បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ បារាំង និង​ខ្មែរ​ទាក់ទង​គ្នា​តាម​កាយវិការ និង​អារម្មណ៍
07, Nov 2013 , 9:23 am        
រូបភាព
កំពង់ឆ្នាំង៖ យុវ​សិស្ស​សញ្ជាតិ​បារាំង​ចំនួន៩នាក់ សាស្ត្រាចារ្យ២នាក់ និង យុវ​សិស្ស​ខ្មែរ​ចំនួន១២នាក់ បាន​ចំណាយពេល​ជិត​ពីរ​សប្តាហ៍​កាលពី​ចុងខែ​តុលា​កន្លងមក​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ផ្លាស់ប្តូរ​ចំណេះដឹង​ជំនាញ វប្បធម៌ ប្រពៃណី។ យុវជន​នៃ​ប្រទេសទាំងពីរ​នេះ​អាច​ទំនាក់ទំនង​គ្នា​បាន​តាមរយៈ​ការនិយាយ​ភាសា​អង់គ្លេស​បាន​តិចតួច​បំផុត តែ​កាយវិការ និង​អារម្មណ៍​ត្រូវបាន​ពួកគេ​ប្រើប្រាស់​ច្រើន​បំផុត​នៅពេល​ធ្វើ​កិច្ចការ​ជាមួយគ្នា។


អាកាសធាតុ​ក្តៅ ពិសា​បាយ​គ្រប់ពេល ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់ ប្រជាពលរដ្ឋ​ទំនេរ​ច្រើន អ្នក​ជនបទ​ចូលសម្រាន្ត​ឆាប់ កង្វះខាត​អនាម័យ។ល។ ទាំងអស់នេះ​គឺជា​ចំណាប់អារម្មណ៍​របស់​យុវ​សិស្ស​សញ្ជាតិ​បារាំង​ចំនួន៩នាក់ និង​សាស្ត្រាចារ្យ​ចំនួន​ពីរ​នាក់ ក្នុងខណៈ​ពេលដែល​ពួកគេ​បាន​ចុះមក​បំពេញ​កម្មសិក្សា​ចំនួន​ពីរ​សប្តាហ៍​នៅក្នុង​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង។ កម្មសិក្សា​ដែលមាន​រយៈពេល២សប្តាហ៍​កន្លងមកនេះ​ទទួលបាន​ការ​ឧ​ប​ត្ត​ម្ភ​គាំទ្រ​ពី​មូលនិធិ «Apprentis d’auteuil និង​ទទួលបាន​ការសហការ​យ៉ាង​រលូន​ពី​អង្គការ Sipar។

យុវ​សិស្ស​បារាំង​ទាំង៩នាក់​ដែល​បាន​ចុះមក​បំពេញ​កម្មសិក្សា​ចំនួន២សប្តាហ៍​នេះ​បានធ្វើ​កិច្ចការ​សង្គម​មួយចំនួន ក្នុងនោះ​មាន ៖ ការ​គូរគំនូរ​នៅលើ​ជញ្ជាំង​សាលារៀន​គិរី​សុវណ្ណ​វង្ស ការចុះ​សិក្សា​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ការលេង​កីឡា​មិត្តភាព​ជាមួយ​យុវ​សិស្ស​ខ្មែរ ការដើរ​កម្សាន្ត​តាម​ដង​ទន្លេសាប ការដើរ​កម្សាន្ត​នៅតាម​ទឹកជ្រោះ ការ​ជិះ​កង់​កម្សាន្ត ការ​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​តាម​គេហដ្ឋាន និង​នំចំណី​នៅតាម​ដងផ្លូវ។

ដើម្បី​ចង់​យល់ដឹង​ពី​ជីវិត​ពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ជនបទ យុវ​សិស្ស​បារាំង និង​សាស្ត្រាចារ្យ​បារាំង​ទាំងអស់​បានសម្រេច​ចិត្ត​ស្នាក់នៅ​ទាំង​ថ្ងៃ និង​យប់​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុករ​លៀ​ប្អៀ​រ​ខេត្តកំពង់ឆ្នាំង។ ពួកគេ​រស់នៅ​តាមរបៀប​ខ្មែរ ពោលគឺ​បោកគក់​សម្លៀកបំពាក់​ដោយ​ដៃ ហូប​ម្ហូប​ខ្មែរ សម្រាន្ត​ចង​មុង។ល។

