ការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន បណ្តាលឲ្យមានការឃុំមនុស្សបន្ថែម
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន បណ្តាលឲ្យមានការឃុំមនុស្សបន្ថែម
08, Aug 2020 , 1:00 pm        
រូបភាព
ក្រុមយុវជន ស្ថិតនៅមុខស្ថានទូតបារាំង ពេលយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ឲ្យដោះលែងលោក រ៉ុង ឈុន (រូបពីទំព័រហ្វេសប៊ុក N1M)
ក្រុមយុវជន ស្ថិតនៅមុខស្ថានទូតបារាំង ពេលយកញត្តិទៅដាក់សុំកិច្ចអន្តរាគមន៍ឲ្យដោះលែងលោក រ៉ុង ឈុន (រូបពីទំព័រហ្វេសប៊ុក N1M)
ដោយ: ថ្មីៗ
ដូចការព្រមាន អាជ្ញាធរ បានចាប់មនុស្ស៤នាក់ ដែលពាក់ព័ន្ធនឹងយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ អ្នកទាំង៤នាក់នោះ គឺអ្នកស្រី ឈិន វណ្ណា លោក ជុំ វុទ្ធី លោក ឈួ ផេង និង លោក អ៊ុក សំអូន។



ក្នុងចំណោមអ្នកទាំង៤ មាន២នាក់ គឺអ្នកស្រី ឈិន វណ្ណា និង លោក អ៊ុក សំអូន ត្រូវសមត្ថកិច្ច ដោះលែងវិញ ក្រោយរកមិនឃើញទោសកំហុស។ ចំណែក២នាក់ទៀត គឺលោក ជុំ វុទ្ធី និង លោក ឈួ ផេង ត្រូវសមត្ថកិច្ច បញ្ជូនទៅតុលាការរាជធានីភ្នំពេញ។

លោក សំ សុគង់ មេធាវីរបស់លោក ជុំ វុទ្ធី និងលោក ឈួ ផេង ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ថា កូនក្តីទាំង២របស់លោក ត្រូវបានចោទប្រកាន់ពី បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងតាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក អះអាងថា បច្ចុប្បន្ន កូនក្តីទាំង២របស់លោក កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ លោក បន្តថា សប្តាហ៍ក្រោយ លោក នឹងទៅជួបកូនក្តីរបស់លោក។

បើតាមលោក មេធាវី អ្នកទាំង២ ត្រូវចាប់ខ្លួន ពេលពួកគេ ទៅតាមមើលនិងតាមរកព្រះសង្ឃ ដែលត្រូវអាជ្ញាធរឃាត់ព្រះកាយ។

កាលពីថ្ងៃទី៥ ខែសីហា មានព្រះសង្ឃ៧-៨អង្គ និមន្តពីខេត្តបាត់ដំបង ដើម្បីចូលរួមជាមួយប្រជាពលរដ្ឋនិងក្រុមយុវជន ទៅមុខតុលាការរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ តែពេលមកដល់ភ្នំពេញ ដោយមិនទាន់បាននិមន្តទៅមុខតុលាការផង ព្រះអង្គ ក៏ត្រូវឃាត់ព្រះកាយទុកក្នុងវត្តថាន់ មិនឲ្យនិមន្តចេញក្រៅ ហើយអាជ្ញាធរ ក៏និមន្តព្រះអង្គ ទៅវត្តបទុមវតី ដើម្បីឲ្យមន្រ្តីសង្ឃ ជួយដោះស្រាយ។ ក្រោយមក ព្រះសង្ឃទាំងនោះ ក៏ត្រូវបានអាជ្ញាធរ និមន្តទៅខេត្តបាត់ដំបងវិញ។

ក្នុងអំឡុងពេលដែលព្រះសង្ឃ៧-៨អង្គនោះ ត្រូវឃាត់ព្រះកាយនៅវត្តថាន់ និងបញ្ជូនព្រះអង្គទៅវត្តបទុមវតី អ្នកទាំង៤នាក់ខាងលើ រួមទាំងក្រុមយុវជនមួយចំនួនទៀត បានទៅតាមដល់វត្តថាន់ និងបន្តទៅវត្តបទុមវតី ដើម្បីសុំជួបព្រះអង្គ និងទាមទារឲ្យដោះលែងព្រះអង្គវិញ។ ពួកគេ ក៏មានកាមេរ៉ានិងទូរស័ព្ទ ថតទិដ្ឋភាពក្នុងវត្ត និងថតសកម្មភាពអាជ្ញាធរដែរ ពេលពួកគេ ទៅរកព្រះសង្ឃ ដែលត្រូវឃាត់ព្រះកាយ។

