬក៏​យ៉ាងណា​នោះ​។​
 
​ទំនប់ទឹក​ទាំងនេះ​រប​ស់​ចិន​នឹង​ធ្វើឱ្យ​ចិន​មានការ​គ្រប់គ្រង​ទូលំទូលាយ​លើ​លំហូរ​ទឹក​ដែល​ហូរ​ចុះ​កាត់​តាម​ប្រទេស​ឡាវ មី​យ៉ាន​ម៉ា ថៃ កម្ពុជា និង​វៀតណាម ដែល​ប្រទេស​ទាំងនេះ​បាន​ពឹង​ផ្អែកលើ​ទឹកទន្លេ​នេះ​ជា​យូរ​មកហើយ​សម្រាប់​ការធ្វើ​កសិកម្ម ការនេសាទ និង​វា​រី​អគ្គិសនី​ដែល​កំពុង​តែមាន​កំណើន​នៅក្នុង​ប្រទេស​ឡាវ​។​


រូបឯកសារ៖ ការសាងសង់​ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ​នៅឆ្នាំ​២០១៩។ (ស៊ុន ណារិន/វីអូអេ)
 
​ការគ្រប់គ្រង​លំហូរ​ទឹក​នេះ​ធ្វើឱ្យ​ចិន​អាច​កំណត់​នូវ​របៀបវារៈ​សម្រាប់​ការអភិវឌ្ឍ​ដែល​ភ្ជាប់​ទៅនឹង​ផ្លូវទឹក​នេះ និង​ដើម្បី​ផ្ដាច់​សហរដ្ឋអាមេរិក​កុំ​ឲ្យ​ពាក់ព័ន្ធ​នៅក្នុង​តំបន់​នេះ ក្រោយពី​សហរដ្ឋអាមេរិក​បាន​លើកកម្ពស់​គម្រោង​ទន្លេមេគង្គ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុងការ​ជះឥទ្ធិពល​រប​ស់​ខ្លួន​នៅក្នុង​តំបន់​។​
 
​លោក Witoon Permpongsacharoen នៃ​អង្គការ​បណ្តាញ​ថាមពល​ទន្លេមេគង្គ និង​អេកូឡូស៊ី (Mekong Energy and Ecology Network) បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បញ្ហា​នេះ កំពុង​ក្លាយជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ ដែល​ស្រដៀង​ទៅនឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដូច្នេះ​ដែរ​»​។​
 
​បញ្ហា​ទន្លេមេគង្គ​គឺជា​ក្តីបារម្ភ​បន្ទាន់​មួយ​សម្រាប់​មនុស្ស​ប្រមាណ ៦០ លាន​នាក់ ដែល​ពឹង​ផ្អែកលើ​ទន្លេ​នេះ​សម្រាប់​ការធ្វើ​ស្រែចម្ការ និង​ការនេសាទ ដោយសារតែ​វា​ហូរ​ចុះ​ពី​ប្រទេស​ចិន​កាត់​តាម​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ មុនពេល​ហូរ​ចូលទៅក្នុង​សមុទ្រ​ពី​តំបន់​ដីសណ្ដ​នៃ​ទន្លេ​នេះ​នៅ​ប្រទេស​វៀតណាម​។​
 
​កាលពី​ឆ្នាំមុន មាន​គ្រោះរាំងស្ងួត​កើតឡើង ដោយ​ទឹកទន្លេ​មេគង្គ​មាន​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ​។ គេ​ឃើញ​មាន​សេចក្ដីរាយការណ៍​រាប់​ឆ្នាំ​មកហើយ​ថា ចំនួន​ត្រី​ដែល​នេសាទ​បាន​មាន​កាន់តែ​តិច​ទៅៗ​។​
 
