ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ជិត​ប្រឡង​បាក់​ឌុប សិស្ស​ឯកជន ស្វះស្វែង​រៀនសូត្រ ដើម្បី​បាន​និទ្ទេស​ល្អ​
08, Aug 2020 , 5:29 pm        
រូបភាព
សកម្មភាពសិស្សនៅសាលារៀន វ៉េស្ទឡាញន៍ ដែល​រៀនតាម​អនឡាញដើម្បីត្រៀមប្រឡងបាក់ឌុប
សកម្មភាពសិស្សនៅសាលារៀន វ៉េស្ទឡាញន៍ ដែល​រៀនតាម​អនឡាញដើម្បីត្រៀមប្រឡងបាក់ឌុប
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ បានអនុញ្ញាត​ឲ្យ​សាលា​ឯកជន​រៀបចំ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ថ្ងៃទី​២៧-២៨ ខែសីហា ឆ្នាំ​២០២០ មុន​សាលា​រដ្ឋ​។ ប៉ុន្តែ​សាលា​ឯកជន​ណា​ដែល​មិនទាន់​ចង់​រៀបចំ​ការប្រឡង​មុន ក៏​អាច​រង់ចាំ​រៀបចំ​ការប្រឡង​ដំណាលគ្នា​ជាមួយនឹង​សាលា​រដ្ឋ​ដែរ​។ សិស្សសាលា​ឯកជន​ដែល​ដឹងថា​ខ្លួន​ត្រូវ​ប្រឡង​បាក់​ឌុប​មុន​នោះ  ប្រាកដ​ណាស់​ថា​ពួកគេ​នឹងត្រូវ​សង្វាត​សិក្សា​។

 
​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​មូលហេតុ ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​សាលា​ឯកជន​រៀបចំ​ការប្រឡង​បាក់​ឌុប​មុន​សាលា​រដ្ឋ គឺ​ដោយសារតែ​សិស្សសាលា​ឯកជន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការរៀន ប៉ុន្តែ​សិស្សសាលា​រដ្ឋ​វិញ មិនមែន​សិស្ស​ទាំងអស់​គឺ​សុទ្ធតែ​បាន​រៀន​នោះទេ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចំពោះ​សាលា​រដ្ឋ យើង​ចាំ​ដល់ពេល​បើក​សាលា​វិញ ទើប​យើង​ធ្វើតេស្ត ឲ្យ​គាត់​បន្ត​រៀន​៣ ទៅ​៤​ខែ​ទៀត ទើប​ឲ្យ​គាត់​ប្រឡង​បាក់​ឌុប​»​។ 
 
​សល់​រយៈពេល​ជាង​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រឡង​បាក់​ឌុប​របស់​សាលា​ឯកជន​នឹង​ឈាន​មកដល់​។ ពេលវេលា​សេសសល់​នោះ វា​ជា​ពេល​ដ៏​សំខាន់​សម្រាប់​ឲ្យ​ពួកគេ​ត្រូវ​បង្កើន​ការអនុវត្ត​លំ​ហាត់ ទន្ទេញមេរៀន រំលឹក​មេរៀន និង​អាន​សៀវភៅ ដើម្បី​ឲ្យ​ការប្រឡង​របស់​ពួកគេ​ទទួលបាន​និទ្ទេស​ល្អ​។   
 
​យុវ​សិស្ស​មួយចំនួន​ដែល​រៀន​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ហើយ​ត្រូវ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២៧-២៨ ខែសីហា យល់ឃើញថា​វា​ជា​ពេលវេលា​ដ៏​ខ្លី​សម្រាប់​ឲ្យ​ពួកគេ ក្នុងការ​ត្រៀមខ្លួន​ប្រឡង​បាក់​ឌុប​។  
 
​យុវ​សិស្ស អាត សុក​ណា ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​បាន​បញ្ជាក់ថា ក្រោយពី​ដឹងថា​ត្រូវ​ប្រឡង​នៅ​ខែសីហា​នេះ ខ្លួន​រឹតតែ​ខំរៀន អាន​សៀវភៅ ទន្ទេញមេរៀន អនុវត្ត​លំ​ហាត់​ជាប្រចាំ​ថ្ងៃ​ជាង​មុន ដើម្បី​ជាដើម​ទុន​ឲ្យ​ខ្លួន​អាច​ជោគជ័យ​ក្នុងការ​ប្រឡង​នៅ​ថ្ងៃ​ខាងមុខ​។ 
 
