ជាតិ
សេដ្ឋកិច្ច
ទោះ​កម្ពុ​ជាមាន​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន បើ​ថ្លៃដើម​កសិផល​នៅតែ​ខ្ពស់ គឺ​មិនអាច​ប្រជែង​នឹង​គេ​បានឡើយ
08, Aug 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ចិន បានបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​(FTA) ដោយ​នៅតែ​រង់ចាំ​ការចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ នៅពេល​ខាងមុខ​ដ៏​ខ្លី​ឆាប់ៗ​នេះ​។ ពាណិជ្ជកម្ម​ទ្វេភាគី​នេះ គឺជា​ការបើក​ទីផ្សារ​ពិភពលោក​ដ៏​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការនាំ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​ដោយ​សេរី​។ ទោះជា​កម្ពុជា​អាច​នាំ កសិផល​ទៅកាន់​ទីផ្សារ​ចិន​ដោយ​សេរី​ក៏ដោយ  ក៏​មន្ត្រីជាន់ខ្ពស់​រូបនេះ​នៃ​ក្រសួងកសិកម្ម ព្រួយបារម្ភ​យ៉ាងខ្លាំង​ថា បើសិន​បើ​ថ្លៃដើម​ផលិតកម្ម​កសិកម្ម​កម្ពុ​ជា​នៅតែ​ខ្ពស់​ជាងគេ នោះ​កម្ពុជា​គឺ​មិនអាច​ប្រកួតប្រជែង​នឹង​គេ​បានឡើយ​។​

«[​យើង​] អាច​ផលិត និង​នាំចេញ​កសិផល​កសិកម្ម​បាន លុះត្រាតែ​យើង​ធ្វើការ​រួមគ្នា​ជា​ចង្កោម​ឬ​ជា​កញ្ចប់ មាន​ភាព​ប្រឡាក់​ក្រឡា​គ្នា នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​នៃ​ដំណាំ​នីមួយៗ ចាប់ពី​ការដាំដុះ រហូតដល់​ការនាំចេញ ដាក់​លើក​ប៉ាល់​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ ដោយ បន្ត​អះអាង​ដូច្នេះ​៖«​ប្រសិនបើ​យើង​ជំរុញ​តែ​ផលិតកម្ម តែ​ផលិតកម្ម​នោះ នៅពេលដែល​ដាក់​នៅលើ​កប៉ាល់​ដឹក​ទៅដល់​ទឹកដី​ប្រទេស​ចិន តម្លៃ​យើង​ថ្លៃ​ជាងគេ ទោះបីជា​យើង​មាន​ពាណិជ្ជកម្ម​សេរី [​សេរី​នាំចូល​] ពិតមែន ក៏ប៉ុន្តែ​គឺ​ខ្វះ​ការប្រកួតប្រជែង​»​។ 
 
​បើតាម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​រូបនេះ ដើម្បី​ធ្វើឱ្យ​ថ្លៃដើម​នៃ​កសិផល​កសិកម្ម​កម្ពុជា​មានតម្លៃ​ទាប និង​មាន​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​ចិន​នោះ គឺ​ត្រូវមាន​ការអនុវត្ត​រួមគ្នា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​។ ទាំង​ដៃគូ​អភិវឌ្ឍ ទាំង​វិស័យ​ឯកជន និង​ជាពិសេស​ទាំង​ស្ថាប័នរដ្ឋ​ដែល​ស្ថិតនៅក្នុង​ចង្កោម​នៃ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម ចាប់ពី​ការដាំដុះ​រហូតដល់​ការដាក់​ទំនិញ​លើក​ប៉ាល់​នាំចេញ​។ នេះ​ជាការ​លើកឡើង​របស់លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​។​
 
