ជាតិ
អតីត​សិស្ស​និទ្ទេស A ជា ស៊ា​ង​ប៊ូ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការសម្រេចចិត្ត​រៀន​ភាសា​ចិន​
08, Aug 2020 , 10:39 am        
រូបភាព
​ដោយ​៖ ហ៊ីម អ៊ឹម​រ៉​ន​
​ជា ស៊ា​ង​ប៊ូ មាន​បងប្អូន ៤ នាក់ ដែល​ខ្លួន​ជា​កូនពៅ នៃ​គ្រួសារ​មួយ​រស់នៅ​រាជធានី​ភ្នំពេញ​។ យុវជន​វ័យ ២០​ឆ្នាំ រូបនេះ គឺជា​អតីត​សិស្ស​និ​ទេ្ទ​ស A ឆ្នាំ ២០១៧ នៃ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​។ រូបគេ​ធ្លាប់បាន​ចូលរួម​វគ្គ​សិក្សា​ខ្លីៗ​ជាច្រើន ដែល​រៀបចំ​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ អតីត​សិស្ស​និ​ទេ្ទ​ស A រូបនេះ ក៏​ធ្លាប់ជា​និស្សិត​ស្ម័គ្រចិត្ត​នៅតាម​កម្ម​វី​ធី និង​សកម្មភាព​ជាច្រើន​ទៀត​ដែរ​។ ក្រៅពី​ការសិក្សា និង​ការងារ​ស្ម័គ្រចិត្ត រូបគេ​ក៏​ធ្លាប់​ទទួលបាន​ពានរង្វាន់​ពី​ការប្រកួត​និយាយ​ភាសា​ចិន​ជាច្រើនលើក ច្រើនសារ​ផងដែរ​។ ទាក់ទង​នឹង​អាជីព​ការងារ​វិញ ស៊ា​ង​ប៊ូ ក៏​ធ្លាប់ជា​គ្រូបង្រៀន​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា​-​អាស៊ាន ពី​ឆ្នាំ​២០១៩ ដល់ ឆ្នាំ ២០២០​។ បច្ចុប្បន្ន យុវជន​រូបនេះ គឺជា​និស្សិត​ឆ្នាំ​ទី​២ កំពុង​សិក្សា​បរិញ្ញាបត្រ​ភាសា​ចិន នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ចិន និង​ជា​និស្សិត​ឆ្នាំ​ទី​១ ថ្នាក់​បរិញ្ញាបត្រ​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ភាសាបរទេស ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

 
​ស៊ា​ង​ប៊ូ បានចាប់ផ្ដើម​រៀន​ភាសា​ចិន តាំងពី​គេ​មាន​អាយុ ១៣​ឆ្នាំ មកម្ល៉េះ​។ កាលពី​ពេលនោះ រូបគេ មិនទាន់​ដឹងថា​រៀន​ភាសា​ចិន ដើម្បី​អ្វី​នោះឡើយ តែដោយសារ​ឪពុកម្ដាយ​មាន​ជាប់សែស្រឡាយ​ចិន​។ ដូច្នេះហើយ ពួកគាត់​ចង់​ឲ្យ​រូបគេ ចេះ​ភាសា​ចិន​ដែរ​។​
 
​ក្រៅពីនោះ ក៏​នៅមាន​កត្តា​មួយចំនួនទៀត​ផងដែរ ដែល​ជំរុញ​ឲ្យ​រូបគេ​សម្រេចចិត្ត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​ចិន​។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ទាំងអស់ គឺ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​២០១៧ ស៊ា​ង​ប៊ូ  សង្កេតឃើញថា កំណើន​ជនជាតិ​ចិន​នៅ​ខ្មែរ ចាប់ផ្ដើម​មានការ​កើនឡើង​ច្រើន​។ ការណ៍​នេះ​បានធ្វើរ​រូបគេ​គិតថា ចំណេះដឹង​ផ្នែក​ភាសា​ចិន អាចជួយ​ឲ្យ​គេ មានឱកាស​ទទួលបាន​ការងារ​ខ្ពស់​។ ហេតុផល​មួយទៀត គឺ​ដោយសារ រូបគេ​ធ្លាប់បាន​រៀន​ភាសារ​ចិន​រយៈពេល ៤​ឆ្នាំ រួចមកហើយ​។ អតីត​សិស្ស​និ​ទេ្ទ​ស A រូបនេះ​គិតថា វា​គឺជា​កា​រស​ម្រ​ច​ចិត្ត​ជាមួយ​ដ៏​ខ្ជះខ្ជាយ ប្រសិនបើ​ខ្លួនគេ​បញ្ចប់​វា​នៅត្រឹម​នោះ​។ ហើយ​ហេតុផល​ចុងក្រោយ​មួយ នៅ​ពីក្រោយ​ការសម្រេចចិត្ត​ជ្រើស​រើសយក​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​ចិន នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺ​ដើម្បី​ឲ្យ​ចំណេះដឹង​ភាសា​ចិន​របស់គេ​កាន់តែច្បាស់ និង​មាន​ភាពទូលំទូលាយ​។ ក្រៅពីនោះ ស៊ា​ង​ប៊ូ ក៏មាន​ទេព​កោ​ស្យ​ជាមួយ​ការរៀន​ភាសា​ចិន​ដែរ​។ យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ រៀបរាប់ថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតថា​ខ្លួនឯង មាន​ជំនាញ​ពី​កំណើត​ក្នុងការ​សិក្សា​ភាសា​ចិន ព្រោះ​តាំងពី​ចាប់ផ្ដើម​រៀន​ភាសា​ចិន ខ្ញុំ​តែងតែ​ទទួលបាន​លទ្ធផល​ល្អ នៅក្នុង​ថ្នាក់រៀន​។​»
 
