អ្នកលេងគុនខ្មែរ ឡៅ ចិត្រា ដាក់គោលដៅដណ្តើមយកមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើខ្លួនមានវត្តមានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ដើម្បីឈានទៅសម្រេចមហិច្ឆតាខ្លួន ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមរូបនេះ ប្តេជ្ញាថា រូបគេនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។
ស្ថិតក្នុងវ័យ២២ឆ្នាំកីឡាករ ឡៅ ចិត្រា ហាក់ទទួលបានជោគជ័យគួរសមក្នុងវិស័យកីឡាប្រដាល់គុនខ្មែរក្រោយប្រឡូកអស់រយៈពេលប្រមាណ៦ឆ្នាំកន្លងមកនេះ។ ក្រៅពីខ្សែក្រវាត់នៅសង្វៀនបាយ័នឆ្នាំ២០១៧ និងខ្សែក្រវាត់មាសនៅសង្វៀនរបស់ PNN ចិត្រា ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធពីរក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី និងស៊ីហ្គេមឆ្នាំ២០១៩ នៅឥណ្ឌូណេស៊ី។
នៅឆ្នាំ២០២៣ ខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ជាលើកដំបូង។ ជាមួយគ្នានេះកីឡាករ ឡៅ ចិត្រា បានបង្ហាញពីគោលបំណង និងមហិច្ឆតាខ្លួនថា រូបគេ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ ដើម្បីសម្រេចគោលដៅក្នុងការដណ្តើមយកមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមរូបនេះបានបង្ហាញការប្តេជ្ញាដូច្នេះថា៖«សម្រាប់ស៊ីហ្គេមនៅវៀតណាមមានតែព្យាយាមខំប្រឹងពីឥឡូវទៅ ដើម្បីពង្រឹងសមត្ថភាពយើងទៅមុខ(ឲ្យកាន់តែខ្លាំង) ហើយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នឹងព្យាយាម បើមានឱកាសនឹងប្រកួតយកជ័យលាភីលេខ១។ សម្រាប់ខ្ញុំបើស៊ីហ្គេមគោលបំណងមានតែមេដាយមាស ដែលជាគោលបំណងធំរបស់ខ្ញុំ»។
ក្នុងបទសម្ភាសនោះដែរ កីឡាករ ឡៅ ចិត្រា ក៏បានចែករំលែកបទពិសោធពីការហ្វឹកហាត់ និងកត្តាដែលជួយឲ្យខ្លួនទទួលបានជោគជ័យផងដែរ។ សម្រាប់ ចិត្រា ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករមានសមត្ថភាពខ្លាំងមួយរូប កីឡាករគ្រប់រូបត្រូវមានការបែងចែកពេលវេលាហ្វឹកហាត់ឲ្យបានច្បាស់លាស់ ស្តាប់ដំបូន្មានគ្រូបង្វឹក ជាពិសេសត្រូវឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់។
កីឡាករ ឡៅ ចិត្រា បានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរក្នុងអំឡុងឆ្នាំ២០១៤ ជាមួយគោលបំណងចង់សាងភាពល្បីល្បាញដូចបងប្រុសខ្លួន គឺកីឡាករ ឡៅ ស៊ីណាត និងកីឡាករ ឡៅ ចន្ទ្រា។ ក្រោយប្រឡូកក្នុងវិស័យនេះ បានប្រមាណ៤ឆ្នាំ អ្នកប្រដាល់មកពីកំពង់ស្ពឺរូបនេះ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជ្រើសរើសឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនៅឆ្នាំ២០១៧ ក្រោយរូបគេឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។
នៅឆ្នាំ២០១៧ នេះហើយ ដែល ចិត្រា មានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ី តំណាងឲ្យកម្ពុជាជាលើកដំបូងក្នុងការប្រកួតអន្តរជាតិ។ សម្រាប់ការបង្ហាញខ្លួនលើកដំបូង ចិត្រា មិនទាន់អាចសម្រេចមហិច្ឆតារបស់ខ្លួនបាននោះទេ ដោយគេទទួលបានត្រឹមមេដាយសំរឹទ្ធ ក្រោយប្រកួតឈ្នះកីឡាករឥណ្ឌូណេស៊ី និងចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីដោយពិន្ទុ។ នៅពេលនោះកីឡាករ ឡៅ ចិត្រា មានបញ្ហាសុខភាព ដែលនាំឲ្យកម្លាំង និងស៊ុះរបស់គេធ្លាក់ចុះ។
ក្រោយមកនៅឆ្នាំ២០១៩ រូបគេត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសឲ្យចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។ សម្រាប់ការបង្ហាញខ្លួនជាលើកទីពីរនេះ ចិត្រា នៅតែមិនអាចស្វែងរកជ័យលាភីល្អជូនជាតិដដែល ដោយរូបគេទទួលបានត្រឹមមេដាយសំរឹទ្ធ។ ទោះបីកីឡាករវ័យ២២ឆ្នាំរូបនេះ ហាក់មិនទទួលបានជោគជ័យលើឆាកអន្តរជាតិ តែរូបគេមានភាពលេចធ្លោនៅក្នុងក្របខណ្ឌជាតិ។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមពីររដូវកាលជាប់គ្នារូបនេះ អះអាងថា វិស័យកីឡាប្រដាល់គុនខ្មែរមិនត្រឹមតែជួយលើកកិត្តិយសខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយលើកតម្កើងជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរទៀតផង។ តែត្រង់ចំណុចនេះ ចិត្រា មិនបានបញ្ជាក់លម្អិតនោះទេ គ្រាន់តែអះអាងថា មុនខ្លួនចូលប្រឡូកក្នុងវិស័យនេះគ្រួសារគេមានជីវភាពលំបាក តែក្រោយរូបគេ និងបងប្រុសចូលប្រឡូកក្នុងវិស័យនេះ ក៏ជួយឲ្យជីវភាពគ្រួសារខ្លួនមានភាពល្អប្រសើរឡើងវិញ។
បច្ចុប្បន្នកីឡាករ ឡៅ ចិត្រា កំពុងប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ នៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា៕