​លោក ងិន​ឆាយ បាន​ប្រសាសន៍​ដូច្នេះ​៖«​យើង​ជំរុញ​សហប្រតិបត្តិការ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ​»​។  បច្ចុប្បន្ននេះ​ក្រៅពី​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​បង្កើន​ផលិតកម្ម ដាំ​ដុះ​ហើយ​នោះ ក្រសួងកសិកម្ម ក៏​ជំរុញ និង​ទាមទារ​យ៉ាង​ចាំបាច់​ក្នុងការ​បង្កើន​កិច្ចសហការ​បន្ថែម​ពី​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម​។ រួមមាន​៖ ក្រសួង​ធនធានទឹក និង​ឧតុ​និ​ម​យ​, ក្រសួង​រ៉ែ និង ថាមពល​, ខាង​សេវា​ដឹកជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក​ជាដើម ដោយ​ធ្វើ​យ៉ាង​ដើម្បីឱ្យ​ថ្លៃដើម​នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទាប​ទាំង​ថ្លៃ​ផលិត ទាំង​ថ្លៃ​កែច្នៃ និង​ទាំង​ការដឹកជញ្ជូន​។​


 ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ថ្លែង​ក្នុង​ឆាយ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០​។​

«​បើ​យើង​ជំរុញ​ការដាំដុះ យើង​ត្រូវតែ​សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​កសាង​ប្រព័ន្ធធារាសាស្ត្រ ឱ្យ​ឆ្លើយតប​នឹង​ការដាំដុះ​របស់​យើង​។ យើង ត្រូវ​ទាក់ទង​ជាមួយ​ខាង​អគ្គិសនី ដែលមាន​ក្រសួង​រ៉ែ​និង​ថាមពល [​ថា​] តើ​យើង​គួរ​មាន​យន្តការ​ក្នុងការ​កាត់បន្ថយ​ឬ​បន្ធូរ​ថ្លៃ​អគ្គិសនី​យ៉ាងណា សម្រាប់​ការដាំដុះ ក៏​ដូចនឹង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ យើង​ត្រូវ​ពិភាក្សា​ជាមួយ​ខាង​ដឹកជញ្ជូន ថា​តើ​ការដឹកជញ្ជូន​គួរតែមាន​លក្ខខណ្ឌ​មួយ​សម្របសម្រួល​យ៉ាងម៉េច​។ យើង​ត្រូវធ្វើ​ការងារ​ទាក់ទង​ជាមួយ​ខាង​កំពង់ផែ នៅពេលដែល​យើង​ដាក់​ទំនិញ​យើង​ទៅ តើ​ត្រូវមាន​ការអនុគ្រោះ​យ៉ាងម៉េច​»​។​
 
​ចំណុច​ទាំងនេះ​ជា​អ្វីដែល​លោក ងិន ឆាយ គិតថា​វា​ជា​ការងារ​ចាំបាច់​និង​សំខាន់​ដែល​ត្រូវ​ទាមទារ​គ្រប់​ពី​ភាគី ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ អនុវត្ត​រួមគ្នា ដើម្បី​បម្រើ​ដល់​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅ​អន្តរជាតិ ប្រកបដោយ​ការប្រកួតប្រជែង​គ្នា មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច  និង​មាន​និរន្តរ៍ភាព​ទីផ្សារ​។ 
 
​ជាមួយគ្នានេះ​លោក ងិន ឆាយ  បានបញ្ជាក់​ឡើងវិញ​ថា ពាណិជ្ជកម្ម​សេរី​ភាគី​រវាង​កម្ពុជា​-​ចិន​នេះ គឺជា​ការបន្ធូរបន្ថយ​ពន្ធគយ​ប៉ុណ្ណោះ​។ វា​មិនមែនជា​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ភូតគាម​អនាម័យ​ហើយក៏​មិនមែនជា​បន្ធូរបន្ថយ​ផ្នែក​គុណភាព និង​សុវត្ថិភាព​ដែរ​។  ដូច្នេះ គុណភាព សុវត្ថិភាព និង​លក្ខខណ្ឌ​ភូតគាម​អនាម័យ​នៃ​មុខ​ដំណាំ​នីមួយៗ គឺ​ត្រូវតែ​អនុវត្តតាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នៃ​ប្រទេស​ត្រូវ​នាំចូល​នោះ​។ ជាពិសេស​គឺ​ត្រូវ​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ជា​ធរមាន​។ 
 