លោកមេធាវី បញ្ជាក់ថា ពេលនោះហើយ ដែលអ្នកទាំង៤នាក់ ត្រូវឃាត់ខ្លួនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោក និយាយ ពួកគេ មិនបានប៉ះទង្គិចគ្នាជាមួយក្រុមអាជ្ញាធរឡើយ។

លោកមេធាវី មានប្រសាសន៍ថា៖«ខ្ញុំ យល់ថា ការឃាត់ខ្លួនពួកគាត់ មិនត្រឹមត្រូវទេ។ ពួកគាត់ មានសិទ្ធិតាមដានមើលសកម្មភាពអាជ្ញាធរ ព្រោះពួកគាត់ ក៏ជាម្ចាស់ឆ្នោតដែរ»។

លោកមេធវី លើកឡើងថា លោក ជុំ វុទ្ធី ជាសកម្មភាពនៃអតីតគណបក្សប្រឆាំង នៅខេត្តស្វាយរៀង ហើយលោក ឈួ ផេង ជាអ្នកគាំទ្ររបស់អតីតគណបក្សប្រឆាំង ដែលរស់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមលោកមេធាវីដដែល លោក ជុំ វុទ្ធី និង អ្នកស្រី ឈិន វណ្ណា គឺជាប្តីប្រពន្ធ។

ការចាប់អ្នកទាំង៤ខាងលើ គឺធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញសារព្រមានទន្ទឹមគ្នា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ព្រមាន​ថា ការប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន គឺ​មិនមែនជា​ទង្វើ​ត្រឹម​ត្រូ​ម​តាមច្បាប់​ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា ជាការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ «​ដែល​អាច​ប្រឈមមុខ​នឹង​ការ​ចោទ​កាន់​»  តាម​មាត្រា​៥២២​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុក​សកម្មភាពរ​បស់​ក្រុម​អ្នក​ទៅ​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា «​ខុសច្បាប់​» ហើយ​អំពាវនាវ​ឲ្យ​ពួកគេ បញ្ឈប់​ជាបន្ទាន់ «​មុននឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​»​។​

​ចំណែក​លោក ឃួ​ង ស្រេង ចាត់ទុក​សកម្មភាព​ជួបជុំ ហើយ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ថា​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ការធ្វើ​ចរាចរណ៍ និង ប្រាសចាក​ពី​គោលការណ៍​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាព​ប្រមូល​ផ្តុំគ្នា ក្នុងដំណាក់កាល​រីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្ទុយ​ពី​វិធានការ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួងសុខាភិបាល​កម្ពុជា​។​

​ក្នុង​សេចក្តីណែនាំ​របស់ខ្លួន លោក​អភិបាល​រាជធានី​ភ្នំពេញ តម្រូវ​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​ទាំងអស់ ត្រូវ​ជួន​ដំណឹង​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ លោក ព្រមាន​ថា រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ ដែល​គ្មាន​ការជូនដំណឹង «​ត្រូវ​ចាត់ទុកជា​ទង្វើ​ខុសច្បាប់ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​តាមច្បាប់​»​។​

ទោះរងការព្រមាននិងរហូតឈានដល់ការចាប់មនុស្សបែបនេះក្តី តែយុទ្ធនាការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មិនត្រូវបានបញ្ឈប់ឡើយ។ កាលពីថ្ងៃទី៥ ខែសីហា ក្រុមយុវជន នៅតែរួមគ្នាធ្វើដំណើរទៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ តែពួកគេ មិនបានដល់មុខតុលាការរាជធានីភ្នំពេញដូចបំណងនោះទេ ដោយទៅដល់ម្តុំវត្តមហាមន្រ្តី អាជ្ញាធរ ក៏ទៅរារាំង ហើយការប៉ះទង្គិចគ្នា ក៏កើតឡើង។ មានយុវតី២នាក់ បានរងរបួស ក្នុងការប៉ះទង្គិចនោះ។

ក្រោយ​មិនអាច​ទៅមុខ​តុលាការ​រាជធានី​ភ្នំពេញ ដោយសារតែ​អាជ្ញាធរ​រារាំង សាច់ញាតិ យុវជន និង ប្រជាពលរដ្ឋ​មួយចំនួន ក៏ប្រើមធ្យោបាយផ្សែង គឺនាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថានទូត​នៃ​ប្រទេស​ធំៗ ដូចជា ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង និង ស្ថានទូត​សហភាព​អឺរ៉ុប ជាដើម នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ឲ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន។​ 