​ឯកអគ្គរដ្ឋទូត​រប​ស់​សហរដ្ឋអាមេរិក​មួ​យ​រូប​នៅក្នុង​តំបន់​ទន្លេមេគង្គ​នេះ​បាន​និយាយថា ប្រទេស​ចិន «​បាន​ប្រមូល​ស្តុក​» ទឹក​នៅក្នុង​ទំនប់ទឹក​ទាំង ១១ របស់ខ្លួន​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ ដែលមាន​ប្រវែង ៤.៣៥០ គ​.​ម​. នេះ ដែល​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​របស់​មនុ​ស្សរា​ប់​លាន​នាក់​នៅក្នុង​បណ្ដា​ប្រទេស​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​។​
 
​ប្រទេស​ចិន​ក៏បាន​បង្កើន​ផងដែរ​នូវ​សកម្មភាព​នៃ​ក្រុម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង ដែល​ហៅ​កាត់​ថា​ក្រុម LMC របស់ខ្លួន​។ ក្រុម​នេះ​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​ថ្មី​មួយ ដែល​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​មួយ​រូប​ទៀត​បាន​ប្រឆាំង​ទៅនឹង​ស្ថាប័ន​នេះ​ថា​បាន​ព្យាយាម «​រំខាន​» ដល់​កិច្ចការ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​ដែល​ត្រូវបាន​បង្កើតឡើង​អស់ ២៥ ឆ្នាំ​មកហើយ​។​
 
​គណៈកម្មការ​ទន្លេមេគង្គ​ចាប់កំណើត​ចេញពី​កិច្ចប្រឹងប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ក្នុងសម័យ​សង្គ្រាមត្រជាក់​។ គណៈកម្មការ​នេះ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​ឡាវ ថៃ កម្ពុជា និង​វៀតណាម ដើម្បី​ជំរុញ​ការចែករំលែក និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​លើ​ទន្លេមេគង្គ និង​ធនធាន​នានា​របស់​ទន្លេ​នេះ​។​
 
​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ការលើកឡើង​ណាមួយ​របស់​សហរដ្ឋអាមេរិក​ដែលថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​ដណ្តើម​គ្រប់គ្រង​លើ​គណៈកម្មការ​នេះ​គឺជា​រឿង​ដែល​មិនមាន​មូលដ្ឋាន​។​
 
​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា​៖ «​ប្រទេស​នានា​ដែល​នៅក្រៅ​តំបន់​នេះ​គួរតែ​ចៀសវាង​ការបង្ក​ឱ្យមាន​បញ្ហា​ដោយ​គ្មាន​មូលដ្ឋាន​»​។​
 
«​បំណង​អាក្រក់​»

​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​បង្ក​ទៅជា​សង្គ្រាមពាក្យសម្តី បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ខែមេសា​កន្លងទៅនេះ បាន​សន្និដ្ឋានថា ទំនប់ទឹក​របស់​ចិន​បាន​ទប់ទឹក​មិនឱ្យ​ហូរ នៅពេល​មាន​គ្រោះរាំងស្ងួត​កាលពី​ឆ្នាំមុន​។​
 
​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Eyes on Earth ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់​ដែលមាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក និង​មាន​ជំនាញ​ផ្នែក​ទឹក​។ ការសិក្សា​ស្រាវជ្រាវ​នេះ​បានធ្វើការ​សន្និដ្ឋាន​ដូច្នេះ​ដោយ​ផ្អែកលើ​រូបភាព​ផ្កាយរណប និង​ទិន្នន័យ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ដែល​បាន​បង្ហាញថា «​មិនមាន​» លំហូរ​ទឹក​ហូរ​ចុះមក​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​នោះទេ ដោយ​ប្រហែលជា​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១០ មកម្ល៉េះ​។​
 
​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​និយាយថា លោក «​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​» ចំពោះ​ការរកឃើញ​នេះ​។​
 
​លោក Murphy បាន​ប្រាប់​សារព័ត៌មាន Reuters ដោយ​សំដៅលើ​ប្រតិកម្ម​ចំពោះ​ការបង្ហាញ​ពី​ការរកឃើញ​ខាងលើនេះ​ថា​៖ «​នៅទីនេះ​ក៏​ដូចគ្នា​ដែរ​នៅក្នុង​តំបន់​»​។​
 
