ជាតិ
លោក តាន់ គីម​សួរ ឡើង​ភ្នំ​ឱ​រ៉ា​ល់​ដល់​ទៅ​១៨​លើក​
07, Aug 2020 , 8:29 pm        
រូបភាព
ដោយ: &
​ភ្នំពេញ​៖ ភ្នំ​ឱ​រ៉ា​ល់​ជា​ភ្នំ​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។ ខណៈដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន នៅ​មិនទាន់បាន​ឡើង​ភ្នំ​នេះ​នៅឡើយ លោក តាន់ គីម​សួរ បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នេះ បាន​១៨​លើក​ហើយ​។ ក្នុង​ដំណើរ​ពីមួយ​លើក​ទៅមួយ​លើក លោក គីម​សួរ ដែលជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​មានឈ្មោះ​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សង្កេតឃើញថា ការកាប់​ព្រៃឈើ​របស់​ពលរដ្ឋ​បាន​ថយចុះ ប៉ុន្តែ​សំរាម​ចេះតែ​កើន​ទៅវិញ​។


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​បទ​សម្ភាសរ​វា​ង លោក ប៉ាន់ បូ​នី នៃ​សារព័ត៌មាន Thmeythmey25 និង​លោក តាន់ គីម​សួរ ដូចតទៅ​៖
 
 
​កាលពី​ថ្ងៃទី ២​ខែសីហា ឆ្នាំ​២០២០ លោក តាន់ គីម​សួរ បានធ្វើ​ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ជា​លើក​ទី​១៨ របស់ខ្លួន​ជាមួយ​មិត្តភក្តិ​មួយក្រុម​។ ជា​ដំណើរ​ឡើង​ចុះ​ភ្នំ ដែល​ចំណាយពេល​តែមួយ​យប់​មួយថ្ងៃ​ប៉ុណ្ណោះ ខណៈ​ជាទូទៅ​គេ​ត្រូវ​ចំណាយពេល​២​យប់ ៣​ថ្ងៃ ដើម្បី​ឡើង ចុះ​ភ្នំ​កម្ពស់ ១ ៨១៣​ម៉ែត្រ​នេះ​។ 
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey25 លោក តាន់ គីម​សួរ ថា មូល​ហេតុដែល​រូបលោក​ឡើង​ភ្នំ​ឱ​រ៉ា​ល់​ច្រើនដង​នេះ គឺ​ក្នុង​គោលបំណង​ចូលរួម​បញ្ឈប់​ការកាប់​ព្រៃឈើ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​។ លោក ចង់​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​នោះ ដូរ​វិធី​រកប្រាក់​ចំណូល​របស់ខ្លួន ដោយ​ឈប់​កាប់​ឈើ មកជា​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​វិញ​។  លោក តាន់ គីម​សួរ ប្រាប់ Thmeythmey25 ដូច្នេះ​ថា​៖«​ការឡើង​ភ្នំ​នេះ​១៨​ដង ខ្ញុំ​ឃើញ​មានការ​ផ្លាស់ប្តូរ​ដូចជា ការកាប់បំផ្លាញ​ព្រៃឈើ​មិនមាន​លើសលុប​ដូច​មុន ដោយសារតែ​អ្នក​កាប់​ព្រៃឈើ​មួយចំនួន​បាន​ផ្លាស់ប្តូ​មុខរបរ​មក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​វិញ​»​។​
 
 
​នេះ​ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​សម្រាប់អ្នកទេសច​រ​រូបនេះ ជាមួយនឹង​ការ​សំណូមពរ​ឱ្យ​ទេសចរ​នាំគ្នា​មកលេង​តំបន់​ឱ​រ៉ា​ល់​ឲ្យ​បាន​ច្រើន ព្រោះ​តំបន់​នេះ​សម្បូរ​ដោយ​ដើមឈើ​ធំៗ និង​ដើម្បី​ជួយផ្ដល់​ចំណូល​ជូន​សហគមន៍​។ លោក​ថា បើសិនជា​គ្មាន​ទេសចរ នោះ​ប្រជា​សហគមន៍​នឹង​ត្រលប់​ទៅ​កាប់​ព្រៃឈើ​វិញ ព្រោះ​ពួកគាត់​គ្មាន​ចំណូល​។ 
 
​ដ្បិត​ពេល​មាន​ទេសចរ​កាន់តែច្រើន​គឺជា​រឿង​ក៏​គួរ​ឲ្យ​រីករាយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​លោក គីម​សួរ នោះ គឺ​លោក​បានឃើញ​សំរាម​ចេះតែ​កើន​ទៅវិញ ខណៈ​មាន​អ្នកទេសចរ កាន់តែច្រើន​បាន​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នោះ​។ លោក​បន្ត​ទាំង​ហួសចិត្ត​ដូច្នេះ​៖«​ខ្ញុំ​មិន​យល់ថា​យ៉ាង​មិច​ដែរ ព្រោះ​ភ្ញៀវទេសចរ​ដែល​ឡើងមក​ភ្នំ​ឱ​រ៉ា​ល់ មានន័យថា​គាត់​ស្រលាញ់​ធម្មជាតិ ប៉ុន្តែ​គាត់​បែរជា​ទៅ​បំផ្លាញ​ធម្មជាតិ​ទៅវិញ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com