អន្តរជាតិ
អាជ្ញាធរហុងកុង ចោទប្រកាន់សកម្មជន២៥នាក់ចំពោះការជួបជុំដោយគ្មានការអនុញ្ញាត យុវជនហុងកុងជំនះជួបជុំអុជទៀនរំឭកដល់ការបង្ក្រាបលើបាតុករនៅទីលានធានអានមិន ទោះបីជាមានបម្រាមនៅសួន Victoria។រូបភាព៖ AP
× អាជ្ញាធរហុងកុង បានចោទប្រកាន់សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន២៥នាក់ ចំពោះការចូលរួមជួបជុំអុជទៀននៅថ្ងៃទី៤ មិថុនា ដើម្បីរំឭកដល់ការបង្ក្រាបលើបាតុករនៅទីលានធានអានមិនពីសំណាក់រដ្ឋាភិបាលចិន កាលពីឆ្នាំ១៩៨៩។ ការជួបជុំនេះ ជាការបំពានបម្រាមរបស់ប៉ូលិសមិនអនុញ្ញាតឲ្យមានការជួបជុំ ក្រោមហេតុផលជំងឺរាតត្បាត COVID-19។
ក្នុងចំណោមបុគ្គល២៥រូបដែលរងការចោទប្រកាន់ គេឃើញលោក Joshua Wong ដែលជាសកម្មជនដ៏លេចធ្លោ និង លោក Jimmy Lai ដែលជាអ្នកដឹកនាំសម្ព័ន្ធគាំទ្រចលនាប្រជាធិបតេយ្យចិន។ ពួកគេត្រូវបានចោទប្រកាន់ថា មានចេតនាចូលរួមក្នុងការជួបជុំដោយពុំមានការអនុញ្ញាត។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។
ចំណែក ឯលោក Lee Cheuk-yan ដែលជាប្រធានសម្ព័ន្ធរងបទចោទពីការរៀបចំជួបជុំនៅសួន Victoria កាលពីថ្ងៃទី៤ មិថុនា។ លោក Joshua Wong បានសសេរនៅលើ Facebook របស់លោកថា ច្បាស់ណាស់របបទីក្រុងប៉េកាំងកំពុងរៀបចំផែនការបង្ក្រាបសកម្មជននៅក្នុងទីក្រុង។ Wong បន្ថែមថា៖« សំឡេងយើងប្រហែលជាមិនលឺក្នុងពេលឆាប់ៗនេះទេ។ យើងសង្ឃឹមថា ពិភពលោកនឹងបន្តនិយាយពីសេរីភាព និងសិទ្ធិមនុស្សនៅទីក្រុងហុងកុង»។
នៅថ្ងៃទី៤ ខែមិថុនារៀងរាល់ឆ្នាំ ពលរដ្ឋហុងកុងតែងតែប្រមូលផ្តុំគ្នាជាទ្រង់ទ្រាយធំ ដោយអុជទៀន ដើម្បីរំឭកដល់ការបង្ក្រាបលើបាតុករពីសំណាក់រដ្ឋាភិបាលចិន។ ហុងកុង គឺជាទីកន្លែងតែមួយគត់ក្នុងប្រទេសចិនដែលអនុញ្ញាតឲ្យមានការរំឭកពីព្រឹត្តិការណ៍នេះ។
ប៉ុន្តែ ការបដិសេធមិនឲ្យមានការជួបជុំរំឭកព្រឹត្តិការណ៍ដោយប៉ូលិសហុងកុងនៅឆ្នាំ២០២០នេះ គឺជាការហាមប្រាមលើកដំបូងបង្អស់ក្នុងរយៈពេល៣០ឆ្នាំ។ ដោយមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី៤ មិថុនាបាន សកម្មជនហុងកុងបានរៀបចំរំឭកព្រឹត្តិការណ៍នេះនៅតាមកន្លែងរៀងៗខ្លួនជាទ្រង់ទ្រាយតូច។
មួយរយៈពេលថ្មីៗចុងក្រោយនេះ អាជ្ញាធរហុងកុងចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ទៅលើសកម្មជន ប្រជាធិបតេយ្យ និងអ្នកដែលចេញមុខប្រឆាំងនឹងអាជ្ញាធរ។ ជាក់ស្តែងកាលពីថ្ងៃទី៣១ ខែកក្កដា ប៉ូលិសហុងកុងបានប្រើប្រាស់ច្បាប់សន្តិសុខជាតិ ដោយចេញបញ្ជាចាប់ខ្លួនសកម្មជនគាំទ្រប្រជាធិបតេយ្យ៦រូប ដែលកំពុងរស់នៅក្រៅប្រទេស ដោយចោទប្រកាន់ពីការញុះញង់ឲ្យធ្វើអបគមន៍ផ្តាច់ខ្លួន និងគប់គិតជាមួយកម្លាំងបរទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com