ជីវិត​នៅ​ជនបទ

នៅក្នុង​ថ្ងៃទី​មួយ​ដែល​ពួកគេ​បានមក​ដល់​ភូមិ​សន្ទូច ស្រុក​រលៀប្អៀរ ខេត្តកំពង់ឆ្នាំង​ភ្លាម យុវ​សិស្ស​បារាំង​ដែល​ធ្លាប់​រស់នៅក្នុង​ប្រទេស​រី​ក​ចម្រើន​តាមបែប​បស្ចិម​ប្រទេស​នោះ បាន​សម្តែង​អារម្មណ៍​លំបាក​ក្នុង​ចិត្ត​យ៉ាងខ្លាំង។ លំបាក​ទាំង​ស្នាក់នៅ លំបាក​ទាំង​ទំនាក់ទំនង​ផ្នែក​ភាសា លំបាក​ទាំង​ពិសារ​អាហារ ពិបាក​ទាំង​អាកាសធាតុ​ក្តៅ ពិបាក​ទាំង​សម្រប​ខ្លួន​ទៅតាម​ប្រពៃណី​របស់​ខ្មែរ និង​របៀប​រស់នៅ​រប​ស់​ខ្មែរ។

យុវជន Quentin Legrand ដែល​ទើប​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ជា​លើកទីមួយ បាន​និយាយថា អ្វីដែល​ធ្វើអោយ​រូបគេ​ចំឡែក​ក្នុង​អារម្មណ៍​ខ្លាំង​បំផុត​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជិះ​កង់ ម៉ូតូ រថយន្ត ស្រេច​តែ​នឹង​ចិត្ត​ពោលគឺ​ពួកគេ បើកបរ​គ្មាន​គោរព​ច្បាប់​ចរាចរណ៍​អ្វី​ទាំងអស់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​យុវជន​ដែលមាន​អាយុ១៨ឆ្នាំ​រូបនេះ​បានបង្ហាញ​អារម្មណ៍​ធុញទ្រាន់​ថា៖«ហូបបាយ​បី​ពេល ព្រឹក ថ្ងៃ និង​ល្ងាច គឺជា​ការ​ធុញ​មែនទែន»។

កញ្ញា Maeva Bernardy ម្នាក់ទៀត​ដែល​កំពុង​ជិះ​កង់​ដើរ​កម្សាន្ត​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ជាមួយ​ក្រុមការងារ​នោះ បាន​ឆ្លើយ​បន្ទរ​មកទៀត​ថា៖«ហូបបាយ​គ្រប់ពេល​គឺជា​ការលំបាក​ណាស់»។ លើសពីនេះទៅទៀត សម្រាប់​រូប​កញ្ញា អនាម័យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ចោទ​ជា​បញ្ហា ប្រជាពលរដ្ឋ​នៅ​ក្រីក្រ​ច្រើន។ នៅក្នុង​គេហដ្ឋាននីមួយៗ ប្រជាពលរដ្ឋ​មិនសូវមាន​អ្វី​ធំដុំ​ទេ ក្រៅតែពី​គ្រែរ​សម្រាប់​សម្រាន្ត​ប៉ុណ្ណោះ។

ការកត់សម្គាល់​របស់​កញ្ញា​មួយទៀត​គឺ​ទាក់ទង​ទៅនឹង​ពេលវេលា​នៃ​ការចូល​ដំណេក។ ភ្លែ​ក​សម្លឹង​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តើរ ជិះ​កង់​បណ្តើរ កញ្ញា Maeva បាន​បន្តទៀតថា៖«នៅក្នុង​ប្រទេស​ខ្ញុំ ប្រជាពលរដ្ឋ​ចូល​ដំណេក​នៅ​ម៉ោង៩ ១០ ឬ១១យប់។ នៅទីនេះ អ្នក​ជនបទ​ចូល​គេង​នៅ​ម៉ោង៦ឬ៧យប់។ ម្យ៉ាងទៀត ម៉ោង​ពិសារ​អាហារ​ពេល​ល្ងាច​ក៏​ឆាប់​ដែរ​គឺ​ម៉ោង៦ល្ងាច»។