​ការចរចា​បើក​ទីផ្សារសេរី​នេះ គឺជា​ការបើក​ទីផ្សារ​មួយ​ដ៏​ធំ ដែលជា​ឱកាស​មួយ​ដ៏​ល្អ ពង្រីក​វិសាលភាព ក៏ដូចជា​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នេះ កម្ពុជា​គឺ​ត្រូវ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែខ្លាំង ក្នុង​ការដាំដុះ​ដំណាំ​ឱ្យមាន​ថ្លៃដើម​ទាប ទើប​អាច​ប្រកួតប្រជែង​នឹង​គេ​បាន​។ កសិផល​របស់​កម្ពុជា​ត្រូវមាន​ទាំង​គុណភាព មានទាង​សុវត្ថិភាព ជាពិសេស​គឺអាច​មាន​អនុលោមភាព​ទៅតាម​លក្ខខណ្ឌ​ភូតគាម​អនាម័យ​នៃ​ប្រទេស​នាំចូល​ទាំងនោះ​។ នេះ​ជា​លើកឡើង​របស់ លោក ងិន ឆាយ ដោយ​បន្ថែម​យ៉ាងខ្លី​ថា​៖«​ប្រសិនបើ​យើង​មើលរំលង​ការងារ​ខាងក្រោម​ទាំងនេះ នោះ​ការនាំចេញ​របស់​យើង​ក៏​មិនអាច​សម្រេច​ទិសដៅ​បានដែរ​»​។ 
 
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក្រៅពី​មើលឃើញថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន​នេះ ផ្ដល់​អត្ថប្រយោជន៍​គ្នា​ទៅវិញទៅមក​ហើយ​នោះ  លោក ក៏បាន​បង្ហាញ​ពី​ក្តីបារម្ភ​ផងដែរ​ថា តើ​កម្ពុជា​បាន​ត្រៀមខ្លួន​ល្អ​ហើយ​ឬ​នៅ ក្នុងការ​ទទួល​ឬ​ចាប់​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ខណៈ​ថ្លៃដើម​ផលិតកម្ម​នៃ​ដំណាំ​នីមួយៗ មានតម្លៃ​ខ្ពស់​ដែល​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ទីផ្សារ​អន្តរជាតិ​។  
 
​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្តីពី​សារប្រយោជន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កាលពី​សប្តាហ៍​មុន​នៅ​ថ្ងៃទី​២៨​សីហា ឆ្នាំ​២០២០  លោក​បាន​ព្រមាន​ថា កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ​ទើប​អាច​ទទួលបាន​ផលប្រយោជន៍​ពិតប្រាកដ​ក​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ បើតាម​លោក សុខ ទូច កម្ពុជា​ត្រូវ​រៀបចំ និង​ដោះស្រាយ​បញ្ហា​មួយចំនួន រួមមាន​ការដឹកជញ្ជូន​, ការិយាល័យ​ធិបតេយ្យ​, បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវ​: និង​តម្លៃ​អគ្គិសនី​។ ជាពិសេស​ពង្រឹង​ការវិនិយោគ​ក្នុងស្រុក និង​បច្ចេកទេស​ដាំ​ដុះ​ដល់​កសិករ​។ ការរៀប​ដោះ និង​រៀបចំ​ប្រព័ន្ធ​ខ្សែ​ច្រ​វ៉ា​ក់​នៃ​ដំណាំ​នីមួយៗ គឺ​ដើម្បី​ធ្វើឱ្យ​ថ្លៃដើម​ផលិតកម្ម​ថោក នោះ​កម្ពុជា​នឹងមាន​ភាព​ក្រ​កួត​ប្រជែង​ក្នុង​ទីផ្សារ​ពាណិជ្ជកម្ម​ជា​សេរី​ជាមួយ​ចិន ក៏​ដូច​ទីផ្សារ​អន្តរជាតិ​នានា​។ 
 


លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ស្ថិតក្នុងកិច្ចប្រជុំក្រុមអ្នកប្រវត្តិសាស្ត្រលើកទី៤ ស្ដីពី «កិច្ចពិភាក្សាស្វែងរកគំនិតយោបល់ សម្រាប់ការចងក្រងក្រុមអ្នកសរសេរប្រវត្តិសាស្ត្រកម្ពុជា»​ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។ 

​សម្រាប់​លោក សុខ ទូច  បើសិន​តម្លៃ​ថ្លៃដើម​កាន់តែ​ទាប ឱកាស​ប្រកួតប្រជែង​មាន​កាន់តែ​ខ្ពស់​។ ក្រៅពី​ជំរុញឱ្យមាន​ការពង្រឹង​ការប្រកួតប្រជែង​ហើយ លោក សុខ ទូច ក៏​ស្នើឱ្យ​អភិបាលខេត្ត​ទាំងអស់ ជួយ​រៀបចំ​ជា​សហគមន៍ និង​ជា​ប្រព័ន្ធ រវាង​ខេត្ត​និង​ខេត្ត ដើម្បី​ធ្វើឱ្យ​ទីផ្សារ​កសិកម្ម​ឋិត​ឋេ​រ ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​កសិករ​។ ក្នុងន័យនេះ​លោក សុខ ទូច ចង់​ពន្យល់ថា បើ​ខេត្ត​មួយ ដាំ​ល្ពៅ ត្រឡាច ឬ​បន្លែ​ផ្សេងៗ​នោះ គឺ​ទុកឱ្យ​ខេត្ត​នោះ​ជា​អ្នក​ផលិត និង​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ ឯ​ខេត្ត​ផ្សេងទៀត​ត្រូវ​ដាំ​ដំណាំ ផ្លែឈើ​ផ្សេង​ក្រៅពី​ផលិត​នោះ ដើម្បី​កុំឱ្យ​ជាន់​ទីផ្សារ​គ្នា ហើយ​ទទួលបាន​ផលប្រយោជន៍​ស្មើគ្នា​។ 
 
​ចិន​បាន​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​៣៤០​មុខ​របស់​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (FTA )​។  លោក សុខ សុ​ភ័​ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ទំនិញ​៣៤០​មុខ​នេះ ទទួលបាន​ការអនុគ្រោះ​ពន្ធ​៩៥​ភាគរយ ឬ​មិន​គិត​ពន្ធ​តែម្ដង​។ បានន័យថា ទំនិញ​ទាំងនោះ ភាគច្រើន​បង់ពន្ធ​នាំចូល​ទីផ្សារ​ចិន​តែ​៥​ភាគរយ​។ 
 
​ត្រង់ចំណុច​នេះ​លោក សុខ សុ​ភ័​ក្រ បាន​លើក​ជា​ឧទាហរណ៍​ថា ម្រេច​កម្ពុជា ដែល​ត្រូវ​បង់ពន្ធ​២០​ភាគរយ កាលពីមុន​នោះ គឺ​មិនត្រូវ​បង់ពន្ធ​ទៀត​នោះទេ ក្រោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ធរមាន​។ ក្រៅពី​ម្រេច ក៏មាន​ផ្លែឈើ ត្រី សាច់ និង​ប្រភេទ​សត្វ​សមុទ្រ​ផ្សេងទៀត ក៏​រួច​ពន្ធ​ផងដែរ​។​
 
​ប៉ុន្តែ​អ្វី​ដែលជា​កង្វល់​នោះ គឺ​ការប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ចិន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ នោះ​ក៏​ព្រោះតែ​ទំនិញ​របស់​ចិន មានតម្លៃ​ថោក​ជាង​ទំនិញ​កម្ពុជា​។​
 
​លោក គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច បាន​បង្ហាញថា ផលិតផល​បន្លែ​ចិន មានតម្លៃ​ថោក​ជាង​ផលិតផល​ក្នុងស្រុក ដូច្នេះ​កម្ពុជា​អាច​ក្លាយជា​កន្លែង​បង្ហូរ​ផលិតផល​កសិកម្ម​បន្លែ​ពី​ចិន​។ ត្រង់ចំណុច​នេះ លោក សេរី​វឌ្ឍន៍ ជំ​រុញឱ្យ​កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ និង​ត្រៀមខ្លួន​ទប់​ស្ថានការណ៍​នេះ​។​
 