​សម្រាប់​អាជីព​ការងារ​នា​ថ្ងៃ​អនាគត​វិញ យុវជន​រូបនេះ ចង់​ក្លាយជា​អាជីវករ ដែល​ធ្វើ​អាជីវកម្ម​រកស៊ី​ជាមួយ​ជនជាតិ​ចិន ព្រោះ​អ្នកជំនួញ​ជនជាតិ​ចិន មាន​ចំនួន​ច្រើន​គួរសម​ដែរ​។ ម្យ៉ាងទៀត រូបគេ ចង់​ធ្វើជា​មន្ត្រី​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៃ​ស្ថាប័ន ឬ​ក្រសួង​ណាមួយ  ដោយសារ​ខ្លួនគេ​កំពុង​សិក្សា​ជំនាញ​មួយទៀត​ដែរ គឺ​ជំនាញ​សិក្សា​អន្តរជាតិ​។​
 
​ទោះបី​មាន​ទេពកោសល្យ​ពី​កំណើត ក្នុងការ​សិក្សា​ភាសា​ចិន​ក៏ដោយ ស៊ា​ង​ប៊ូ ក៏បាន​ជួបប្រទះ​នូវ​ផលវិបាក​ខ្លះ​ដែរ ដ្បិត​វា​មិនមែនជា​ភាសា​កំណើត​របស់ខ្លួន​។ ស៊ា​ង​ប៊ូរៀបរាប់ថា​៖«​ជាទូទៅ វា​មានការ​លំបាក​ច្រើន ដោយសារ​កិច្ចការ​សាលា​សម្រាប់​ជំនាញ​ទាំងពីរ គឺមាន​ច្រើន​»​។​
 
​យ៉ាងណាក្ដី ដោយសារ​រូបគេ​មានបទពិសោធន៍​ច្រើន ទាំង​ការបកប្រែ និង​ការធ្វើជា​ពិធីករ​សម្រាប់​កម្មវិធី​ដែល​ធ្វើ​ឡើងជា​ភាសា​ចិន ស៊ា​ង​ប៊ូ គិតថា គេ​អាចទៅរួច​សម្រាប់​ភាសា​ចិន ដូច្នេះ គេ​បានផ្ដល់​អាទិភាព​ច្រើនជាង សម្រាប់​ជំនាញ​មួយទៀត​ដែល​កំពុង​សិក្សា​។​
 
​ស្រប​ពេលដែល​និស្សិត​ជាច្រើន​បានលើកឡើង​ថា ការសិក្សា​ភាសា​ចិន​មានការ​លំបាក​ខ្លាំង យុវជន​វ័យ ២០​ឆ្នាំ​រូបនេះ​គិតថា វា​មិនមាន​ការលំបាក​ខ្លាំង​ណាស់ណា​ទេ តែ​វា​ក៏​មិន​ស្រួល​ពេក​បានដែរ​។ ស៊ា​ង​ប៊ូ ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ថា ការលំបាក​គឺ​ត្រង់ សំឡេង និង​អក្សរ​។ សម្រាប់​អក្សរ យើង​ត្រូវតែ​ចំណាំ រាល់​អក្សរ​នីមួយៗ​តែម្ដង ដោយសារ​ភាសា​ចិន​គ្មាន​ប្រព័ន្ធ ជើង ស្រៈ ឬ​ព្យញ្ជនៈ ដូច​ភាសា​ដទៃ​មួយចំនួន​នោះទេ​។ ហើយ​ពាក្យ​នៅក្នុង​ភាសា​ចិន គឺ​ជ្រៅ ច្រើន និង​មាន​អត្ថន័យ​ខុសគ្នា​ទៅតាម​កាលៈ​ទសៈ ដែល​ពុំមែន​មនុស្ស​គ្រប់គ្នា​អាច​ចំណាំបាន​គ្រប់​ពាក្យ​ទាំងអស់​នោះទេ​។ រីឯ​ចំណុច​ដែល​លំបាក​ខ្លាំង​មួយទៀត គឺ​ភាសា​និយាយ​មិនអាច​យកទៅ​ប្រើប្រាស់​សម្រាប់​ភាសាសរសេរ​បានឡើយ​។ អ្វីដែល​លំបាក​បំផុត​នោះ គឺ​ការបញ្ចេញ​សំឡេង​។ ជាទូទៅ មនុស្ស​ដែល​ធំ​ហើយ ទើប​ទៅ​រៀន​ភាសា​ចិន ពុំ​សូវ​ទទួលបាន​ការជោគជ័យ​នោះឡើយ ព្រោះ​ដើម្បី​ឲ្យ​ការបញ្ចេញ​សំឡេង​ជា​ភាសា​ចិន បានល្អ គឺ​ការចាប់ផ្ដើម​រៀន​តាំងពីក្មេង​មកម្ល៉េះ​។​
 



