ជាតិ
ដើម្បី​ចិញ្ចឹម​បង្កង​ជោគជ័យ ត្រូវ​យកចិត្តទុកដាក់​លើក​ត្តា​៣​យ៉ាង​
08, Aug 2020 , 9:59 pm        
រូបភាព
រូបភាពពីកសិដ្ឋានចិញ្ចឹមបង្កងខេត្តកំពង់ចាម
រូបភាពពីកសិដ្ឋានចិញ្ចឹមបង្កងខេត្តកំពង់ចាម
ដោយ:
​ការរៀបចំ​ស្រះ​ចិញ្ចឹម ការជ្រើសរើស​ពូជ និង​ការផ្ដល់​ចំណី ដំណាក់កាល​ទាំង​៣ សំខាន់​ក្នុងការ​ចិញ្ចឹម​បង្កង​។ នេះ​បើតាម​ការដកស្រង់​ចេញពី​សៀវភៅ​បច្ចេកទេស​កសិកម្ម ដោយ​នាយកដ្ឋាន​វារីវប្បកម្ម នៃ​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​។​

 
​ការរៀបចំ​ស្រះ​ចិញ្ចឹម​៖ ទីតាំង​ជីក​ស្រះ​គួរ​នៅ​តំបន់​មាន​ប្រភព​ទឺ​ក​គ្រប់គ្រាន់ និង​ជា​ប្រភព​ទឹកសាប គ្មាន​ជាតិពុល តំបន់​គ្មាន​ប្រើ​ថ្នាំ​កសិកម្ម និង​គ្មាន​កាកសំណល់​ពី​រោងចក្រ​។ កន្លែង​ជីក​ស្រះ​គួរ​ជា​ប្រភេទ​ដី​ល្បាយ​លាយ​ឥដ្ឋ ឬ​លាយ​ខ្សាច់​តិចតួច ដើម្បី​អាច​រក្សា​ទឹកបាន​យូរ​។ ស្រះ​ចិញ្ចឹម​ត្រូវមាន​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ទឹក​។​
 
​សម្រាប់​បាត​ស្រះ​ត្រូវ​បាច​កំបោរ​ស​ឲ្យ​សព្វ ដើម្បី​សម្លាប់​មេរោគ និង​កែលំអរ​កម្រិត pH ឬ​កម្រិត​ជាតិ​ជូរ​នៃ​ទឹក​។ ចំពោះ​ស្រះ​ថ្មី​ត្រូវ​បាច​កំបោរ​ក្នុង​បរិមាណ ៣ ទៅ ៥​គីឡូ ក្នុង​១០០​ម៉ែត្រការ៉េ  ដោយឡែក​ស្រះ​ចាស់​គួរប្រើ​ក្នុង​បរិមាណ ៧ ទៅ ១០​គីឡូ​ក្នុង ១០០​ម៉ែត្រការ៉េ​។​
 
​ការជ្រើសរើស​ពូជ​៖ គួរ​ទិញ​ពូជ​បង្កង​ពី​កសិដ្ឋាន​ផលិត​ពូជ​ដែលមាន​ទំនុកចិត្ត ហើយ​កូន​បង្កង​ល្អ​មាន​ប្រវែង ៣​សង់ទីម៉ែត្រ​ឡើងទៅ​។ កូន​បង្កង​មាន​សុខភាព​ល្អ​យើង​អាច​មើល​ដឹង​តាមរយៈ​ពុកមាត់​របស់​វា​ស្របគ្នា និង​ដងខ្លួន​វា​មាន​ពណ៌​ខៀវ​ថ្លា​។ សម្រាប់​កូន​បង្កង​ដែលមាន​ជំងឺ ខ្លួន​របស់​វា​មាន​ពណ៌​ស​ស្រអាប់ ហើយ​គំរប​កំភ្លៀង​របស់​វា​មាន​ពណ៌​ខ្មៅ​។​
 
​ការផ្ដល់​ចំណី​៖ ការផ្ដល់​ចំណី​ក្នុង​បរិមាណ​គ្រប់​ល្មម​មិនគួរ​លើស​នោះទេ​។ យើង​អាច​ប្រើ​ចំណី​គ្រាប់ ចំណី​កែច្នៃ និង​ចំណី​ស្រស់​ដែលមាន​សារធាតុ ប្រូតេអ៊ីន លីពីត កាល់ស្យូម ផូ​ស្វរ និង​សែឡុយឡូស​។ ចំពោះ​ចំណី​គ្រាប់ ឬ​ចំណី​កែច្នៃ អាច​ផ្ដល់​ឲ្យ​បង្កង​ខែ​ដំបូង និង​ខែ​បន្ទាប់​។ ដោយឡែក​ចំណី​ស្រស់​មានដូចជា ត្រី​ល្អិត កំពឹស ក្ដាម ខ្យង​ជាដើម​។ 
 
​សម្រាប់​រយៈពេល​នៃ​ការប្រមូល​ផល​បង្កង​ចាប់ពី​រយៈពេល ៤ ទៅ ៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ចាប់ពី ៣០ ទៅ ៥០​ក្រាម​ក្នុង ១​ក្បាល​។ យ៉ាងណាមិញ​ចំណុច​សំខាន់​ទាំង​៣ ខាងលើ​គ្រាន់តែ​ជា​គន្លឹះ​មួយចំនួន ដើម្បី​ជំរុញ​ក្នុងការ​ចិញ្ចឹម​បង្កង​ប៉ុណ្ណោះ​៕

Tag:
 ​ចិញ្ចឹម​បង្កង​
 ​វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com