​លោក Murphy បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «​ដើម្បី​ស្វែងយល់​ពី​ប្រភព​ចម្បង​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកទន្លេ​មេគង្គ និង​ការផ្លាស់ប្តូរ​នៅ​ផ្នែក​ទន្លេមេគង្គ​ខាងក្រោម វា​គឺជា​អ្វីដែល​កំពុងតែ​កើតឡើង​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​ក្នុងប្រទេស​ចិន ជាពិសេស​គឺមាន​ការ​ស្តុក​ទឹក​ទុក​»​។​
 
​ប្រទេស​ចិន​បាន​មានប្រតិកម្ម​នឹង​ការរកឃើញ​នេះ​ដោយ​កំហឹង ដោយ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​ប្រទេស​ថៃ បាន​រិះគន់​ការសិក្សា​ស្រាវជ្រាវ​នេះ​ថា​៖ «​មាន​ចរិត​នយោបាយ និង​មានបំណង​អាក្រក់​សំដៅលើ​ប្រទេស​ចិន​»​។ ការចោទប្រកាន់​បែបនេះ​ត្រូវបាន​បដិសេធ​ដោយ​អ្នកនិពន្ធ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ និង​មន្ត្រី​អាមេរិកាំង​។​
 
​បន្ទាប់មក នៅ​ពាក់កណ្តាល​ខែកក្កដា សារព័ត៌មាន Global Times របស់​ចិន​បានចេញ​ផ្សាយ​អត្ថបទ​មួយ​អំពី​ការសិក្សា​ស្រាវជ្រាវ​របស់​ចិន​ដែល​ខ្លួន​ចាត់ទុកថា​ជាការ​បដិសេធ​ទៅលើ​របាយការណ៍​របស់​ក្រុមហ៊ុន Eyes on Earth​។​
 
​ចំណងជើង​ក្នុង​កាសែត​មួយ​ចេញផ្សាយ​ដោយ​កាសែត People’s Daily ដែលជា​កាសែត​ផ្លូវការ​របស់​គណ​បក្សកុម្មុយនិស្ត​ចិន បានសរសេរថា​៖ «​ការស្រាវជ្រាវ​បាន​រកឃើញថា ទំនប់​ទឹកទន្លេ​នៅក្នុង​ប្រទេស​ចិន​ជួយ​កាត់បន្ថយ​គ្រោះរាំងស្ងួត​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី ការសិក្សា​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Tsinghua និង​វិទ្យាស្ថាន​ធនធានទឹក​ចិន​បាន​រកឃើញថា តាមពិត​ទំនប់ទឹក​ចិន​នៅពេល​អនាគត​អាច​នឹង​ជួយ​កាត់បន្ថយ​គ្រោះរាំងស្ងួត ប៉ុន្តែ​មិនមែន​នៅក្នុង​ឆ្នាំ ២០១៩ នោះទេ​។ នេះ​បើ​យោងតាម​ច្បាប់​ចម្លង​មួយ​ដែល​សារព័ត៌មាន Reuters ទទួលបាន​។​
 
​លោក Tian Fuqiang ដែលជា​អ្នកស្រាវជ្រាវ​ចម្បង បាន​ប្រាប់​សារព័ត៌មាន Reuters នៅក្នុង​អ៊ីមែល​ថា​៖ «​យើង​មិន​មានបំណង​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​របាយការណ៍​ផ្សេង​ណាមួយ​នោះទេ​។ យើង​មានបំណង​ផ្តល់​ការពិតជា​មូលដ្ឋាន​ខ្លះៗ​ដើម្បី​សម្រួល​ដល់​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក ការទុកចិត្ត និង​ការ​សហការគ្នា​នៅក្នុង​អាងទឹក​ទន្លេមេគង្គ​នេះ​»​។​
 