​យ៉ាងណាក៏ដោយ សម្រាប់​ស៊ា​ង​ប៊ូ ចំណុច​ដែល​ស្រួល​នៃ​ការរៀន​ភាសា​វិញ​គឺថា ភាសា​ចិន​ជា​ភាសា​មួយ ដែល​ពាក្យ​របស់​វា​ដើរ​តាម​លំដាប់​។ មានន័យថា ប្រសិនបើ​យើង​ចង់​និយាយ​ឃ្លា ឬ​ប្រយោគ​ណាមួយ យើង​គ្រាន់តែ​រៀប​ពាក្យ​តាម​លំដាប់​នៃ​ពាក្យ​ជា​ភាសា​ខ្មែរ នោះ​យើង​អាចនិយាយបាន ដោយ​ពុំ​ចាំបាច់​គិតគូរ​ពី​វេយ្យាករណ៍ ឬក៏​ត្រូវ​ផ្លាស់ប្ដូរ​ទៅតាម​កាល ដូច​ភាសា​អង់គ្លេស​នោះឡើយ​។ និស្សិត​រូបនេះ​បាន​ប្រាប់ថា បើ​យើង​គិត​ឲ្យ​ស៊ីជម្រៅ វេយ្យាករណ៍​ក្នុង​ភាសា​ចិន វា​មានការ​លំបាក ប៉ុន្តែ​សម្រាប់​ភាសា​និយាយ យើង​ពុំ​ចាំបាច់​គិតគូរ​ច្រើន ចំពោះ​វេយ្យាករណ៍​នោះឡើយ​។​
 
​ក្រៅពីនោះ ភាសា​ចិន​សម័យ​ទំនើប មាន​លក្ខណៈពិសេស​មួយ​ចំនួន ដោយ​ពាក្យ​នីមួយៗ​មាន​អត្ថន័យ​ជ្រាលជ្រៅ ដែល​ក្រៅពី​អ្នក​ដែល​សិក្សា​ភាសា​ចិន មិន​ងាយ​នឹង​យល់​បានទេ​។ ជាក់ស្ដែង នៅក្នុង​កំណាព្យ​ដែល​មានតែ ៥ ទៅ ៧ អក្សរ តែប៉ុណ្ណោះ តែ​ប្រសិនបើ​យើង​យកមក​បកប្រែ​ជា​ភាសា​ខ្មែរ យើង​អាច​សរសេរ​បាន ដល់​ទៅមួយ​កថាខណ្ឌ​ឯណោះ​។ នេះ​ជា​លក្ខណៈពិសេស​មួយ សម្រាប់​ភាសា​ចិន ដែល​រូបគេ មិនអាច​មិន​សរសើ​មិនបាន សម្រាប់​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ចិន​បុរាណ​។​


 
​នៅក្នុង​បរិបទ​កូ​វីដ​-១៩ នេះ យើង​សង្កេតឃើញថា ចំនួន​ជនជាតិ​ចិន​នៅ​កម្ពុជា មានការ​ថយចុះ​យ៉ាងច្រើន​។ វា​បាន​លេចចេញ​ជា​សំណួ​មួយ​ថា តើ​ទីផ្សារការងារ​សម្រាប់​អ្នកចេះ​និយាយ​ភាសា​ចិន នឹងមាន​ការថយចុះ​ដែរ ឬ​យ៉ាងណា​? អតីត​សិស្ស​និទ្ទេស A រូបនេះ មានការ​យល់ស្រប​នឹង​ទស្សនៈ​ខាងលើ ដែលថា​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បាន​ជះឥទ្ធិពល​ដល់​ទីផ្សារការងា​រ របស់​អ្នកចេះ​និយាយ​ភាសា​ចិន​មួយចំនួន ដូចជា ម​គ្គុ​ទេសន៍​ទេសចរណ៍​ជាដើម​។ 
 