​យុវ​សិស្ស​អាយុ​១៨​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចាប់តាំងពី​ដឹងថា​ត្រូវ​ប្រឡង​មុន​អ៊ីចឹងទៅ គ្រូៗ​ក៏​គាត់​ដាក់​លំ​ហាត់ និង​ខំ​រក​វិញ្ញាសា​ដែល​ធ្លាប់​ចេញពី​មុន និង​វិញ្ញាសា​ពី​ក្រសួង ឲ្យ​យើង​ធ្វើ​កាន់តែ​ច្រើនជាង​មុន​។ ពេល​រៀន​តាម​អន​ឡាញ​ដំបូងៗ ខ្ញុំ​រាង​ខ្ជិល តែ​ដល់ពេល​ជិត​ប្រឡង​ខ្ញុំ​ខិតខំ​រៀន​ជាង​មុន​។ ពេល​គ្រូ​ដាក់​លំ​ហាត់​ឲ្យ​ធ្វើ​យើង​តែងតែ​ធ្វើ​វា​ហើយ ធ្វើ​ទៀត​»​។ 
 
​ដ្បិត​នៅសល់​ពេល​ដ៏​ខ្លី​សម្រាប់​បន្ត​ការសិក្សា​ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប យុវ​សិស្ស​រូបនេះ​មិន​ហ៊ាន​ចំណាយ​ពេលវេលា​ផ្តេសផ្តាស​ទៅធ្វើ​ការងារ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ការសិក្សា​ឡើយ​។ សូម្បីតែ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក ក៏​យុវ​សិស្ស សុក​ណា រវល់​នឹង​ការសិក្សា​ដែរ​។ 
 
«​បើ​ខ្ញុំ​ទៅ​ដើរលេង​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ក៏​ខ្ញុំ​អត់​មាន​អារម្មណ៍​ដើរ​ដែរ ព្រោះ​វា​ជិត​ដល់​ថ្ងៃ​ប្រឡង​»​។ នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស សុក​ណា ដែល​ឆ្លៀតពេល​សម្រាក​ពី​ការសិក្សា​តាម​អន​ឡាញ​ជាមួយ​គ្រូ និង​សិក្សា​ដោយ​ខ្លួនឯង ទៅ​អាន​សៀវភៅ​ទាក់ទង​នឹង​មុខវិជ្ជា​ត្រៀមប្រឡង​បាក់​ឌុប ដើម្បី​បង្កើន​ចំណេះដឹង​ផងដែរ​។ 
 
​យុវ​សិស្ស សុក​ណា បន្តថា ខ្លួន​ត្រូវខិតខំ​រំលឹក​មេរៀន និង​រូបមន្ត​លើ​មុខវិជ្ជា​នីមួយៗ​ដែល​ខ្លួន​បាន​រៀន​តាំងពី​ដើមឆ្នាំ​មកម្ល៉េះ​។ ជាមួយគ្នា​ដែរ​យុវ​សិស្ស​រូបនេះ​នឹង​ថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ​។ សុក​ណា និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ខំ​មើល​មេរៀន​ឡើងវិញ និង​ទុកពេល​ឲ្យ​ខ្លួនឯង​សម្រាក​ឲ្យ​បាន​ច្រើន និង​ហូប​ចំណីអាហារ​ដែល​បំប៉ន​ខួរក្បាល​ឲ្យ​ឆាប់​ចាំ​»​។ 
 
​ចំពោះ​យុវ​សិស្ស ឈុំ ម៉ូ​នី​កា ដែលមាន​ទម្លាប់​កាន់​ទូរ​សព្ទ​ដើម្បី​បើក​មើល​វីដេអូ​កម្សាន្ត​លេង ឬ​ឈែ​ត (Chat) តប​សារ​ជាមួយ​មិត្តភក្តិ ក៏​កែប្រែ​ទម្លាប់​នេះ​ទៅជា​កាន់​ទូរ​សព្ទ​សម្រាប់តែ​រៀន​តាម​អន​ឡាញ​តែមួយ​មុខតែ​ប៉ុណ្ណោះ​។ 


 
​ដៃ​ម្ខាង​កំពុង​កត់​មេរៀន ដែល​ចម្លង​ពី​ការពន្យល់​របស់​គ្រូ តាម​អេក្រង់​ទូរ​សព្ទ យុវ​សិស្ស​អាយុ​១៨​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កាល​មុន​ខ្ញុំ​ឆ្លៀត​លេង​ទូរ​សព្ទ​មុន​រៀន និង​ក្រោយពេល​រៀន​ចប់​។ តែ​ជិត​ដល់​ថ្ងៃ​ប្រឡង​អ៊ីចឹង ខ្ញុំ​ផ្អាក​លេង​ទូរ​សព្ទ​សិន គឺ​ខ្ញុំ​ផ្តោតលើ​ការរៀន​វិញ​»​។ 
 