ការយកញត្តិទៅដាក់នៅតាមស្ថានទូតបរទេស មិនត្រូវបានរារាំងដោយអាជ្ញាធរឡើយ ហើយក៏មិនមានការប៉ះទង្គិចគ្នា ឬការចាប់ខ្លួនដែរ។ តែអាជ្ញាធរ តាមឃ្លាំមើលក្រុមយុវជនទាំងនោះយ៉ាងតឹងរ៉ឹង។ ពេលចេញពីស្ថានទូតមួយ ទៅស្ថានទូតមួយ អាជ្ញាធរ បានធ្វើដំណើរតាមពួកគេជាប់ជានិច្ច។

ម្យ៉ាងទៀត អាជ្ញាធរ មិនអនុញ្ញាតឲ្យពួកគេ ធ្វើដំណើរដោយថ្មើរជើងឡើយ ដោយតម្រូវឲ្យពួកគេ ជិះម៉ូតូកង់បី ហើយអាជ្ញាធរ សុខចិត្តចេញថ្លៃឲ្យ។ មិនថានៅមុខស្ថានទូតបរទេស មិនថាពេលធ្វើដំណើរតាមម៉ូតូកង់បី ពួកគេ នាំគ្នាស្រែកថា «ដោះលែង លោក រ៉ុង ឈុន...! ដោះលែងលោក រ៉ុង ឈុន...!»។ 

លោក រ៉ុង ឈុន ដែលជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជា​មេ​សហជីព និង ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ត្រូវ​កម្លាំង​សមត្ថកិច្ច ទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​តុលាការ ចោទថា លោក បំភ្លៃ​ខុស​ការពិត​ពី​បញ្ហា​ព្រំដែន​។ បច្ចុប្បន្ន លោក កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ​ញុះញង់ឲ្យប្រព្រឹត្តអំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា៤៩៤ និងតាម​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ ​តុលាការ ចាត់ទុក​បទល្មើស​រប​ស់លោក ថា​ជា​បទល្មើស​ជាក់ស្តែង​។

កាលពី​ថ្មីៗ​នេះ លោក រ៉ុង ឈុន បាន​ចុះទៅ​ដើរ​មើល​តាម​តំបន់​មួយចំនួន តាម​បណ្តោយ​ព្រំដែន ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ជួប​សំណេះសំណាល​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​។ ក្រោយមក លោក ក៏​ចេញ​សេចក្តីថ្លែងការណ៍ ក្នុងនាម​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រជាពលរដ្ឋ​មួយចំនួន បាន​បាត់បង់​ដីធ្លី ដោយសារតែ​អាជ្ញាធរ​វៀតណាម រំលោភ​យក ហើយ​ការបោះបង្គោល​ព្រំដែន​ខ្លះ គឺ​បាន​ឈានចូល​មក​ដី​ខ្មែរ​។​

​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​វិញ ដោយបាន​ច្រានចោល​ទាំងស្រុង ចំពោះ​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន​។ គណៈកម្មាធិការ​កិច្ចការ​ព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍​រប​ស់លោក រ៉ុង ឈុន គឺ​បំភ្លៃ​ខុស​ការពិត និង​មាន​ចេតនា​វាយប្រហារ​ដល់​កិច្ចការ​ផ្នែក​ព្រំដែន​របស់​រដ្ឋាភិបាល​។​ ​

ទាំង​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​នានា ចេញ​មកជា​បន្តបន្ទាប់ អំពាវនាវ​ឲ្យ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក រ៉ុង ឈុន តែ​មិនទាន់​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។

លោក សំ សុគង់ ដែលការពារក្តីឲ្យលោក រ៉ុង ឈុន ដែរនោះ ផ្តល់ព័ត៌មានថា លោក បានដាក់សំណើទៅចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងលោក រ៉ុង ឈុន ជាបណ្តោះអាសន្ន។ លោក បន្ថែមថា បើចៅក្រមស៊ើបសួរ បដិសេធនឹងសំណើនេះ លោក នឹងបន្តដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យដោះលែងលោក រ៉ុង ឈុន ជាបណ្តោះអាសន្ន៕

Tag:
 ចាប់អ្នកតវ៉ាឲ្យដោះលែង រ៉ុង ឈុន
© រក្សាសិទ្ធិដោយ thmeythmey.com