COVID-19
អន្តរជាតិ
ហ្វីលីពីន​និង​ឥណ្ឌូណេស៊ី បន្ត​មាន​ករណី​ឆ្លង COVID-19 ច្រើន​ប្រចាំ​អាស៊ីអាគ្នេយ៍​
07, Aug 2020 , 5:18 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ហ្វីលីពីន បាន មាន​ករណី​ឆ្លង​COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ករណី​សរុប​COVID-19 របស់​ហ្វីលីពីន ហក់​ឡើងដល់ ១២២៧៥៤​ករណី ខណៈ​ឥណ្ឌូណេស៊ី មាន​ចំនួន ១២១២២៦​ករណី​គិត​ត្រឹម​ថ្ងៃទី​៧ ខែសីហា​។

 
​តាម​តួលេខ​របស់ Worldometer ហ្វីលីពីន បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង COVID-19 សរុប​ច្រើនជាងគេបង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មួយរយៈ​ចុងក្រោយ​នេះ ហ្វីលីពីន​មាន​ករណី​ឆ្លង​COVID-19 លើសពី​៣​ពាន់​ករណី​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ថ្ងៃទី​៧ ខែសីហា​នេះ ហ្វីលីពីន មាន​ករណី​ឆ្លង​ចំនួន ៣៣៧៩​ករណី​។ តួលេខ​សរុប​របស់​ហ្វីលីពីន បាន​កើន​ដល់​១២២៧៥៤​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជាង ២​ពាន់​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់​។​
 
​ចំណែក​ឥណ្ឌូណេស៊ី ដែល​ធ្លាប់មាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​នោះ មាន​ករណី​ឆ្លង នៅ​ថ្ងៃទី​៧ ខែសីហា ចំនួន ២៤៧៣​ករណី​។ ចំនួន​នេះ គឺមាន​កើនឡើង​បន្តិច បើ​ធៀប​នឹង​ថ្ងៃមុនៗ ដែលមាន​ចំនួន​តិចជាង ២​ពាន់​ករណី​។ តួលេខ​សរុប​របស់​ឥណ្ឌូណេស៊ី​មាន​ចំនួន ១២១២២៦​ករណី និង​អ្នកស្លាប់​ចំនួន ៥៥៩៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៧៥៥៧​។​
 
​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ថែម រដ្ឋាភិបាល​ហ្វីលីពីន បាន​បិទ​ទីក្រុង​ម៉ានីល និង​ខេត្ត​ជុំវិញ​រួមមាន Laguna, Cavite, Rizal និង Bulacan សារជាថ្មី រហូតដល់​ថ្ងៃទី​១៨ ខែសីហា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 និង​តាម​ការស្នើសុំ​របស់​ក្រុមគ្រូពេទ្យ​ហ្វីលីពីន​ជាច្រើន​នាក់​។ ក្រោម​វិធាន​ការបិទ​នេះ អាជ្ញាធរ​បាន​បិទ​ជំនួញ​មួយចំនួន ដូចជា​កន្លែង​កាត់សក់ រោងភាពយន្ត កន្លែង​ហាត់ប្រាណ ចំណែក​ភោជនីយដ្ឋាន ត្រូវគេ​អនុញ្ញាត​ឲ្យ​តែ​ទិញ​យកមក​បរិភោគ​នៅក្រៅ​ប៉ុណ្ណោះ​។​
 
​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បាន​លើកឡើងថា ករណី​ឆ្លង COVID-19 នៅ​ហ្វីលីពីន គឺ​កើនឡើង​ជិត ៧​ដង និង​អ្នកស្លាប់ បាន​កើនឡើង​ជាង ២​ដង​។ តួលេខ​កើនឡើង​នេះ គឺ​គិត​ចាប់តាំងពី​លើកចោល​ការ​បិទ​តំបន់ នៅក្នុង​ខែមិថុនា​កន្លងមក​៕
 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com