​អ្នកស្រាវជ្រាវ​នឹង​ទាញហេតុផល​អំពី​វិទ្យាសាស្ត្រ ប៉ុន្តែ​សម្រាប់​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម អ្វីដែល​សំខាន់​គឺ​ការជឿទុកចិត្ត និង​អំណាច​។​
 
​លោក Sebastian Strangio ដែលជា​អ្នកនិពន្ធ​សៀវភៅ​អំពី​ទំនាក់ទំនង​អាស៊ីអាគ្នេយ៍​ជាមួយ​ចិន ដែលមាន​ចំណងជើង​ថា «​នៅក្នុង​ស្រមោល​នាគ ឬ In the Dragon's Shadow» បាន​បញ្ជាក់ថា ប្រទេស​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ស្ទើរតែ​មិន​ជឿ​លើ​ការអះអាង​របស់​ចិន ប៉ុន្តែ​ប្រទេស​ទាំងនោះ​ប្រហែលជា​មិនអាច​ព្រងើយកន្តើយ​ចំពោះ​អំណាច​នៅក្នុង​តំបន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានឡើយ​។​
 
​លោក Strangio បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «​ពួកគេ​ពឹង​ផ្អែកលើ​ចិន​នៅពេលនេះ​ដើម្បី​ទទួលបាន​ធនធាន​សម្រាប់​រស់ ហើយ​វា​ពិបាក​ណាស់​សម្រាប់​ពួកគេ​ក្នុងការ​តតាំង​នឹង​រដ្ឋាភិបាល​ចិន​ដោយ​ចំហ​ចំពោះ​ការសាងសង់​ទំនប់ទឹក​របស់​ចិន​នេះ​»​។​
 
​ដោយ​ស្ទាក់ស្ទើរ​ក្នុងការ​គាំទ្រ​ដល់​ភាគី​ម្ខាងៗ គេ​ឃើញថា មិនមាន​ប្រទេស​ណាមួយ​នៅក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ​បានធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ដើម្បី​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់​ចិន ឬ​របស់​សហរដ្ឋអាមេរិក​នោះទេ​។​
 
​ក្រុម​កិច្ចសហប្រតិបត្តិការ​ដាច់​ដោយឡែក​
 
​សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹកប្រាក់ ១២០ លាន​ដុល្លារ​ទៅលើ​គម្រោង​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម ចាប់តាំងពី​ពេលដែល​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី ១១ ឆ្នាំមុន​មក​។​


រូបឯកសារ៖ ស្ពានឆ្លងទៅវាលខ្សាច់មួយត្រូវបានសាងសង់ នៅស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
 
​ប្រទេស​ចិន​ទំនងជា​បាន​ចំណាយ​ប្រាក់​ច្រើនជាង​នេះ​។ នៅក្នុង​ឆ្នាំ ២០១៦ ក្រុម​កិច្ចសហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង ឬ​ក្រុម LMC ដែល​ទទួលបាន​ថវិកា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បង្កើត​មូលនិធិ​ដែលមាន​ទឹកប្រាក់​ចំនួន ៣០០ លាន​ដុល្លារ​សម្រាប់​ជា​ថវិកា​ជំនួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​ដែល​នឹងត្រូវ​ផ្តល់ទៅឱ្យ​ប្រទេស​នៅ​ទន្លេមេគង្គ​ខាងក្រោម​ទាំង ៥​។​
 
​ក្រុម LMC មិនបាន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​សម្រាប់​បទសម្ភាសន៍ ឬ​ចំពោះ​សំណួរ​ណាមួយ​អំពី​គម្រោង​ដែល​ត្រូវបាន​ស្នើឡើង ត្រូវបាន​គ្រោងឡើង ឬក៏​កំពុងដំណើរការ​ទាំង ៩៥ របស់ខ្លួន ដែល​ស្ថិតក្នុង​បញ្ជី​ដែល​សារព័ត៌មាន Reuters ទទួលបាន​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើកដំបូង​របស់​ក្រុម​នេះ​នៅក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ខែធ្នូ ឆ្នាំមុន​នោះទេ​។​
 
