កីឡាជាតិ
ជាតិ
ល្បុក្កតោសហការជាមួយក្រសួងការពារជាតិ ចងក្រងវីដេអូក្បាច់គុន ដើម្បីប្រើប្រាស់ក្នុងជួរកងទ័ព លោក អ៊ួ តារា (ស្តាំ) ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទនៅខេត្តបន្ទាយមានជ័យ
× សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសហការជាមួយក្រសួងការពារជាតិកំពុងចងក្រងឯកសារវីដេអូក្បាច់គុនសម្រាប់ប្រើប្រាស់ក្នុងជួរកងទ័ព។ វីដេអូឯកសារនេះ កំពុងស្ថិតក្នុងដំណើរការកាត់ត ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ ការចងក្រងនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាគុនល្បុក្កតោក្នុងជួរកងទ័ពឲ្យកាន់តែមាននិរន្តរភាព។
ដើម្បីទុកឯកសារ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់កងកម្លាំងកងយោធពលខេមរភូមិន្ទក្នុងការហ្វឹកហាត់ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានសហការជាមួយក្រសួងការពារជាតិ ចងក្រងឯកសារវីដេអូក្បាច់គុន សម្រាប់ប្រើប្រាស់ក្នុងជួរកងទ័ព។ បើតាមលោក អ៊ួ តារា អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា វីដេអូនេះ នឹងដាក់ជូនឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិត្រួតពិនិត្យ ដើម្បីដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការកាត់ត។
អគ្គលេខាធិការរូបនេះបានបន្ថែមថា វីដេអូឯកសារខាងលើបង្ហាញពីសកម្មភាព និងរបៀបហ្វឹកហាត់តាមក្បាច់នីមួយៗរបស់គុនល្បុក្កតោ ក៏ដូចជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលអាចបង្កភាពងាយស្រួលក្នុងការផ្ទេរចំណេះជំនាញពីយោធាចារ្យទៅកាន់សិក្ខាជាកងកម្លាំង។ ក្រោយចងក្រងរួច ឯកសារវីដេអូនេះ នឹងដាក់ឲ្យអនុវត្តក្នុងអង្គភាពកងយោធពលខេមភូមិន្ទតាមភូមិភាគនីមួយៗទូទាំងប្រទេស។
នេះមិនមែនជាលើកទី១នោះទេ ដែលភាគីទាំងពីររៀបចំចងក្រងឯកសារក្បាច់គុននេះឡើង ពោលគឺពួកគេធ្លាប់សហការគ្នាចងក្រងសៀវភៅឯកសារក្បាច់គុននេះ សម្រាប់កងកម្លាំងហ្វឹកហាត់ម្តងរួចមកហើយ។ ក្រៅពីវិស័យយោធា សហព័ន្ធនេះ ធ្លាប់ចូលរួមចំណែកជាមួយវិស័យវប្បធម៌ក្នុងកិច្ចការមួយចំនួន និងបញ្ជ្រាបក្បាច់គុនល្បុក្កតោទៅកាន់យុវជន និងមហាជនផងដែរ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក អ៊ួ តារា បានបញ្ជាក់យ៉ាងដូច្នេះថា៖«កន្លងមកសហព័ន្ធយើងបានសហការជាមួយក្រសួងការពារជាតិរៀបចំកងក្រងឯកសារក្បាច់គុនកងយោធពលខេមរភូមិន្ទ ហើយឥឡូវយើងកំពុងរៀបចំកងក្រងឯកសារជាវីដេអូ សម្រាប់ប្រើប្រាស់ក្នុងជួរកងកម្លាំង។ ក្នុងនាមសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យើងមានក្តីសោមនស្សរីករាយក្នុងការរួមចំណែកជាផ្នែកតូចមួយក្នុងការអភិវឌ្ឍវិស័យការពារជាតិផ្នែកក្បាច់គុន យើងនឹងបន្តចូលរួមជាមួយដំណើរការអភិវឌ្ឍក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យមាននិរន្តរភាព»។
សកម្មភាពបង្ហាញក្បាច់គុនកងយោធពលខេមរភូមិន្ទរបស់កងកម្លាំងកងពលតូចថ្មើជើងលេខ៥១នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
ជាក់ស្តែងកាលពីពេលថ្មីៗ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបញ្ជូនគ្រូបង្វឹកគុនល្បុក្កតោ ឬយោធាចារ្យចំនួន៤រូបទៅបណ្តុះបណ្តាលសិក្ខាកាមយោធាប្រមាណ១០០នាក់ក្នុងវគ្គបំប៉នជំនាញអន្តរាគមន៍ពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទនៅកងពលតូចថ្មើជើងលេខ៥១ក្នុងស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ វគ្គហ្វឹកហ្វឺននេះដំណើរការប្រមាណ៧ខែ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
លោក អ៊ួ តារា បានវាយតម្លៃថា វគ្គហ្វឹកហ្វឺននេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ លោកសង្កេតឃើញថា សិក្ខាកាមទាំងអស់មានការយល់ដឹងកាន់តែច្បាស់ពីវិស័យកីឡាកងយោធពលខេមរភូមិន្ទ ក្រោយទទួលបានការបណ្តុះបណ្តាលអស់រយៈពេលប្រមាណ៧ខែកន្លងមកនេះ៕
Tag:
គុនល្បុក្កតោ
អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com