«​ទឹកធ្លាក់​ជ្រាវ​» នៅ​អម​លាំង​ខេត្តកំពង់ស្ពឺ ទី​លំហែកាយ​ដ៏​ត្រជាក់ត្រជំ​នា​ថ្ងៃ​ឈប់សម្រាក​
ជាតិ
«​ទឹកធ្លាក់​ជ្រាវ​» នៅ​អម​លាំង​ខេត្តកំពង់ស្ពឺ ទី​លំហែកាយ​ដ៏​ត្រជាក់ត្រជំ​នា​ថ្ងៃ​ឈប់សម្រាក​
08, Aug 2020 , 8:29 pm        
រូបភាព
​ទឹកធ្លាក់​ជ្រាវ ជាទី​ទេសចរណ៍​មួយ មាន​ទឹកធ្លាក់​កម្ពស់រ​ហូត​ដល់ ១៥០​ម៉ែត្រ អម​ជាមួយ​សម្រស់​ធម្មជាតិ​ព្រៃភ្នំ​ស្ថិតនៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ និង​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ បាន​ត្រៀមខ្លួន​រួច​រង់ចាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ក្នុងពេល​ឈប់សម្រាក​ជំនួស​ពេល​ចូលឆ្នាំ​នាពេលខាងមុខ​។ ទឹកធ្លាក់​ជ្រាវ មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ​។



​ចាប់ពី​ថ្ងៃទី​១៧-២១ ខែសីហា​ខាងមុខ រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ឈប់សម្រាក​ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចំនួន ៥​ថ្ងៃ​។ ប្រជាពលរដ្ឋ ដែលមាន​គម្រោង​ធ្វើដំណើរ​កម្សាន្ត អាច​ជ្រើសរើស​រមណីយដ្ឋាន «​ទឹកធ្លាក់​ជ្រាវ​» នៅ​ខេត្តកំពង់ស្ពឺ សម្រាប់​លំហែកាយ និង​កម្សាន្ត​សប្បាយ​នា​ថ្ងៃ​ឈប់សម្រាក​។​


 
«​ទឹកធ្លាក់​ជ្រាវ​» ជា​តំបន់​ទេសចរណ៍​មួយ​ដែលមាន​ឈ្មោះ​ល្បី​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ទាក់ទាញ​ភ្ញៀវទេសចរ តាមរយៈ​សម្រស់​ទឹកធ្លាក់​ដែល​អាច​ឲ្យ​ទេសចរ​ងូត​លេង​កម្សាន្ត មើល​សម្រស់​ព្រៃឈើ​យ៉ាង​ស្រស់បំព្រង​។ លើសពីនេះ ភ្ញៀវទេសចរ​អាច​បោះតង់​សម្រាក​នៅ​ចង្កេះភ្នំ​ជ្រាវ គេង​ស្ដាប់​សំឡេង​សត្វព្រៃ​ជាមួយ​អាកាសធាតុ​ត្រជាក់ និង​មើល​សម្រស់​ព្រៃភ្នំ​។ សម្រាប់​ទេសចរ​ដែល​ចង់ទៅ​បោះតង់​គួ​តែ​ទាក់ទង​ជាមួយ​ប្រជាជន​ក្នុង​សហគមន៍ ដើម្បី​ការពារ​សុវត្ថិភាព និង​ជៀសវាង​ការ​វង្វេង​ក្នុងព្រៃ​។ នេះ​បើ​យោងតាម​កា​រៀបរាប់​របស់លោក សៅ សារ៉ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​។​
 
​តំបន់​ទេសចរណ៍​ជ្រាវ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ទទួលភ្ញៀវ​ទេសចរ​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ លើកឡើងថា​៖ « យើង​បាន​ត្រៀមខ្លួន​ក្នុងការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ដូចជា ទឹកជ្រោះ​ជ្រាវ រមណីយដ្ឋាន​គីរីរម្យ​ក្រោម ឧទ្យាន​ជាតិ​គីរីរម្យ ភ្នំ​ខ្នង​ផ្សា និង​តំបន់​ទេសចរណ៍​ផ្សេងទៀត ត្រូវមាន​ការរៀបចំ​ទទួលភ្ញៀវ​ទេសចរ​នៅពេល​ឈប់សម្រាក​ខាងមុខ ទៅលើ​សេវាកម្ម​ម្ហូបអាហារ និង​មានការ​អភិវឌ្ឍន៍​សេវាកម្ម​ទេសចរណ៍​ដែល​ក្នុង​សហគមន៍​គាត់​មាន​»​។ 


 
​សូម​ជម្រាប​ផងដែរ​ថា ក្នុង​មួយខែ ទឹកជ្រោះ​ជ្រាវ​អាច​ទទួលបាន​ប្រហែល​បាន​ភ្ញៀវទេសចរ​ប្រហែល ៦០០​នាក់ ទៅ ៧០០​នាក់ និង​សម្រាប់​ថ្ងៃ​ឈប់សម្រាក​អាចមាន​ភ្ញៀវទេសចរ​រហូត​រាប់ពាន់​នាក់​។ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​ទឹកជ្រោះ​ជ្រាវ មាន​ទីតាំង​ស្ថិតនៅ ឃុំ​អម​លាំង ស្រុក​ថ្ពង មាន​ចម្ងាយ​៧១​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ស្ពឺ​៕
 


​រូបភាពមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ

© រក្សាសិទ្ធិដោយ thmeythmey.com