បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​ម៉េង​លី ជេ. គួច អេ​ឌ្យួ​ខេ​សិន ជួយ​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ
07, Nov 2013 , 9:49 am        
រូបភាព
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាមួយ​នឹងពាន​រង្វាន់​អន្តរជាតិ​ចំនួន​បី​ដែល​ទទួល​បាន
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាមួយ​នឹងពាន​រង្វាន់​អន្តរជាតិ​ចំនួន​បី​ដែល​ទទួល​បាន
ដោយ: រួបរួម
ក្រុមហ៊ុន​ម៉េង​លី ជេ.គួច អេ​ឌ្យូ​ខេ​សិន (Megnly J.Quach Education) ដែលមាន​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង (Aii/AIS) ជា​បុត្រ​សម្ព័ន្ធ កំពុង​ក្លាយ​សហគ្រាស​ឯកជន​មួយ​ដ៏​សំខាន់​ក្នុង​ការលើក​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ថ្នាក់​តំបន់​កាលពី​ឆ្នាំ២០១២ និង​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​ចំនួន​ពីរ​កាលពីពេល​កន្លងមក ក្រុមហ៊ុន​ដែល​បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០០៥មកនេះ កំពុង​ត្រៀមខ្លួន​ទទួល​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​ចំនួន២ទៀត រួមទាំង​វិ​ញ្ញាប​ត្រ​កម្រិត​អន្តរជាតិ​មួយទៀត​នៅមុន​ដំណាច់ឆ្នាំ២០១៣ នេះ។


ពានរង្វាន់​អន្តរជាតិ​ចំនួន៣ហើយ​ដែល​ក្រុមហ៊ុន MJQ Education ទទួលបាន

កាលពី​ឆ្នាំ២០១២  ក្រុមហ៊ុន MJQ Education បាន​ពានរង្វាន់​ថ្នាក់​តំបន់​អាស៊ី ដែលមាន​ឈ្មោះថា «ពានរង្វាន់​សហគ្រាស​ឆ្នើម​ក្រៅប្រទេស» នៃ​ព្រឹត្តិការណ៍ SME One Asia Awards នៅ​ប្រទេស​សិង្ហ​បុរី។ កាលនោះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន៤ដែល​ទទួលបាន​ពានរង្វាន់​នេះ ខណៈ​ព្រឹត្តិការណ៍​ទាំងមូល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចំនួន៦៥នៅក្នុង​តំបន់។

សម្រាប់​ឆ្នាំ២០១៣នេះ ក្រុមហ៊ុន MJQ Education បានទទួល​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ​រួចទៅហើយ។ កាលពីដើម​ខែកក្កដា កន្លងមក ក្រុមហ៊ុន​ដែល​ផ្តោតលើ​វិស័យ​អប់រំ​មួយ​នេះ បានទទួល​ពានរង្វាន់​មាស​អន្តរជាតិ​សម្រាប់​ភាពជា​អ្នកដឹកនាំ​លើ​គុណភាព ( The International Star for Leadership in Quality Award) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ពានរង្វាន់​ត្រូវបាន​ផ្តល់​ដោយ​ស្ថាប័ន Business Initiative Directions (B.I.D.) ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដោយ MJQ Education គឺជា​ក្រុមហ៊ុន​ជ័យលាភី​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​មកពី​ប្រទេស​ចំនួន៥៤នៅ​ទូទាំង​ពិភពលោក។

ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​មួយទៀត​ដែល​ក្រុមហ៊ុន MJQ Education ទទួលបាន​នោះ គឺ​ពានរង្វាន់​សហព័ន្ធ​អាជីវកម្ម​ពិភពលោក (The BIZZ ARABIC 2013) លើ​គុណភាព​វិញ្ញាបនបត្រ​ទទួលខុសត្រូវ​ក្នុងសង្គម​ពី​សហព័ន្ធ​អាជីវកម្ម​ពិភពលោក ( World Confederation of Business) ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​បូ​ស្តុ​ន សហរដ្ឋអាមេរិក។ ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម។

MJQ Education បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន១១៨មកពី៤១ប្រទេស​ដែល​ទទួលបាន​ពានរង្វាន់ The BIZZ ARABIC 2013 ដោយ​ឆ្លងកាត់​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​ពី​បុគ្គលិក​គណៈកម្មការ​ជាង៣០០០នាក់​មកពី៧៥ប្រទេស តាមរយៈ​ការជ្រើសរើស​តាម​សភាពាណិជ្ជកម្ម​ជាង១០០ និង​តាម​ស្ថិតិផ្សេងៗទៀត ជាពិសេស​ក្រុមហ៊ុន KOMPASS និង ZAWYA ដែល​ធ្វើការ​លើ​ផ្នែក​ស្រាវជ្រាវ​អាជីវកម្ម​ពិភពលោក​នៅក្នុង​ទ្វីបអាហ្វ្រិក អាស៊ី និង​អឺរ៉ុប។

