កូ​វីដ​-១៩ ជំរុញ​ឱ្យ​យុវជន យល់​កាន់តែច្បាស់​ពី​ប្រយោជន៍​បច្ចេកវិទ្យា​
COVID-19
ជាតិ
កូ​វីដ​-១៩ ជំរុញ​ឱ្យ​យុវជន យល់​កាន់តែច្បាស់​ពី​ប្រយោជន៍​បច្ចេកវិទ្យា​
09, Aug 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ អំឡុងពេល​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ បណ្ដា​ប្រទេស​នៅលើ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ បាន​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អប់រំ ហើយ​សិស្ស និស្សិត​ទាំងអស់​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​មក​សិក្សា​ពី​ចម្ងាយ​តាមរយៈ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​វិញ​។ ការសិក្សា​ពី​ចម្ងាយ​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា បាន​ជំរុញ​សិស្ស និស្សិត ឲ្យ​យល់​កាន់តែច្បាស់​ពី​បច្ចេកវិទ្យា និង​ទទួលបាន​ចំណេះដឹង​ថ្មី​ផងដែរ​។​



​កញ្ញា ច្រឹ​ក គីម​សុ​វណ្ណា ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ បាន​ផ្លាស់ប្តូរ​ទម្លាប់​មក​សិក្សា​តាមរយៈ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​វិញ រយៈពេល​៤​ខែ​ហើយ​ដែល​ចាប់តាំងពី​សាលា​ប្រកាស​ផ្អាក​ការសិក្សា​។ កម្មវិធីសិក្សា​អន​ឡាញ តាមរយៈ​Google Meet, Zoom និង Google Classroom គឺជា​កម្មវិធី​ថ្មី​ប្លែក​សម្រាប់​កញ្ញា គីម​សុ​វណ្ណា ដែល​មិន​ធ្លាប់បាន​សិក្សា​ពីមុន​។ 
 
​នៅពេល​ចាប់ផ្ដើម​រៀន​តាមរយៈ​បច្ចេកវិទ្យា​ដំបូងៗ និស្សិត​វ័យ​២០​ឆ្នាំ​រូបនេះ យល់ថា​វា​ពិបាក និង​មិន​ចូលចិត្ត​ទាល់តែសោះ​ជាមួយ​ការរៀន​បែបនេះ​។ ប៉ុន្តែ​ក្រោយពី​ចំណាយ​ពេលវេលា​សិក្សា​បន្ថែម​ពី​ការ​របៀប​ប្រើប្រាស់ ក​ញ្ញ គីម​សុ​វណ្ណា ក៏​យល់ច្បាស់​ពី​បច្ចេកវិទ្យា​ជាង​មុន និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​បច្ចេកវិទ្យា​ទាំងអស់នេះ​ថា ពិត​ជាមាន​ប្រយោជន៍​ណាស់​ដល់ក​ញ្ញា​ក្នុងអំឡុងពេល​វិបត្តិ​នេះ​។ 


 កញ្ញា ច្រឹក គីមសុវណ្ណា

​កញ្ញា គីម​សុ​វណ្ណា បាន​ប្រាប់ ThmeyThmey25 តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​មុនពេល​កើតមាន​ជំងឺ​កូ​វីដ​-១៩ ខ្ញុំ​មិនដែល​ស្គាល់​សោះ​ពី​កម្មវិធីសិក្សា​ទាំងអស់​ហ្នឹង គេ​ប្រើ​ដើម្បី​អី ហើយ​ប្រើ​របៀប​ម៉េច​ទេ​»​។​
 
​ក្រោយពី​ទទួលបាន​ចំណេះដឹង និង​របៀប​ប្រើប្រាស់​នៃ​កម្មវិធី​អប់រំ​ថ្មី​នេះ វា​ជួយ​ឱ្យ​កញ្ញា គីម​សុ​វណ្ណា មាន​ពេល​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​កិច្ចការ​សាលា ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​ប្រចាំថ្ងៃ​។ ជា​រៀងរាល់​ព្រឹក និង​ពេល​ល្ងាច កញ្ញា ទទួលបាន​មេរៀន​ដែល​គ្រូ​ដាក់​ឲ្យ​ពី​កម្មវិធី Google Classroom និង​ជួបពិភាក្សា​ជាមួយ​គ្រូ រួមទាំង​មិត្តភក្ដិ​ដទៃទៀត​តាម​កម្មវិធី Google Meet និង Zoom​។ 
 
​ទោះបីជា​បច្ចេកវិទ្យា​បានផ្ដល់​ផលប្រយោជន៍​ដល់ គីម​វណ្ណា ក៏ពិតមែន តែ​យុវតី​រូបនេះ​ក៏​ទទួលបាន​ផលប៉ះពាល់​ខ្លះ​ទៅលើ​សុខភាព​ផងដែរ ។ និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេល​ខ្ញុំ​ប្រើ​កុំព្យូទ័រ ឬ​ទូរ​សព្ទ​ច្រើនពេក ធ្វើ​ឲ្យ​ក្បាល និង​ភ្នែក​របស់ខ្ញុំ​ឈឺ ហើយ​មួយទៀត​គឺ​ខ្ញុំ​ត្រូវ​ចំណាយលុយ​ច្រើន​លើ​ការភ្ជាប់​អ៊ី​ន​ធើ​ណេ​ត និង​បញ្ចូល​កាត​ទូរ​សព្ទ​ជាដើម​»​។ ប៉ុន្តែ​ទោះបីជា​បែប​នោះ​ក្ដី កញ្ញា ក៏​ពេញចិត្ត​នូវ​ការសិក្សាអប់រំ​តាម​អន​ឡាញ​នេះ​។ 
 
