២០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី ហ៊ើយ រ៉ា ដើរ​ចាប់​មេអំបៅ​លក់​ឲ្យ​ភោជនីយដ្ឋាន​នានា​ក្នុង​ក្រុង​សៀមរាប​
ជាតិ
២០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី ហ៊ើយ រ៉ា ដើរ​ចាប់​មេអំបៅ​លក់​ឲ្យ​ភោជនីយដ្ឋាន​នានា​ក្នុង​ក្រុង​សៀមរាប​
09, Aug 2020 , 8:39 am        
រូបភាព
​សៀមរាប​៖ គេ​ធ្លាប់​បានដឹង​ពី​ការចិញ្ចឹម​ដង្កូវនាង ដើម្បី​ផលិត​សរសៃសូត្រ តែ​សម្រាប់​អ្នកស្រី ហ៊ើយ រ៉ា ដែល​រស់នៅក្នុង​តំបន់​អង្គរ មាន​របរ​មួយ​ប្រចាំ​គ្រួសារ គឺ​ការដើរ​ចាប់​មេអំបៅ​។ គ្រួសារ​អ្នកស្រី ដើរ​ចាប់​មេអំបៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ផ្គត់ផ្គង់​តាម​ភោជនីយដ្ឋាន​ដែលមាន​តម្រូវការ​មេអំបៅ សម្រាប់​ការ​លម្អ ក៏ដូចជា​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​។​

 
​អស់​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកហើយ ដែល​គ្រួសារ​អ្នកស្រី ហ៊ើយ រ៉ា រស់នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ចាប់យក​របរ​ដើរ​ចាប់​មេអំបៅ ដើម្បី​លក់​តាម​ហាង ឬ​ភោជនីយដ្ឋាន​ក្នុង​ក្រុង​សៀមរាប​។ ជា​រៀងរាល់ថ្ងៃ អ្នកស្រី ហ៊ើយ រ៉ា រួម​និង​កូនៗ​ត្រូវ​ចែក​គោលដៅ​គ្នា ដើម្បី​តាម​ចាប់​មេអំបៅ ដែល​ពេលខ្លះ​នៅ​ជិះ​ផ្ទះ ពេលខ្លះ​ឆ្ងាយ​ពី​ផ្ទះ​។ «​ចាប់​ក្នុងព្រៃ​ខាងកើត​អង្គរ ជួនកាល​ពេល​ខែ​អត់ (​មិន​សម្បូរ​មេអំបៅ​) ទៅរក​នៅ​ជិត​ភ្នំ​បាខែង ជិះ​កង់​ឌុប​កូន​ទៅហើយ ដល់​ខែវស្សា​មេអំបៅ​សម្បូរ ចាប់​ជិត​ផ្ទះ​ទៅ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី រ៉ា​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន នៅ​វាល​ព្រៃរបោះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ អ្នកស្រី រ៉ា ឱ្យដឹងថា បាន​ប្រក​បរបរ​នេះ​តាំងពី​កូនៗ​អ្នកស្រី​នៅ​តូច ហើយ​ពេលនេះ​ពួកគេ​សុទ្ធតែ​ចេះ​ចាប់​មេអំបៅ​យ៉ាង​ស្ទាត់ជំនាញ​។ ដើមឡើយ​អ្នកស្រី រ៉ា ដើរ​ចាប់​មេអំបៅ​តាម​អ្នក​ស្គាល់គ្នា ដោយសារ​គ្មាន​របរ​អ្វី​ធ្វើ និង​បន្ត​រហូត​សព្វថ្ងៃ​។ 
 