​យ៉ាងណាក្ដី យុវជន​រូបនេះ​នៅតែ​មានគំនិត​សុទិដ្ឋិនិយម ចំពោះ​ទីផ្សារការងារ​សម្រាប់​អ្នកចេះ​ភាសា​ចិន​។ ស៊ា​ង​ប៊ូ និយាយថា​៖ «​ក៏ប៉ុន្តែ ខ្ញុំ​មិន​គិតថា​វា​បាន​ប៉ះពាល់​ខ្លាំង​ណាស់ណា​នោះទេ ព្រោះថា ការចេះ​និយាយ​ភាសារ​ចិន អាច​ឲ្យ​យើង​ស្វែងរ​រក​ឱកាស​ការងារ​ផ្សេងៗ​ជាច្រើន​ដូចជា ការបកប្រែ ឬ​ធ្វើការ​តាម​ហាង​មួយចំនួន​ដែលមាន​ម្ចាស់​ជា​ជន​ជាតិចិន​។​»
 
​ស៊ា​ង​ប៊ូ បាន​ផ្ដល់នូវ​ហេតុផល​មួយចំនួន សម្រាប់​ការលើកឡើង​របស់គេ​បែបនេះ​។ ក្នុងនោះ ហេតុផល​ទីមួយ គឺ​កត្តា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ខ្មែរ​-​ចិន ដែល​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម​មាន​ភាពស្អិតល្មួត​។ ទី​ពីរ កត្តា​ភូមិសាស្ត្រ​តំបន់ ដែល​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​តំបន់​តែមួយ​ជាមួយ​ចិន​។ ដូចដែល​យើង​បានដឹងហើយថា តំបន់​អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ កំពុង​សហការគ្នា​យ៉ាង​ជិតស្និទ្ធ នៅក្នុង​លក្ខខណ្ឌ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​។ ហើយ​ចុងក្រោយ​គឺ កត្តា​ភូមិសាស្ត្រ​នយោបាយ  ដែល​ប្រទេស​កម្ពុជា ហាក់​មាន​ទំនោរ​ទៅកាន់​ភាគី​ចិន នៅក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​កម្ពុជា បាន​ស្នើឱ្យ​គ្រប់ភាគី​នៃ​ជម្លោះ​ទាំងអស់ ដោះស្រាយ​បញ្ហា​ជា​លក្ខណៈ​ទ្វេភាគី​។ ដូច្នេះ ក្នុងស្ថានភាព​បច្ចុប្បន្ន បើ​រដ្ឋាភិបាល​ទាំងពីរ មិន​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ទេ ទីផ្សារ​សម្រាប់​អ្នកចេះ​ភាសា​ចិន នៅតែមាន​ដដែល ព្រោះ​កត្តា​ទាំងនេះ បាន​បង្ហាញថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ភាពល្អប្រសើរ​។ ណាមួយ បច្ចុប្បន្ន បច្ចុប្បន្ន ការទំនាក់ទំនង​គ្នា ក៏​អាច​ធ្វើតាម​ប្រព័ន្ធ​ឌីជីថល​បានដែរ​។​
 
​អតីត​សិស្ស​និ​ទេ្ទ​ស A រូបនេះ បានផ្ដល់​ជា​គន្លឹះ​មួយចំនួន សម្រាប់​ជាការ​ចែករំលែក​ដល់​អ្ន​ក​ចង់​រៀន​ភាសា​ចិន​ផងដែរ​។ ស៊ា​ង​ប៊ូ និយាយថា​៖ «​អ្វីដែល​សំខាន់ គឺ​ការអនុវត្ត ដែលមាន​ដូចជា ការ​ស្ដាប់ ការ​ទស្សនា​វីដេអូ​ជា​ភាសា​ចិន និង​ការព្យាយាម​ស្វែងយល់​ពី​សង្គម វប្បធម៌​របស់​ចិន ដែល​អាច​ឲ្យ​យើង​យល់​ពី​ចរិតលក្ខណៈ នៃ​ភាសា​ចិន​បាន​ច្រើន​។​» យុវជន​រូបនេះ បាន​បន្ថែមថា​៖ «​អ្វីដែល​សំខាន់​មួយទៀត គឺ​ការអនុវត្ត​ផ្ទាល់​ជាមួយ​ជនជាតិ​ចិន ព្រោះ​ថាបើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ វា​អាច​នឹង​ពិបាក​ក្នុង​ការរៀន​ភាសា​ចិន ឲ្យ​មាន​ប្រសិទ្ធភាព​»៕
 

Tag:
 ភាសា​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com