​មិន​ខុសពី កញ្ញា គីម​សុ​វណ្ណា ឡើយ កញ្ញា រដ្ឋា ដា​នី​ត្តា ក៏​ជា​និស្សិត​កំពុង​សិក្សា​ពី​ចម្ងាយ​តាម​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត​ដែរ​។ ការផ្លាស់ប្ដូរ​ទម្លាប់​ម​ក​សិក្សា​បែបនេះ វា​ជួយ​ឲ្យ ដា​នី​ត្តា បាន​ស្គាល់​បច្ចេកវិទ្យា​ថ្មីៗ និង​ស្គាល់​មិត្តភក្ដិ​ថ្មីៗ ហើយក៏​មិន​បារម្ភ​ពី​ការឆ្លង​ជំងឺ រួមទាំង​ចំណេញ​ពេលវេលា​សិក្សា​ច្រើន ដោយ​មិនចាំបាច់​ចំណាយពេល​ជិះ​ទៅ​សាលារៀន ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​នោះឡើយ​។ មិនតែប៉ុណ្ណោះ ដា​នី​ត្តា ក៏​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ សម្រាប់​ទិញ​មុខទំនិញ ដែល​ខ្លួន​ត្រូវការ​ទៀតផង​។​


 កញ្ញា រដ្ឋា ដានីត្តា

​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកល​វិទ្យា​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ការប្រើប្រាស់​បច្ចេក​អំឡុង​ពេលនេះ មិនមែន​តែ​ការរៀន​មួយ​មុខ​ទេ ក្រៅពី​ហ្នឹង​ខ្ញុំ​អាច​កម្មង់​ទំនិញ​ផ្សេងៗ​តាម​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដោយ​ប្រើ​បច្ចេកវិទ្យា ហើយ​វា​ធូរ​ថ្លៃ​ជាង​ទៅ​ទិញ​ដល់​កន្លែង ព្រោះ​គេ​បញ្ចុះតម្លៃ និង​ដឹក​ឲ្យ​ហ្វ្រី​ទៀតផង​»​។ 
 
​ក្រៅពី​ការសិក្សា បច្ចេកវិទ្យា​នេះ ក៏​ជួយ​ឱ្យ​និស្សិត​អាច​រកចំណូលបាន​ផងដែរ​។ ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​កម្ពុជា កញ្ញា វុន ដា​នី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ទៅជា​រឿង​មាន​ប្រយោជន៍​ផ្សេងទៀត ដូចជា​អនុវត្ត​ការហាត់​ប្រាណ ,​លក់ និង​ទិញ​ផលិតផល​តាម​អន​ឡាញ​ជាដើម​។​
 
«​អំឡុង​ពេលនេះ ជាក់ស្ដែង​យើង​ផ្ដោត​ខ្លាំង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហ្នឹង​តែម្ដង ហើយ​អ្វីដែល​សំខាន់បំផុត​គឺ​ការសិក្សា ហើយ​មួយទៀត​គឺ ការរកចំណូល​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា ដូចជា​លក់​ផលិតផល​តាម​អន​ឡាញ​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់ ដា​នី ដែល​កំពុង​ស្រាវជ្រាវ​បន្ថែម​លើ​ការប្រើប្រាស់​បណ្ដាញ​សង្គម​យូ​ធូប​ផងដែរ​។ កញ្ញា ដា​នី មានបំណង​ចង់​ធ្វើ​វីដេអូ​បង្ហោះ​ក្នុង​យូ​ធូប​នៅពេល​ណាមួយ ដើម្បី​រក​ចំណូល​បន្ថែម​។​

កញ្ញា វុន ដានី
 
​រយៈពេល​៥​ខែ​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​ផ្អាក​ការសិក្សា​តាម​សាលារៀន ហើយ​បង្វែ​ការសិក្សា​នោះ តាមរយៈ​អន​ឡាញ​វិញ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ តាមពិតទៅ មុន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​នេះ ការរៀន​និង​បង្រៀន​អន​ឡាញ​ក៏​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​ការអប់រំ​តាមបែប​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចងក្រង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០១៩-២០២៣​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុ​វាចា ដែល​បាន​បន្ថែមថា ក្រសួង​បាន​បង្វែ​បញ្ហា​ប្រឈម​លើ​ការរៀន​អន​ឡាញ​ឱ្យទៅជា​ឱកាស​ពង្រឹង​ការអប់រំ​បែប​ឌីជីថល​៕
   
 
 

Tag:
 COVID-19
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com