​សម្ភារ​ដែល​ចាប់​មេអំបៅ មានដូចជា​ឈើ​ឫស្សី​ប្រវែង​ជាង​១​ម៉ែត្រ​ដែល​ផ្នែក​ខាងចុង​មាន​ដេរ​ថង់​ធ្វើ​ពី​ប្លា​ស្ទិ​ក​។ មេអំបៅ​ដែល​ចាប់បាន ត្រូវយក​ទុក​ក្នុង​ថង់​ស្ពៃ​មួយទៀត ដែល​កូនប្រុស​អ្នកស្រី រ៉ា ស្ពាយ​នៅក្រោយ​ខ្នង​។ ក្នុងនោះ មាន​មេអំបៅ​តូចធំ និង​ចម្រុះ​ពណ៌​។ អ្នកស្រី រ៉ា ប្រាប់ថា ការលក់​គឺ​គេ​គិត​ជា​កន្ដ្រក ដោយ​អ្នកស្រី​មិនដឹង​បរិមាណ​មេអំបៅ​ទេ ហើយ​តម្លៃ​អាស្រ័យ​ភោជនីយដ្ឋាន​ដែលមាន​ភ្ញៀវ​តិច​ឬ​ច្រើន តែ​អាច​ក្នុងតម្លៃ​ចាប់ពី​២​ម៉ឺន​រៀល​ឡើង​។ 


 
​ក្រៅពី​ចាប់​មេអំបៅ អ្នកស្រី រ៉ា វ័យ​ជិត​៥០​ឆ្នាំ ក៏​ប្រមូល​ចាប់​ពពួក​ដង្កូវ​សម្រាប់​ភ្ញាស់​ជា​មេអំបៅ​ផងដែរ​។ អ្នកស្រី​ប្រាប់ថា ការ​ភ្ញាស់​នេះ​អាស្រ័យ​តាម​ពូជ​ដង្កូវ ខ្លះ​១​សប្ដាហ៍ ខ្លះ​កន្លះ​ខែ​ទើប​អាច​ញាស់​ជា​មេអំបៅ​យកទៅ​លក់បាន​។ ជា​របរ​ដែលមាន​ចំណូល​ទាប​ក៏ពិតមែន តែ​អ្នកស្រី រ៉ា រំ​ឮ​កថា វា​បាន​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ​អ្នកស្រី​បានជា​រហូតមក ដូចជា​បាន​ទិញ​អង្ករ និង​ម្ហូប​ចិញ្ចឹម​គ្រួសារ​។ តែ​បច្ចុប្បន្ន អ្នកស្រី​មាន​ពេល​សម្រាក​ច្រើន ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ភោជនីយដ្ឋាន​មិនសូវ​ក​ម្ម៉​ង់​មេអំបៅ​ទេ​។​


 
​លោក ឌុ​ក ដេ​ត ម្ចាស់​ភោជនីយដ្ឋាន​មេអំបៅ គឺជា​អ្នកទទួល​ទិញ​មេអំបៅ​ពី​គ្រួសារ​អ្នកស្រី រ៉ា តាំងពី​ឆ្នាំ​២០០៦ ចាប់ពី​ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​នៅក្នុង​ក្រុង​សៀមរាប​។ លោក​ពន្យល់ថា បានជ្រើសរើស​យក​មេអំបៅ​ដើម្បី​តុបតែង និង​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ដែល​ភាគច្រើន​ជា​ទេសចរ​អឺរ៉ុប ដែល​ចាប់អារម្មណ៍​ចំពោះ​គំនិត​រៀបចំ​នេះ​។ លោក​បន្ថែមថា ក្រៅពី​ហូប​អាហារ ភ្ញៀវ​អាច​សម្រាក និង​ដើរ​មើល​មេអំបៅ​បាន​យ៉ាង​ស្រស់ស្រាយ​។ ម្ចាស់​ភោជនីយដ្ឋាន​រូបនេះ ក៏មាន​បំណង​រៀបចំ​ផ្សព្វផ្សាយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​ឱ្យ​ស្គាល់ និង​ចាប់អារម្មណ៍ ការ​ញុំា​អាហារ បូក​និង​ការកម្សាន្ត​ជាមួយ​មេអំបៅ​នេះ​ផងដែរ​៕
 









Tag:
 មេអំបៅ​
© រក្សាសិទ្ធិដោយ thmeythmey.com