​តាមរយៈ​ការសិក្សា​តាម​អន​ឡាញ​រយៈពេល​ជិត​៥​ខែ​មកនេះ យុវ​សិស្ស ម៉ូ​នី​កា មាន​ក្តីសង្ឃឹម​៦០​ភាគរយ​សម្រាប់​ជោគជ័យ​លើ​ការប្រឡង​។ យុវ​សិស្ស ម៉ូ​នី​កា អន្ទះសា​ចង់​ប្រឡង​បាក់​ឌុប​មុន ដើម្បី​ឲ្យ​រូបគេ​មាន​ពេល​ទៅ​ផ្តោតលើ​ការរៀន​ភាសាបរទេស​ផ្សេងៗ​ដើម្បី​ត្រៀមប្រឡង​ចូលរៀន​នៅ​សកលវិទ្យា​ល័យ​។ 
 
​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ ក្នុងការ​ប្រឡង​បា​ក់ឌុង តើ​សិស្សសាលា​ឯកជ ត្រូវ​ត្រៀមខ្លួន​បែបណា​? 
 
​លោក គាំ សម្បត្តិ គ្រូ​ផ្នែក​គណិតវិទ្យា​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​៣ បាន​ដាស់តឿន​ឲ្យ​សិស្ស​ទាំងអស់​ដែល​ត្រៀមប្រឡង​ត្រូវអនុវត្ត​លំ​ហាត់​ម្តង​ហើយ​ម្តងទៀត ដើម្បី​ឲ្យ​ឆាប់​ចងចាំ និង​ស្ទាត់ជំនាញ​លើ​មុខវិជ្ជា​នីមួយៗ​។ លោក បាន​ណែនាំ​ឲ្យ​សិស្ស​ជៀសវាង​បរិភោគ​ប្រភេទ​អាហារ​ណា​ដែល​ងាយ​នឹង​ប៉ះពាល់​ដល់​សុខភាព និង​ជៀសវាង​ចេញដំណើរ​ទៅ​ទី​ឆ្ងាយ ឬ​ទៅ​ទីប្រជុំជន ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​កើតឡើង​ណាមួយ​។ លើសពីនេះ លោក ណែនាំ​ឲ្យ​សិស្សានុសិស្ស​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ និង​ជ្រើសរើស​ប្រភេទ​អាហារ ឬ​ភេសជ្ជៈ​ណា​ដែល​បំប៉ន​ដល់​ការចងចាំ​របស់​ពួកគេ​។ 
 
​គ្រូ និង​អាណាព្យាបាល គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ជំរុញ​លើកទឹកចិត្ត​កូន​ក្នុងអំឡុង​នៃ​ការសិក្សា ត្រៀមប្រឡង​បាក់​ឌុប​។ លោក គាំ សម្បត្តិ យល់ឃើញថា​៖«​ការផ្តល់​កម្លាំងចិត្ត​ពី​ឪពុកម្តាយ​ពិតជា​សំខាន់​សម្រាប់​ពួកគាត់​។ គាត់​កំពុង​តែមាន​អារម្មណ៍​ថា​ភ័យ ហើយ​បើ​យើង​អត់​ឲ្យ​កម្លាំងចិត្ត​ដល់​គាត់ ដោយ​ចេះតែ​នាំគ្នា​ស្តីបន្ទោស និង​ខឹង​កូន ក៏​វា​អត់​ល្អ​សម្រាប់​កូន​ដែរ​។ ដល់ពេល​ថ្ងៃ​ប្រឡង​របស់គាត់ យើង​ក៏ត្រូវ​ឆ្លៀតពេល​ជូន​គាត់​ទៅ​ប្រឡង​ឲ្យ​បាន​មុន​ម៉ោង និង​ត្រូវ​រៀបចំ​ម្ហូបអាហារ​ឲ្យ​គាត់​»​។​
 
​ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ភាពជឿជាក់​លើ​ការប្រឡង លោក គាំ សម្បត្តិ ដែលមាន​បទពិសោធន៍​បង្រៀន​គណិតវិទ្យា​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ បាន​ប្រាប់​ពី​គន្លឹះ​ដល់​សិស្ស​ដូច្នេះ​ថា​៖«​ពេល​គាត់​ប្រឡង​ត្រូវ​ទាញ​វិញ្ញាសា​ប្រឡង​មក​មើល និង​អាន​សិន យ៉ាងតិច​ឲ្យ​បាន​៣​ដង​។ ពេល​គាត់​មើល​ហើយ គាត់​នឹង​ដឹងថា​លំ​ហាត់​នោះ​ត្រូវធ្វើ​របៀប​ម៉េច​។ ហើយ​គាត់​ក៏ត្រូវ​ទាញយក​លំ​ហាត់​ណា​ដែល​ស្រួល​យកមក​ធ្វើ​មុន ហើយ​លំ​ហាត់​ដែល​ពិបាក​ចាំ​ទុក​ធ្វើតាម​ក្រោយ​»៕ 
 

Tag:
 សិស្ស​
 ​បាក់​ឌុប​
 ​ប្រឡង​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com