ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (A Mengly J. Quach Education) ដែលមានឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាថ្នាក់ដឹកនាំ បានបើកកម្មវិធីសម្ភោធជាផ្លូវការនូវវណ្ណកម្មថ្មីលើកទី៧ ក្រោមចំណងជើង «បណ្ដុំទស្សនៈ» (The Philosophy Colletion) នៅបណ្ណាគារ ម៉ូនូមែនប៊ុក (Monument Book)។
ថ្លែងក្នុងកម្មវិធីបើកសម្ភោធវណ្ណកម្មថ្មីនេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ថវិការដែលបានមកពីការលក់សៀវភៅរបស់លោក ដោយបានបោះពុម្ភ ៦លើករួចមកហើយ និងលើកទី៧ ទើបនឹងសម្ភោធក្នុងថ្ងៃនេះ គឺលោកមិនមែនយកកមធ្វើជាកម្រៃរបស់ខ្លួនឡើយ។ ប៉ុន្តែលោកនឹងបរិច្ចាគថវិការទាំងអស់នោះ ដាក់ចូលជាមូលនិធិសប្បុរសធម៌ ម៉េងលី ជេ. គួច ដើម្បីបម្រើដល់ការងារមនុស្សធម៌ ក្នុងសង្គម។
លោក បន្តថា ការធ្វើបែបនេះ គឺដោយសារតែលោក ចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍលើប្រព័ន្ធអប់រំ និង ចែករំលែកអំពីគំនិតវិជ្ជមាន ក្នុងន័យជំរុញលើកទឹកចិត្ដដល់មិត្តអ្នកអាន តម្រង់ផ្លូវរុករកឧត្ដមភាពក្នុងជីវិត ការសិក្សា ការងារ ដើម្បីវិវត្តខ្លួនក្លាយទៅជាបុគ្គលជោគជ័យ។ លោកឧកញ៉ាវេជ្ជបណ្ឌិត រំពឹងទទួលបានការគាំទ្រច្រើន និងបញ្ចេញលក់បានច្រើនទៅលើវណ្ណកម្មថ្មីនេះ ពីសំណាក់បងប្អូនមិត្តអ្នកអានគ្រប់វ័យ ដែលជាអ្នកគាំទ្រលោកឧកញ៉ា ផងដែរ។
៤ចំណុចលម្អិតអំពីវណ្ណកម្ម «បណ្ដុំទស្សនៈ» រួមមានដូចខាងក្រោម៖
១- កិច្ចពណ៌នាអំពីសៀវភៅ
- បណ្ដុំទស្សនៈ មានកម្រាស់ ៣០៦ទំព័រ
- ជាស្នាដៃទី៧ របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
- បោះពុម្ពលើកទី១ ចំនួន ៣ ០០០ក្បាល
- ថវិកាដែលបានមកពីការលក់សៀវភៅ នឹងបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ. គួច
២- ខ្លឹមសារសៀវភៅ
- រៀបរាប់អំពីដំណើរជីវិត បទពិសោធ និង ភាពជោគជ័យ ដែលអ្នកនិពន្ធបានឆ្លងកាត់កន្លងមក។
- រៀបរាប់អំពីគន្លឹះក្នុងការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និង គតិអាជីវកម្ម។
៣- ប្រភេទសៀវភៅ
ជាប្រភេទកម្រងបណ្ដុំទស្សនៈ ដែលអាចផ្ដល់ចំណេះដឹងឬពុទ្ធិដល់មិត្តអ្នកអានគ្រប់
ស្រទាប់វណ្ណៈ និងគ្រប់វ័យ។
៤- គុណតម្លៃសៀវភៅ
វណ្ណកម្មនេះកើតចេញពីទស្សនៈ និងគំនិតផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំងឬពាក់ព័ន្ធនឹងគោលការណ៍នៃទស្សនៈឬគំនិតរបស់ទ្រឹស្ដីណាមួយនោះឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅនេះនឹងធ្វើឱ្យអ្នកអានចេះកសាងសុភមង្គលក្នុងគ្រួសារ ចេះតស៊ូក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។
បន្ថែមពីនេះ វណ្ណកម្មនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ ស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ។ រឹតតែពិសេស សៀវភៅនេះនឹងធ្វើឱ្យអ្នកអាន ជាពិសេសសិស្សនិស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ថារៀនយ៉ាងម៉េចដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនាអនាគតកាល៕
(អត្ថបទពាណិជ្ជកម្ម)