ត្រៀម​ទទួល​ពានរង្វាន់​អន្តរជាតិ​ពីរ និង​វិញ្ញាបនបត្រ​មួយទៀត​មុន​ដំណាច់ឆ្នាំ

នា​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមហ៊ុន MJQ Education នឹង​ទទួលបាន​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​មួយ​បន្ថែមទៀត​ដែលមាន​ឈ្មោះថា «ពានរង្វាន់​ប្រចាំ​ទ្វីប​ទាំង៥អំពី​គុណភាព និង​ឧត្តមភាព» (The Majestic Five Continents Award For Quality And Excellence)។

នា​អំឡុង​ខែធ្នូ ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​លើ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុ​ជាមួយនេះ នឹង​ទទួលបាន​ពានរង្វាន់​សហគ្រាស​ឆ្នើម​បំផុត​ក្នុង​វិស័យ​អប់រំ (Best Enterprise in Educational Sphere) ដែល​ប្រគល់ជូន​ដោយ​សហ​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ទីក្រុង Oxford ចក្រភព​អង់គ្លេស។

បន្ថែម​ពីលើ​នេះ​ទៀត ក្រុមហ៊ុន MJQ Education ដែលមាន​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង (Aii/AIS) ជា​បុត្រ​សម្ព័ន្ធ នឹង​ក្លាយជា​គ្រឹះស្ថាន​អប់រំ​ឯកជន​ទីមួយ​ដែល​ត្រូវ​ទទួលបាន​វិញ្ញាបនបត្រ​ជា​លក្ខណៈ​អន្តរជាតិ​ផ្នែក​ការទទួលខុសត្រូវ​ក្នុងសង្គម ( Corporate Social Responsibility/ CSR Company)។

មោទនភាព​សម្រាប់​ប្រជាជាតិ​ទាំងមូល មិនមែន​សម្រាប់តែ MJQ Education ឡើយ

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក​ក្រុមហ៊ុន MJQ Education ដែលជា​ប្រធាន និង​ជា​ប្រធាន​ចាងហ្វាង​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកកាំង បាន​ចាត់ទុកថា ពានរង្វាន់​អន្តរជាតិ​នានា​ដែល​ក្រុមហ៊ុន​របស់លោក​ទទួល​បាន​នោះ គឺជា​មោទនភាព​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល មិនមែន​ត្រឹមតែ​រូបលោក​ផ្ទាល់ ឬ​បុគ្គលិក​របស់​ក្រុមហ៊ុន​លោក​នោះឡើយ។

លោក​បាន​មានប្រសាសន៍ថា ការបើក​ច្រកទ្វារ​ទៅកាន់​ពិភពលោក​របស់​កម្ពុជា គឺធ្វើឡើង​តាមរយៈ​ទំនាក់ទំនង​ការទូត ការប្រកួតប្រជែង​នានា វិស័យ​ទេសចរណ៍ និង​កត្តា​ប្រវត្តិសាស្ត្រ ជាដើម បន្ថែម​ពីលើ​នេះ ការ​លេចធ្លោរ​ផ្នែក​អាជីវកម្ម​ក៏បាន​រួមចំណែក​ធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា​ផងដែរ។

បុរស​សញ្ជាតិ​ខ្មែរ-អាមេរិក​រូបនេះ បាន​លើកឡើងថា៖ «អ្នកចូលរួម​តែងតែមាន​ការភ្ញាក់ផ្អើល​នៅពេលដែល​ពួកគេ​ឮ​ការ​ប្រកាសថា ក្រុមហ៊ុន​របស់​កម្ពុជា​ទទួលបាន​ពានរង្វាន់​ថ្នាក់​អន្តរជាតិ ខណៈ​មនុស្ស​មួយចំនួនធំ​ស្គាល់​ប្រទេសជិតខាង​យើង គឺ​ថៃ និង​វៀតណាម តែប៉ុណ្ណោះ»។

លោក​បាន​បន្ថែមថា៖ «ខ្ញុំ​នឹងមាន​ការសប្បាយ​ចិត្តជា​ង​នេះ​ទៀត ប្រសិនបើ​ក្រុមហ៊ុនផ្សេងៗទៀត​ដែល​តំណាង​ឲ្យ​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ពីព្រោះថា កូន​ខ្មែរ​ទាំងអស់​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​មុខមាត់​ប្រទេសជាតិ»។

តើ​កត្តា​អ្វីដែល​នាំ​ឲ្យ​ក្រុមហ៊ុន​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ?

