កីឡាជាតិ
ជាតិ
ក្រុមកំពូលតារាងស្វាយរៀង ប៉ះ ក្រុមមិនស្គាល់ចាញ់ណាហ្គាវើល ខណៈវិសាខាស្វាគមន៍អង្គរថាយហ្គឺរ ណាហ្គាវើលតទល់ជាមួយព្រះខ័នរាជស្វាយរៀងនៅល្ងាចនេះ, រូបភាពពី CNCC
× ក្រុមមិនទាន់ស្គាល់ចាញ់ពីររួមមានព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលត្រូវប្រជែងគ្នា នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅល្ងាចថ្ងៃសៅរ៍នេះ។ ចំណែកក្រុមវិសាខាស្វាគមន៍អង្គរថាយហ្គឺរ ក្រោយគីរីវង់សុខសែនជ័យទទួលភ្នំពេញក្រោន។
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្តាតចាស់ក្លាយជាទីលានកាត់សេចក្តីជំនួបរវាងក្រុមណាហ្គាវើលជាមួយព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅម៉ោង៦ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នេះ។ វានឹងក្លាយជាជំនួបដ៏តានតឹង និងទាក់ទាញបំផុត ដ្បិតក្រុមទាំងពីរសុទ្ធសឹងមានសមត្ថភាពខ្លាំង និងមិនទាន់ស្គាល់ចាញ់ដូចគ្នា។
សម្រាប់៣ប្រកួតចុងក្រោយពួកគេសុទ្ធតែយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងនោះណាហ្គាវើល យកឈ្នះអាស៊ីអឺរុប ៤-២, យុវជនអាយុក្រោម១៨ឆ្នាំបាទី ៣-០ និងឈ្នះអគ្គិសនីកម្ពុជា ៥-១។ ចំណែកព្រះខ័នរាជស្វាយរៀងយកឈ្នះវិសាខា ៣-២, អង្គរថាយហ្គឺរ ២-០ និងឈ្នះអាស៊ីអឺរ៉ុប ៧-២។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងស្ថិតនៅកំពូលតារាងមាន២៥ពិន្ទុជាមួយកំណត់ត្រាឈ្នះ៨ និងស្មើ១ប្រកួត ខណៈណាហ្គាវើលឈរលេខរៀងទី៣មាន២១ពិន្ទុ ជាមួយលទ្ធផលឈ្នះ៦ស្មើ៣។ ស្វាយរៀងត្រូវការឈ្នះណាហ្គាវើលនៅល្ងាចនេះ ដើម្បីបន្តគ្រងកំពូលតារាងប្រចាំសប្តាហ៍ទី១១ ខណៈណាហ្គាវើលត្រូវការឈ្នះដើម្បីឡើងទៅឈរលេខរៀងទី២បណ្តោះអាសន្ន។ តើក្រុមទាំងពីរមួយណាអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់របស់ខ្លួនបាននៅល្ងាចនេះ?
នៅម៉ោង៦ល្ងាចនេះដែរ ក្រុមវិសាខាត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ស្វាគមន៍ក្រុមមកពីខេត្តសៀមរាបអង្គរថាយហ្គឺរ។ បច្ចុប្បន្នវិសាខាស្ថិតនៅលេខរៀងទី៤មាន១៩ពិន្ទុ ក្រោយឈ្នះ៦ ស្មើ១ និងចាញ់៣ ខណៈអង្គរថាយហ្គឺរស្ថិតនៅលេខរៀងទី៧មាន១៥ពិន្ទុ ក្រោយឈ្នះ៤ ស្មើ៣ និងចាញ់២។
បើយើងមើល៣ប្រកួតចុងក្រោយក្រុមទាំងពីរឈ្នះ២ និងចាញ់១ដូចគ្នា ក្នុងនោះវិសាខាចាញ់ព្រះខ័នរាជស្វាយរៀង ៣-២ ឈ្នះអាស៊ីអឺរ៉ុប ១០-១ និងឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៦-០។ ចំណែកអង្គរថាយហ្គឺរចាញ់ព្រះខ័នរាជស្វាយរៀង ២-០ ឈ្នះអាស៊ីអឺរ៉ុប ៣-០ និងឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ២-០។
មុនការប្រកួតដ៏ជក់ចិត្តទាំងពីរខាងលើមកដល់ ក្រុមគីរីវង់សុខសែនជ័យត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវភ្នំពេញក្រោននៅម៉ោង៣:៣០នាទីរសៀល៕
Tag:
Cambodian League 2020
ព្រះខ័នរាជស្វាយរៀង
ណាហ្គាវើល
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com