ភ្នំពេញ៖ គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane បានបកស្រាយថា ខ្សែប្រយុទ្ធសញ្ជាតិវ៉េល Gareth Bale មិនចង់លេងនៅក្នុងជំនួបជើងទី២ ជាមួយ Manchester City នៃពានរង្វាន់ Champions League នាម៉ោង២ រំលងអធ្រាត (ម៉ោងនៅកម្ពុជា)ឈានចូលថ្ងៃទី៨ សីហា។ ជំនួបជើងទី១ Real ចាញ់ Man City ដោយលទ្ធផល២ទល់១ ក្នុងទឹកដី Santiago Bernabéu Stadium របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់BBC។
Gareth Bale គ្មានឈ្មោះក្នុងបញ្ជីកីឡាករ២៤នាក់ របស់ Real Madrid ដែលត្រូវធ្វើដំណើរទៅជួបក្រុមមេឃខៀវ Man City នៅទឹកដី Etihad Stadium នៅវគ្គ១៦ក្រុមចុងក្រោយនេះ។ អវត្តមានរបស់ Bale នេះ ត្រូវបានគ្រូបង្វឹកក្លិប Real Madrid លោក Zidane អះអាងថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ មិនចង់លេងតទល់ជាមួយក្រុម Man City នាជំនួបជើងទី២នេះ។
BBC បានស្រង់សម្តីគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ដូច្នេះថា៖«កិច្ចសន្ទនាជាលក្ខណៈបុគ្គលរវាងខ្ញុំ និងគាត់ (Bale) គាត់បានប្រាប់ខ្ញុំថា គាត់មិនចង់លេង។ នេះជាមូលហេតុតែម្យ៉ាងគត់ ដែលខ្ញុំអាចប្រាប់អ្នក។ ដូច្នេះពួកយើងដែលនៅសល់ពេលនេះ គឺត្រូវត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតនេះ។ រឿងដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងនោះ គឺផ្ដោតទៅលើការប្រកួតជើងទី២នេះ»។
នៅពេលដែល BBC សួរថា ចុះអនាគត Bale ដែលបន្តរស់នៅ Madrid នេះ យ៉ាងម៉េចដែរ? លោក Zidane មិនបានបញ្ជាក់អ្វីច្រើនឡើយ ដោយគ្រាន់តែអះអាងថា Bale នៅតែជាកីឡាកររបស់ Real Madrid។
«ខ្ញុំមិនដឹងទេ! ប៉ុន្តែបច្ចុប្បន្នេះ Bale នៅតែជាកីឡាករ Real Madrid ហើយវាគ្មានអ្វីប្រែប្រួលឡើយ ព្រោះគាត់នៅតែជាកីឡាកររបស់យើង។ ខ្ញុំគោរពគ្រប់គ្នា និងគោរពគាត់ ដូចអ្នកទាំងអស់គ្នាដែរ»។ នេះជាការបញ្ជាក់របស់លោក Zidane ដែលធ្លាប់ដឹកនាំ Real លើកពានរង្វាន់ Champion League កាលពីរដូវកាលឆ្នាំ២០១៨ នាជំនួបជាមួយ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ។
ខ្សែប្រយុទ្ធ Gareth Bale បានបង្ហាញខ្លួនតិចណាស់ ក្នុងការប្រកួតរបស់Real នាពេលចុងក្រោយនេះ ។ Bale បានបង្ហាញខ្លួនតែ២ដងប៉ុណ្ណោះ ក្នុងចំណោម១១ប្រកួតចុងក្រោយចាប់តាំងពីខែមិថុនាមក មុននឹងReal គ្រងតំណែងជើងឯកពានរង្វាន់ La Liga រដូវកាល ២០១៩-២០២០នេះ។ ហើយបើសរុបមួយរដូវកាលពេញវិញ ខ្សែប្រយុទ្ធសញ្ជាតិវ៉េល វ័យ៣១ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងតែ១៤ប្រកួតប៉ុណ្ណោះ។
កាលពីឆ្នាំមុន Bale ក៏ធ្លាប់ត្រូវបានក្លិបកំពូលនៅលីគចិន Jiangsu Suning ចរចាទិញយកទៅលេងនៅទីនោះដែរ ប៉ុន្តែការចរចានោះ ក៏បានបរាជ័យ ដោយសារបញ្ហាលក្ខខណ្ឌមួយចំនួន។
Bale ធ្លាប់បានបំបែកកំណត់ត្រាពិភពលោក ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃ គឺ៨៥លានផោន (ជាង១១០លានដុល្លារ) ដែលបានផ្ទេរពីក្លិបមាន់ខ្នាយមាស Tottenham Hotspur ទៅកាន់ទឹកដី Santiago Bernabéu Stadium របស់ Real Madrid កាលពីឆ្នាំ២០១៣។ Bale បានជួយឱ្យក្រុមម្ចាស់ជើងឯកអេស្ប៉ាញមួយនេះ ឈ្នះជើងឯក Champions League ចំនួន ៤ ដង ដោយក្នុងនោះធ្លាប់ស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៤ និងឆ្នាំ២០១៦ ទល់នឹង Atletico Madrid រួមទាំងស៊ុតបំប៉ោងសំណាញ់ ២ គ្រាប់ ជួយឱ្យReal ឈ្នះ Liverpool នៅឆ្នាំ ២០១៨ ផងដែរ៕