ការជ្រើសរើសកីឡាករឲ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់ ដែលសហព័ន្ធត្រូវយកចិត្តទុកដាក់ ព្រោះបើជ្រើសរើសកីឡាករខុសនឹងមិនធ្វើឲ្យកីឡានោះទទួលបានជោគជ័យនោះទេ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជឿជាក់ថា បើសហព័ន្ធមួយជ្រើសរើសកីឡាករមិនគោរពតាមក្បួនវិទ្យាសាស្ត្រ និងលក្ខណៈបច្ចេកទេសទេ ពួកគេនឹងប្រឈមការបរាជ័យខ្ពស់។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ជំរុញឲ្យសហព័ន្ធនីមួយៗ គោរពតាមក្បួនវិទ្យាសាស្ត្រនិងលក្ខណៈបច្ចេកទេសមុនសម្រេចចិត្តជ្រើសរើសកីឡាករកីឡាការិនីមកហ្វឹកហាត់។ ព្រោះការជ្រើសរើសដោយមិនបានសិក្សាលើកត្តាទាំងនេះ សហព័ន្ធទាំងនោះនឹងប្រឈមបរាជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
«បើសហព័ន្ធកីឡាជាតិទាំងអស់នៅតែមិនទាន់ភ្ញាក់រលឹកអំពីការជ្រើសរើសផ្នែកបច្ចេកទេស ហើយនៅតែជ្រើសរើស(កីឡាករ)ដោយងងឹតងងុល ដោយមិនគោរពតាមលក្ខណៈបច្ចេកទេស មិនតាមយោបល់គ្រូបង្វឹកទេ គឺថានឹងបរាជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣»។ ការលើកឡើងបែបនេះរបស់លោក វ៉ាត់ ចំរើន ធ្វើឡើងក្រោយលោកសង្កេតឃើញថា សហព័ន្ធមួយចំនួននៅតែជ្រើសរើសកីឡាករ ដោយមិនគោរពតាមក្បួនខ្នាតទាំងនេះ។
ពាក់ព័ន្ធការជ្រើសរើសកីឡាករតាមក្បួនវិទ្យាសាស្ត្រ និងលក្ខណៈបច្ចេកទេសនេះលោក វ៉ាត់ ចំរើន បានពន្យល់យ៉ាងដូច្នេះថា៖«សហព័ន្ធត្រូវមានតម្លាភាពនិងវិទ្យាសាស្ត្រក្នុងការជ្រើសរើសកីឡាករ ព្រោះការជ្រើសរើសកីឡាករ ដែលមានទេពកោសល្យ និងឆន្ទៈ គេមានការកំណត់អត្តសញ្ញាណនៃការជ្រើសរើសកីឡាករ គេជ្រើសរើសតាំងពីពូជ តាំងពីគ្រាប់ឈាម សរីរៈខាងក្នុងវាមានលក្ខណៈយ៉ាងម៉េច ចិត្តសាស្ត្រ និងចំណង់ចំណូលចិត្ត ជាពិសេសវិភាគកាយសម្បទាកីឡាករថាត្រូវជាមួយកីឡាអី»។
អគ្គលេខាធិការរូបនេះ អះអាងថា ក្បួនជ្រើសរើសកីឡាករបែបនេះត្រូវបានអនុវត្តតាមបណ្តាប្រទេសធំៗជាច្រើនលើពិភពលោក ហើយទទួលបានជោគជ័យទៀតផង។ លោក ជឿជាក់ថា សហព័ន្ធកីឡាជាតិនីមួយៗនឹងមានភាគរយទទួលបានជោគជ័យខ្ពស់ បើជ្រើសរើសកីឡាករដោយអនុវត្តតាមក្បួន និងគោលការណ៍ទាំងលើ។
មុនឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ អត្តពលិកកម្ពុជាត្រូវត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម ដែលគ្រោងរៀបចំចន្លោះពីថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២១។ ម្ចាស់ផ្ទះវៀតណាមសម្រេចជាឯកតោភាគីដាក់កីឡាចំនួន៣៦ប្រភេទឲ្យប្រកួតប្រជែង ទៅកាន់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
ប៉ុន្តែចំនួនប្រភេទកីឡានេះអាចមានការប្រែប្រួល ដ្បិតប្រទេសក្នុងតំបន់អាស៊ានទាំង៩រួមទាំងទីម័រខាងកើត ដែលគ្រោងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ អាចស្នើសុំម្ចាស់ផ្ទះវៀតណាមដាក់បញ្ចូលប្រភេទកីឡាសក្តានុពលរបស់ខ្លួនបន្ថែម។ បើតាម លោក វ៉ាត់ ចំរើន កម្ពុជាគ្រោងស្នើសុំម្ចាស់ផ្ទះវៀតណាមដាក់បញ្ចូលកីឡាចំនួន៤ប្រភេទរួមមានរួមមានកីឡាតេក្វាន់ដូ ITF, ជឺជិតស៊ូ, សូហ្វតេន្នីស និងកីឡា Skate Boarding។
កីឡាទាំង៣៦ប្រភេទ ដែលវៀតណាមដាក់ស្នើទៅកាន់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួមមានអត្តពលកម្ម, ហែលទឹក, បាញ់ធ្នូ, វាយសី, បាល់បោះ, ប៊ីយ៉ាស្នូកឃ័រ, ប្រដាល់សកល, ទូកានូ-ទូកាយ៉ាក់, កីឡាអុក, ប្រណាំងកង់, កីឡារាំ, គុនដាវ, បាល់ទាត់, វាយកូនគោល, កាយសម្ព័ន្ធ, បាល់គប់, យូដូ, ការ៉ាតេ, កីឡាមួយ(គុនខ្មែរ), បញ្ចសិលា, ប៉េតង់, កីឡារ៉ូវីង, សីដក់, បាញ់កាំភ្លើង, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WTF, វាយកូនបាល់, បាល់ទះ, លើកទម្ងន់, ចំបាប់, វូស៊ូ, កាយវប្បកម្ម, គុយរ៉ាស, Kick-Boxing, វ៉ូវីណាម និងកីឡាហែលទឹកកន្ទុយ៕