COVID-19
អន្តរជាតិ
ទារកអាយុ១០ខែស្ថិតចំណោមអ្នកស្លាប់១៧នាក់ក្នុងហេតុការណ៍យន្តហោះរអិលធ្លាក់ផ្លូវនៅឥណ្ឌា ប៉ូលិសឥណ្ឌាកំពុងត្រួតពិនិត្យយន្តហោះ Boeing 737 ដែលធ្លាក់នៅរដ្ឋ Kerala ។ រូបភាព AFP
× មនុស្សយ៉ាងណាហោចណាស់១៧នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍យន្តហោះរអិលធ្លាក់ចេញពីផ្លូវរត់អំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃទី៧ ខែសីហា។ យន្តហោះរបស់ក្រុមហ៊ុន Air India មួយនេះ ជាជើងយន្តហោះជម្លៀសមនុស្សដោយសារជំងឺ COVID-19 ។
យន្តហោះធុន Boeing 737 នៃជើងហោះហើររបស់អាកាសចរណ៍ Air India Express បានចេញដំណើរពីទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយមានអ្នកដំណើរ និងបុគ្គលិកទាំងអស់១៩១នាក់។ យន្តហោះនេះ ក៏បានជួបហេតុការណ៍អាក្រក់ពេលចុះចតនៅព្រលានយន្តហោះទីក្រុង Kozhikode រដ្ឋ Kerala នៅភាគខាងត្បូងឥណ្ឌា ខណៈភ្លៀងធ្លាក់ខ្លាំង។ យន្តហោះបានរអិលចេញពីផ្លូវ ហើយបាក់ជាពីរ តែជាសំណាងល្អ មិនមានភ្លើងឆេះឡើយ។
មន្ត្រីទីក្រុង Kozhikode លោក Seeram Sambasiva អះអាងថា មនុស្សយ៉ាងតិច១៧នាក់បានស្លាប់។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្នុងចំណោមអ្នកស្លាប់ក៏មានទារកអាយុ១០ខែ និងកូនក្មេង១៨ខែម្នាក់ផងដែរ។ អ្នកបើកយន្តហោះម្នាក់ ក៏បានបាត់បង់ជីវិតផងដែរ។ មនុស្សច្រើនជាង១០០នាក់ទៀត រងរបួស ហើយក្នុងនោះ១៥នាក់ របួសធ្ងន់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌារាយការណ៍ថា យន្តហោះនេះព្យាយាមចុះចតពីរដង ខណៈអ្នករស់រានមានជីវិតប្រាប់ទូរទស្សន៍ឥណ្ឌាថា យន្តហោះដឹកពួកគេហោះឡើងចុះៗ មុននឹងចុះចត ហើយក៏ជួបបញ្ហាតែម្ដង។
ជើងយន្តហោះខាងលើ ស្ថិតក្នុងចំណោមជើងយន្តហោះជាច្រើនដែលឥណ្ឌាបញ្ជូនឲ្យទៅដឹកពលរដ្ឋខ្លួនដែលជាប់គាំងនៅបរទេសដោយសារជំងឺ COVID-19 ត្រឡប់ចូលស្រុកវិញ។ បើតាម AFP អ្នកដំណើរលើយន្តហោះ១៥នាក់ ជាអ្នកបាត់បង់ការងារ ឯ១២នាក់ទៀតត្រឡប់មកវិញដើម្បីពិនិត្យសុខភាព និងពីរនាក់ទៀត មករៀបចំអាពាហ៍ពិពាហ៍។
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានផ្ញើសាររំលែកទុក្ខតាម Twitter ។ លោក បានជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ និងថា ក្រុមមន្ត្រីទៅដល់កន្លែងកើតហេតុដើម្បីផ្ដល់ជំនួយបន្ទាន់។ រដ្ឋមន្ត្រីអាកាសចរណ៍ Hardeep Singh Puri ប្រកាសថា ការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com