រាត្រី​នៅ​ជនបទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ធ្វើអោយ​យុវជន​បារាំង​ឈ្មោះ Florent Mounier មាន​អនុស្សាវរីយ៍​ដិត​ជាប់​នៅក្នុង​បេះដូង។ សំឡេង​មាន់រងាវ សំឡេង​ឆ្កែរ​ព្រូស សំឡេង​មេមាន់​បណ្តើរកូន សំឡេង​កូន​មាន់ សុទ្ធតែ​ធ្វើអោយ Florent រំភើប​ទាំងអស់។ នេះ​គឺជា​ជីវិត​ពិត​នៅតាម​ទីជនបទ។ សំឡេង​ទាំងអស់នេះ​គេ​កម្រ​នឹង​លឺ​ណាស់​នៅក្នុង​ប្រទេស​បារាំង និង​នៅ​ទីប្រជុំជន​នៅក្នុង​ប្រទេស​កម្ពុជា។

អ្នក​ជនបទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ជីវភាព​មិនទាន់​ធូរធា​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួកគេ​ចេះ​រស់​ជាមួយនឹង​អ្វីដែល​ពួកគេ​មាន។ «អ្វីដែល​ខ្ញុំ​សង្កេតឃើញ​នៅទីនេះ​គឺថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​រស់​នៅបាន​ជាមួយ​នឹង​ធនធាន​តិចតួច​បំផុត។ នៅ​ស្រុក​បារាំង​ប្រជាជន​ត្រូវការ​សម្ភារៈ​ច្រើនណាស់»។ នេះ​គឺជា​ការយល់
ឃើញ​របស់ Florent។ យុវ​សិស្ស Florent អាយុ ១៧ឆ្នាំ បាន​បន្តទៀតថា៖«ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​មែន ប៉ុន្តែ​ពួកគេ​ចិត្តល្អ និង​ទទួល​រាក់ទាក់​បានល្អ​ណាស់»។

ទំនាក់ទំនង​តាម​កាយវិការ​នាំអោយមាន​ការយល់ច្រឡំ

នៅក្នុងពេល​ចុះ​កម្មសិក្សា​ពីរ​សប្តាហ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង យុវ​សិស្ស​បារាំង សាស្ត្រាចារ្យ​បារាំង​ស្នាក់​នៅតាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ និង​យប់។ ស្នាក់នៅ​ជាមួយគ្នា ប៉ុន្តែ​ពួកគេ​មិនអាច​និយាយ​គ្នា​បាន​ច្រើន​ទេ​ដោយសារតែ​របាំង​នៃ​ចំណេះដឹង​ភាសា។ នៅពេលដែល​ពួកគេ​មិនចេះ​ភាសា ហើយ​សាកល្បង​យល់​គ្នា​តាម​កាយវិការ និង​អារម្មណ៍​នោះ ការយល់ច្រឡំ​បានកើត​ឡើងជារឿយ។

យុវ​សិស្ស Florent ដែល​ចូលចិត្ត​និយាយ​លេង​ច្រើន​បន្តិច បាន​រៀបរាប់​ប្រាប់ថា នៅ​យប់​មួយ រូបគេ​ធ្វើ​កាយវិការ​អោយ​ម្ចាស់ផ្ទះ​បិទ​ភ្លើង​ដើម្បី​សម្រាន្ត​ស្រួល ប៉ុន្តែ​ផ្ទុយទៅវិញ ម្ចាស់ផ្ទះ​បែរជា​ទៅ​បើក​ទៅវិញ។ Florent ទទួលស្គាល់ថា៖«គឺជា​ការលំបាក​ណាស់​នៅពេលដែល​យើង​មិនអាច​និយាយ​គ្នា​បាន​ដោយសារតែ​មិនចេះ​ភាសា​ទៅវិញទៅមក។ ប៉ុន្តែ​នេះ​គឺជា​បទពិសោធន៍​ល្អ​សម្រាប់​ខ្ញុំ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រឈម​ពេលធ្វើ​ដំណើរ​ចុះ​កម្មសិក្សា​នៅក្នុង​ប្រទេសផ្សេង»។