លោក សុខ សុ​ភ័​ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ចរចា​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​-​កម្ពុជា កំពុង​ថ្លែង​ពី​លទ្ធផល​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៨ កក្កដា​។ 

«​ប្រសិនបើ​ការរៀបចំ​ខ្លួន​ឆ្លើយតប​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន មិន​គ្រប់គ្រាន់​ទេនោះ នឹងធ្វើ​ឱ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាត់​តុល្យភាព ហើយ​លំហូរ​ពាណិជ្ជកម្ម​នឹង​ធ្ងន់​ទៅខាង​ចិន​។ លំហូរ​ទំនិញ​ពី​ចិន​នឹង​ហូរ​ចូលមក​ទីផ្សារ​កម្ពុជា ហើយ​កម្ពុជា ត្រូវការ​រៀបចំខ្លួន​ជា​ចាំបាច់​សម្រាប់​ទប់​លំហូរ​ទំនិញ​របស់​ចិន ដើម្បីឱ្យ​កម្ពុជា អាច​បង្កើន​វិនិយោគ​និង​ផលិតកម្ម​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល ឬក៏​សម្រាប់​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ចិន​វិញ​»​។ នេះ​បើតាម​លោក គី សេរី​វឌ្ឍន៍​។​
 
​តែ​យ៉ាងណា​លោក សុខ សុ​ភ័​ក្រ អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ វា​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សហគ្រិន​ធុន​តូច និង​មធ្យម (SME) និង​វិស័យ​កសិកម្ម​នោះទេ ប៉ុន្តែ​វា​ជាការ​ពង្រឹងសមត្ថភាព SME ក្នុងការ​ប្រកួតប្រជែង​ទៅវិញ​។ ជាពិសេស​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម សម្រាប់​ការនាំចេញ​។ បើតាម​លោក សុខ សុ​ភ័​ក្រ ក្រុមការងារ​ក្រសួង នឹង​ចុះទៅ​ជួយ SME ជាពិសេស​ផ្នែក​កសិកម្ម ពី​របៀប​ផលិត​នាំ​ចេញទៅ​ប្រទេស​ចិន​។​
 
​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា ក៏បានផ្ដល់​ការអនុគ្រោះ​ពន្ធ​នាំចូល​មុខទំនិញ​ពី​ចិន​ដែរ​។ កម្ពុជា​បាន​អនុគ្រោះ​លើ​ផលិតផល​ចិន រួមមាន ដែក គ្រឿងបន្លាស់ គ្រឿង​បង្គុំ និង​គ្រឿងចក្រ​ធំ​ជាដើម​។ នេះ​បើតាម​លោក សុខ សុ​ភ័​ក្រ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី លទ្ធផល​បញ្ចប់​នៃ​កិច្ចចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន (FTA ) នា​ព្រឹក​ថ្ងៃទី​២៨ កក្កដា​។​
 
​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ទឹកប្រាក់​ជាង ១០០០​លាន​ដុល្លារ ខណៈ​ចិន​នាំ​ចូលមក​កម្ពុជា​វិញ ជាង​៦០០០​លាន​ដុល្លារ​។ ទំនិញ​ដែល​កម្ពុជា នាំទៅ​ទីផ្សារ​ចិន ភាគច្រើន ជា​ប្រភេទ​ផលិតផល​កសិកម្ម ឯ​ចិន​នាំមក​កម្ពុជា ភាគច្រើន​ជា​សម្ភារ​បច្ចេកទេស គ្រឿងបន្លាស់ និង​គ្រឿងចក្រ​ធំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លោក សុខ សុភ័ក្ត្រ  រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​៕
 
 
 
 

Tag:
 កសិកម្ម​
  FTA
  លោក ងិន ឆាយ​
 ​លោក សុខ ទូច​
  លោក សុខ សុ​ភ័​ក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com