ជាតិ
រដ្ឋបាល​ជលផល ជំរុញ​កសិករ​បង្កើន​ការចិញ្ចឹម​វារីវប្បកម្ម ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​បរទេស​
09, Aug 2020 , 9:19 am        
រូបភាព
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល
លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល
ដោយ:
​កន្លងមក កម្ពុជា​បាន​នាំចេញ​ផល​ជលផល ៤​ប្រភេទ​ប្រមាណ ១​ម៉ឺន​តោន ទៅ​ប្រទេស ថៃ វៀតណាម សាំង​ហ្គា​ពួរ ហុងកុង និង​ចិន ដូចជា ត្រី​ដំរី បង្កង ខ្យង​ខ្ចៅ និង​អន្ទង់​។ រដ្ឋបាល​ជលផល​នឹង​ជំរុញ​បង្កើន​ការផលិត​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​បង្កើន​ការនាំចេញ​ឲ្យ​បាន​ច្រើនជាង​នេះ​។ នេះ​បើតាម​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធាន​ជំរុញ​ផលិតផល​កសិកម្ម ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ថ្ងៃទី ៦ ខែសីហា ឆ្នាំ​២០២០​។​

 
​ប្រធាន​រដ្ឋបាល​ជលផល​រូបនេះ​បាន​បន្តថា​៖ «​កន្លងមក​កម្ពុជា​ធ្លាប់​នាំចេញ​នូវ​ផល​ជលផល​មួយចំនួន​កាលពី​ឆ្នាំ​២០១៩ ១​ម៉ឺន​តោន នឹង​ជំរុញ​ការផលិត​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​បង្កើន​ការនាំចេញ​ឲ្យ​បាន​ច្រើនជាង​នេះ ប៉ុន្តែ​កម្ពុជា​ក៏បាន​នាំចូល​មកវិញ​នូវ​ផល​មួយចំនួន​ពី​ប្រទេស​ខាងក្រៅ​ដូចជា​ក្ដាម​សមុទ្រ និង​គ្រឿង​សមុទ្រ​ប្រមាណ ២ ម៉ឺន​តោន​ក្នុង ១​ឆ្នាំ​»​។ លោ​កថា​បច្ចុប្បន្ន​នៅ​កម្ពុជា​មានគ្រួសារ​ប្រមាណ ៥ ម៉ឺន​គ្រួសារ​កំពុង​ប្រកប​របរ​ចិញ្ចឹម​ត្រី ក្នុង​មាន ៤៥ ភាគរយ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។ 
 


​លោក អេង ជា​សាន បន្តថា ដើម្បី​សម្រេច​នូវ​គោល​ខាងលើ​ត្រូវ​គិត​លើក​ត្តា ចំណី ពូជ បច្ចេកទេស​ចិញ្ចឹម និង​ធនធាន​។ ជាមួយគ្នានេះ​រដ្ឋបាល​ជ​ល​ផល  ជំរុញ​ការផលិត​ក្នុង​វិស័យ​វារីវប្បកម្ម ដោយ​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​ក្នុង​វិស័យ​វារីវប្បកម្ម​ខ្នាត​ធំ​។​
 
​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​កសិករ​បង្កើន​ការចិញ្ចឹម​ផ្នែក​វារីវប្បកម្ម ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​អំឡុង​វិបត្តិ​កូ​វីដ​-១៩ និង​ឈានដល់​ការនាំចេញ​ផងដែរ​។ ដោយឡែក​ដើម្បី​ជំរុញ​ការចិញ្ចឹម​ត្រី​ប្រធាន​រដ្ឋបាល​ជលផល បាន​លើកទឹកចិត្ត​ឲ្យ​កសិករ​ចិញ្ចឹម​ត្រី​ក្នង​ស្រែ ដើម្បី​កាត់បន្ថយ​ក្នុងការ​ថែទាំ និង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​។​
 
​បើតាម​របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ប្រចាំឆ្នាំ​២០១៩-២០២០ លើ​វិស័យ​ជលផល​ឆ្នាំ​២០១៩ ផល​នេសាទ និង​វារីវប្បកម្ម​សរុប​មាន​ចំនួន ៩០៨ ៥០៨​តោន ក្នុងនោះ​ផល​នេសាទ​ទឹកសាប​មាន ៤៧៨ ៨៥០ តោន ផល​នេសាទ​សមុទ្រ​មាន ១២២ ៥៥០​តោន និង​ផល​វារីវប្បកម្ម​មាន ៣០៧ ៤០៨​តោន​៕

Tag:
 ​ជលផល​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com