ក្រៅពី​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​ជា​បុត្រ​សម្ព័ន្ធ ក្រុមហ៊ុន MJQ Education មាន​ក្រុមហ៊ុន​សេវាកម្ម​មួយចំនួនទៀត​ដូចជា សេវាកម្ម​ដឹកជញ្ជូន​អន្តរទ្វីប មជ្ឈមណ្ឌល​សុខភាព​សិស្ស ម៉េង​លី ជេ.គួច, Smart Mart, Intercon Supply and Bookstore, Café Chateau និង In & Out Food Court and Intercon Estate Development។

សាលារៀន​អន្តរទ្វីប អាមេរិកាំង បំពេញ​នូវ​បេសកកម្ម​អប់រំ​តាម​កម្មវិធីសិក្សា​បែប​អាមេរិក តាមរយៈ​ការលើកកម្ពស់ និង​លើកទឹកចិត្ត​ចំពោះ​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត និង​ក្នុង​បណ្ណាល័យ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​គ្រឿង​បរិក្ខាទំនើបៗ ជាដើម។ ការផ្តោត​លើ​ការ​ថៃ​ទាំ​សុខភាព​របស់​សិស្ស បុគ្គលិក ក៏​ជា​កម្មវិធី​ចំបង​ផងដែរ។

បន្ថែម​ពីលើ​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៥ មក ក្រុមហ៊ុន MJQ Education បាន​ចូលរួម​វិភាគទាន​ជាច្រើន​សម្រាប់​សង្គម ដែល​ក្នុងនោះ​មានដូចជា ការផ្តល់​អាហារូបករណ៍​ដល់​សិស្ស​សេវាកម្ម​គ្លី​និ​ច​ចល័ត និង​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​សម្រាប់​បុគ្គលិក​ដែល​គ្មាន​ការប្រាក់។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានបញ្ជាក់​ផងដែរ​ថា៖ «តាមរយៈ​មូលនិធិ ម៉េង​លី ជេ. គួច យើង​បាន​ចូលរួម​វិភាគទាន​ដល់​សង្គម​អស់​ជាង៥លាន​ដុល្លារ​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ២០០៥មក។ យើង​មិន​ត្រឹមតែ​គិតគូ​ដល់​ការរស់នៅ​របស់​បុគ្គលិក​នោះទេ ក្រុមការងារ​យើង​តែងតែ​ចុះជួយ​ជាប្រចាំ​ទៅ​ទីជនបទ ដើម្បី​ផ្តល់​សេវាកម្ម​ព្យាបាល​ដោយ​ឥត​បង់ថ្លៃ រួមទាំង​ការជួយ​សាងសង់​ផ្ទះសម្បែង អណ្តូងទឹក ផ្លូវ និង​សាលារៀន​ជាដើម»។

បន្ថែម​ពីលើ​នេះ វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​បណ្តុះ​គំនិត​សិស្សានុសិស្ស​ឲ្យ​ចេះ​រៀបចំ​កម្មវិធី​សប្បុរសធម៌ផ្សេងៗ ដូច្នេះ​សិស្ស​ដែល​បាន​ឆ្លងកាត់​ការសិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​ឯកជន​នេះ មិន​ត្រឹមតែ​ទទួលបាន​ជោគជ័យ​លើ​ការប្រកួតប្រជែង​ចំណេះដឹង​នានា​ទាំង​ក្នុង​កម្រិត​ជាតិ ទាំង​ក្នុង​កម្រិត​អន្តរជាតិ​នោះទេ ពួកគេ​ម្នាក់​សុទ្ធ​តែមាន​ស្មារតី​មនុស្សធម៌ សប្បុរសធម៌​ក្នុង​ខ្លួន។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី បានបញ្ជាក់​ផងដែរ​ថា ចំពោះ​ផ្នែក​កីឡា​វិញ វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង​តែងតែ​ទទួលបាន​ចំណាត់ថ្នាក់​ល្អជា​រៀងរាល់ឆ្នាំ តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​ផ្ទាល់ខ្លួន ដោយ​មិនចាំបាច់​រើស​អត្ត​ព​លិ​ក​ពី​ខាងក្រៅ​នោះឡើយ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com