​ក្រុម LMC ដែល​ដឹកនាំ​ដោយ​ចិន​នេះ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើនជាង​មុន ដោយមាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ប្រចាំឆ្នាំ និង​គម្រោង​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំ​នានា ដែល​ក្នុងនោះ​អាច​នឹងមាន​វត្តមានរ​បស់​ប្រធានាធិបតី​ចិន លោក Xi Jinping ចូលរួម​ផងដែរ​។ ចំណែកឯ​មន្ត្រី​ខាង​ផ្នែក​ទឹក និង​បរិស្ថាន​វិញ ជាធម្មតា​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នាក់​។​
 
​ក្រុម LMC បាន​រង​ការរិះគន់​ពី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក Michael DeSombre ដោយ​លោក​បាន​ហៅ​ក្រុម​នេះ​ថា «​ជា​ស្ថាប័ន​ដែល​ដូច​ទៅនឹង​» គណៈកម្មការ​ទន្លេមេគង្គ​។​
 
​លោក DeSombre បាន​និយាយ​ក្នុង​សម្តី​ដើម​ថា​៖ «​យើង​ពិតជា​លើកទឹកចិត្ត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើការ​រួមគ្នា​ជាមួយនឹង​គណៈកម្មការ​ទន្លេមេគង្គ ជាជាង​ព្យាយាម​រំខាន​គណៈកម្មការ​នេះ​តាមរយៈ​ការបង្កើត​ស្ថាប័ន​ផ្ទាល់ខ្លួន​ដើម្បីឱ្យ​ខ្លួន​គ្រប់គ្រង​នោះ​»​។​
 
​ទោះបីជា​មានការ​ព្រមាន​ពី​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​មន្ត្រី​នៃ​គណៈកម្មការ​ទន្លេមេគង្គ​និយាយថា ខ្លួន​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ក្រុម LMC និង​ប្រទេស​ចិន​។​
 
​មូលហេតុ​មួយ​គឺថា គណៈកម្មការ​ទន្លេមេគង្គ និង​រដ្ឋាភិបាល​ជា​សមាជិក​ចង់បាន​ទិន្នន័យ​បន្ថែម​អំពី​ប្រតិបត្តិការ​នៃ​ទំនប់ទឹក​របស់​ចិន ដែល​ទប់ទឹក​សរុប​បាន​ចំនួន ៤៧ ពាន់​លាន​ម៉ែត្រគូប​។​
 
​កាលពី​ឆ្នាំ ២០០២ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានចាប់ផ្តើម​ជូនដំណឹង​ដល់​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ក្រោម អំពី​ពេលដែល​ខ្លួន​អាច​នឹង​បញ្ចេញ​ទឹក​ដែល​អាច​បង្កឱ្យមាន​ទឹក​ជំនន់​។​
 
​ប៉ុន្តែ​ប្រទេស​ចិន​បានបង្ហាញ​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ សម្រាប់​ឱ្យ​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ក្រោម​អាច​រៀប​ផែនការ និង​ស្នើសុំ​ឱ្យមាន​ការសម្រួល​ដ​ល់​លំហូរ​ទឹកទន្លេ​។​
 
​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម LMC កាលពី​ខែកុម្ភៈ​កន្លងទៅនេះ ប្រទេស​ចិន​បាន​សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយនឹង​ប្រទេសជិតខាង​របស់ខ្លួន ប៉ុន្តែ​មន្ត្រី​នៅក្នុង​តំបន់​មិនមាន​ជំនឿ​នោះទេ​នៅពេល​និយាយ​ជា​លក្ខណៈ​ឯកជន​។​
 
​មន្ត្រី​វៀតណាម​ម្នាក់​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រទេស​ចិន​មិនបាន​ចែករំលែក​ទិន្នន័យ​ក្នុងន័យ​ស្ថាបនា​ណាមួយ​នោះទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com