ទំនាក់ទំនង​ផ្នែក​អារម្មណ៍ ទំនាក់ទំនង​ដោយ​ប្រើប្រាស់​កាយវិការ​គឺ​វិធីសាស្ត្រ​ល្អ​បំផុត​ដែល​ក្រុម​បារាំង និង​ខ្មែរ​ត្រូវអនុវត្ត​រៀងរាល់ថ្ងៃ​ក្នុងអំឡុងពេល​ចុះ​កម្មសិក្សា ពីព្រោះ​ក្រុមការងារ​ខ្មែរ​មិនចេះ​ភាសា​បារាំង និង​មិនចេះ​ភាសា​អង់គ្លេស​ច្រើន​ទេ រីឯ​ក្រុមការងារ​បារាំង​វិញ​មិនចេះ​ភាសា​ខ្មែរ និង​អង់គ្លេស​ច្រើន​ទេ។

ភាពចាំបាច់​នៃ​ការសិក្សា​ពីគ្នា​ទៅវិញទៅមក
តាមរយៈ​កម្មសិក្សា​រយៈ​ពេល​ពីរ​សប្តាហ៍​នេះ លោក Romuald Morel នាយក​វិទ្យាល័យ​កសិកម្ម Val de Drome នៃ​ប្រទេស​បារាំង​ដែលមាន​កា​ត្វ​កិច្ចដឹកនាំ​យុវ​សិស្ស​បារាំង​មក​ចុះ​កម្មសិក្សា​នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​គូសបញ្ជាក់​ប្រាប់ថា៖«យុវ​សិស្ស​បារាំង​ចាប់ផ្តើម​យល់ដឹង​ពី​ការខុស​គ្នា​រវាង​វប្បធម៌​ខ្មែរ និង​បារាំង កសិកម្ម​ខ្មែរ និង​បារាំង របៀប​រស់នៅ​របស់​ខ្មែរ និង​បារាំង។ ឧទាហរណ៍ កសិកម្ម​ខ្មែរ​ធ្វើ​ដោយ​ដៃ​ច្រើន តែ​កសិកម្ម​បារាំង​ធ្វើ​ដោយ​គ្រឿងយន្ត​ទាំងអស់»។

យុវ​សិស្ស​ខ្មែរ​ឈ្មោះ សៅ វិច្ឆិការ អាយុ១៥ឆ្នាំ រៀន​ថ្នាក់​ទី៩ នៅ​អនុវិទ្យាល័យ​គិរី​សុវណ្ណ​វង្ស សម្តែង​ក្តីរំភើប​ដោយ​និយាយថា៖«តាមរយៈ​កម្មសិក្សា​នេះ វា​ធ្វើអោយ​ខ្ញុំ​ដឹងថា ស្រុក​បារាំង​ត្រជាក់​ជាង​ស្រុក​ខ្មែរ។ ម្យ៉ាងទៀត ខ្ញុំ​ទើប​ដឹងថា កសិកម្ម​បារាំង​ប្រើ​គ្រឿងយន្ត​ច្រើនជាង​យើង។ កសិកម្ម​យើង​ប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ច្រើន»។

លោក គិត ចន្ទ​សីហា នាយករង​នៃ​សា​លាប​ថម​សិក្សា​គិរី​សុ​វណ្ឌ​វង្ស​ជាទី​ដែល​យុវ​សិស្ស​ចុះមក​កម្មសិក្សា​បានចាត់ទុក​ការចុះ​កម្មសិក្សា​នេះ​ថា​មាន​សារៈប្រយោជន៍​ខ្លាំង។ ប៉ុន្តែ​លោក​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការធ្វើទំនាក់ទំនង​គ្នា​ដោយសារតែ​រនាំង​នៃ​ភាសា»។

បន្ទាប់ពី​បញ្ចប់​កម្មសិក្សា​រយៈពេល​ពីរ​សប្តាហ៍ និង​បន្ទាប់ពី​បាន​ចងក្រង​អនុស្សាវរីយ៍​ដ៏​ច្រើន​រួចមក ក្រុមការងារ​បារាំង និង​ក្រុមការងារ​ខ្មែរ រួមទាំង​ម្ចាស់ផ្ទះ បាន​អោប​លាគ្នា លើកដៃ​លាគ្នា ដោយ​សម្រក់​ទឹកភ្នែក​ដាក់គ្នា​ទៅវិញទៅមក ទាំង​អាឡោះអាល័យ​ជាទីបំផុត៕


© រក្សាសិទ្ធិដោយ thmeythmey.com