ជាតិ
សេដ្ឋកិច្ច
ដំណាំ​អាទិភាព​៧​មុខ ដែល​កម្ពុជា​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន បន្ទាប់ពី​ស្វាយ
07, Aug 2020 , 2:28 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា​កំពុង​នាំចេញ​អង្ករ និង​ចេកអំបូង​លឿង ទៅ​ប្រទេស​ចិន ហើយ​ក៏បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត ជា​ផ្លូវការ​ទៅ​ទីផ្សារ​ពិភពលោក​ដ៏​ធំ​មួយ​នេះ នៅ​ដើមឆ្នាំ​២០២១ ផងដែរ​។ បន្ទាប់ពី​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ទីផ្សារ​ចិន​ហើយ​នោះ កម្ពុជា​ក៏មាន​ផលិតផល​កសិកម្ម​ចំនួន​៧​មុខ​ទៀត​ដែលជា​ដំណាំ​អាទិភាព និង​សក្កា​នុព​ល​ខ្ពស់ សម្រាប់​នាំចេញ​ជា​បន្តបន្ទាប់​។ ដំណាំ​ទាំង​៧​មុខ​នោះ មាន​ផ្លែ​មៀន​ប៉ៃលិន ម្រេច  ទុរេន ដូងក្រអូប ស្រការ​នាគ ខ្នុរ និង​គ្រាប់​ពោតក្រហម​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​លើកឡើងថា ដំណាំ​អាទិភាព​ខាងលើនេះ កម្ពុជា​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នានា ផ្ញើ​ទៅ​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន រួចរាល់​អស់ហើយ ដោយ​នៅតែ​រង់ចាំ​មន្ត្រី​បច្ចេកទេសផ្នែក​ភូតគាម​អនាម័យ និង​អនាម័យ​ភាគី​ចិន មក​ត្រួតពិនិត្យ​បច្ចេកទេស​ដាំ​ដុះ វេច​ខ្ចប់ រក្សាទុក នៅ​កម្ពុជា ប៉ុណ្ណោះ​។ 
 
​បើតាម​ប្រសាសន៍​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រូបនេះ ក្រោយពី​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ចិន​ភ្លាម ហើយ​នៅពេល​ដែលមៀន​ប៉ៃលិន​ចាប់ផ្តើម​ប្រមូល​ផល នោះ​ភាគី​ចិន​នឹង​ចុះមក​ត្រួតពិនិត្យ​វាយតម្លៃ​លើ​គុណភាព សុវត្ថិភាព និង​អនាម័យ ហើយនឹង​នាំចេញ​បាន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២​។​


 ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្តីពី​««​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០​។​

 «​ទន្ទឹមនឹង​គ្នា​នេះ យើង​កំពុងតែ​ចរចា​[​ជាមួយ​ភាគី​ចិន​ដើម្បី​នាំចេញ​] ហើយ​យើង​បានការ​សិក្សា​រួចជាស្រេច​នោះ គឺ​ដំណាំ​ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​។ ព្រោះ​យើង​ដឹងថា ម្រេច​ជា​ដំណាំ​មួយ​ប្រភេទ ដែល​ប្រទេស​ចិន​ត្រូវការ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ ដោយ​អះអាងថា​៖« បន្ទាប់ពី​មៀន​ប៉ៃលិន យើង​អាច  [​នាំចេញ​ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​ទៅ​ទីផ្សារ​ប្រទេស​ចិន​] បាន​។ ទឹកមាត់​ត្រចៀកកាំ និង​ម្រេច  គឺ​យើង​បាន​ត្រៀម​ឯកសារ​រួចហើយ ដោយនៅ​ចាំតែ​មៀន​ប៉ៃលិន ចាប់ផ្តើម​ចុះហត្ថលេខា​ប្រូ​ត្រកូល​បច្ចេកទេស​ជាមួយ​ភាគី​ចិន​ហើយ​ភ្លាម យើង​នឹងដាក់​ទឹកមាត់​ត្រចៀកកាំ និង​ម្រេច ទៅ​ភ្លាម ដើម្បី​សុំ​ការអនុញ្ញាត​នាំចេញ​»​។ 
 
​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​រូបនេះ បន្តថា បន្ទាប់ពី​ម្រេច និង​ទឹកមាត់​ត្រចៀកកាំ​នាំទៅ​ចិន​បាន​ហើយ នោះ កម្ពុជា នឹង​ពិចារណា​នាំចេញ​ផ្លែ​ទុរេន  ផ្លែ​ដូងក្រអូប ផ្លែ​ស្រការ​នាគ ផ្លែ​ខ្នុ​ល និង​គ្រាប់​ក្រហម​។ លោក ងិន ឆាយ បាន​បញ្ជាក់ថា ដំណាំ​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​ដទៃទៀត​ស្នើ​នាំចូល​ទីផ្សារ​ចិន គឺ​អនុវត្ត​ឡើង​តាម​និតិ​វិធី​ម្តង​មួយ​មុខៗ ឬ​ម្តង​មួយ​ប្រភេទៗ ជា​ជំហាន​បន្តបន្ទាប់​គ្នា ដោយ​ភាគី​ចិន​មិន​អនុម័ត ឬ​អនុញ្ញាតឱ្យ​កម្ពុជា នាំ​ចូលទៅ​ទីផ្សារ​ជា​កញ្ចប់ ឬ​នាំចូល​មុខ​កសិផល​២​ទៅ​៣​ប្រភេទ​ព្រម​គ្នា​ឡើយ​។​
 
​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ និង​លើក​ឡើងដល់​ប្រជាកសិករ​ឬ​ម្ចាស់​កសិដ្ឋាន​ទាំងអស់​ដែល​ដាំ​ដំណាំ​ពាក់ព័ន្ធ​ខាងលើនេះ  មានបំណង​ចង់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​ចិន​នោះ គឺ​ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួងកសិកម្ម ហើយ​ត្រូវអនុវត្ត​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​នីមួយ​ឱ្យ​ត្រូវ​ស្តង់ដារ​គុណភាព និង​អនាម័យ ដោយ​គោរព​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ដើម្បី​ធានា​ការនាំចេញ​របស់​កម្ពុជា ប្រកបដោយ​និរន្តរ៍ភាព​។​
 
​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជិត​២,៧​លាន​តោន​។ 
 
​ផលិតផល​កសិកម្ម​សំខាន់ៗ​ដែល​កម្ពុជា​បាន​នាំចេញ​នោះ មាន អង្ករ​ជិត​៤៣​ម៉ឺន​តោន​, ដំឡូង​មី​ជាង​១,៥​លាន​តោន​, គ្រាប់ស្វាយចន្ទី ជិត​២០​ម៉ឺន​តោន​, គ្រាប់ពោត​ជាង​១៤​ម៉ឺន​តោន​, ចេក​ស្រស់​ជិត​១៧​ម៉ឺន​តោន​, ផ្លែស្វាយ​ជិត​៥​ម៉ឺន​តោន​, ដូងប្រេង​ជាង​៣​ម៉ឺន​តោន​, ម្ទេស​ស្រស់​ជាង​៤​ម៉ឺន​តោន និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម​៕ 
 

Tag:
 កសិកម្ម​
  លោក ងិន ឆាយ​
© រក្សាសិទ្ធិដោយ thmeythmey.com