COVID-19
ជាតិ
ស្រ្តីខ្មែរជាទ័ពមួកខៀវម្នាក់ ធ្វើតេស្តលើកទី៥ ទើបរកឃើញថា មានកូវីដ-១៩
09, Aug 2020 , 9:47 am        
រូបភាព
នៅព្រឹកថ្ងៃទី៩សីហានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន២នាក់ទៀត ដែលកើតឡើងលើស្រ្តីជនជាតិខ្មែរ មានវ័យ២៧ និងស្រី្តជនជាតិកាណាដា មានវ័យ៤១ឆ្នាំ។ ជាមួយគ្នានេះក្រសួងក៏បានប្រកាសថាមានបុរសជនជាតិខ្មែរ២នាក់ បានជាសះស្បើយពីជំងឺនេះវិញផងដែរ។



ស្រ្តីខ្មែរដែលបានឆ្លងកូវីដ-១៩ មានអាស័យដ្ឋាននៅព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។  ស្រ្តីរូបនេះ គឺជាក្រុមមួកខៀវកម្ពុជា ដែលបានត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០២០។ សេចក្តីប្រកាសព័ត៌មានដែលចេញដោយអ្នកស្រី ឱន វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយមន្ត្រីជំនាញបានយកវត្ថុសំណាកធ្វើតេស្តជាលើកទី៥ ទើបលទ្ធភាព បង្ហាញថា ស្រ្តីរូបនេះ មានវិជ្ជមាននៃជំងឺកូវីដ-១៩។

អ្នកស្រី ឱ វណ្ណឌីន ពន្យល់ប្រាប់អ្នកកាសែតបន្ថែម តាមបណ្តាញទំនាក់ទំនងតេឡេក្រាមថា៖«ក្រុមនេះ [ទ័ពមួកខៀវ] បានរកឃើញ [មានជំងឺកូវីដ-១៩] ជាបន្តបន្ទាប់  ដូច្នេះ យើងត្រូវដេញតាមរកជាបន្តទៀតដែរ តែតេស្តលើកទី៤ របស់គាត់ មានសភាពមិនច្បាស់ ទើបត្រូវធ្វើលើកទី៥  ទើបឃើញចេញច្បាស់ថា វិជ្ជមាន»។

រីឯ ស្ត្រីជនជាតិកាណាដាដែលមានផ្ទុកជំងឺកូវីដ-១៩ បានធ្វើដំណើរមកពីប្រទេសអ៊ូសបេគីស្ថាន ឆ្លងកាត់តាមទីក្រុងឌូបៃ ប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅកូរ៉េខាងត្បូង  ហើយមកដល់កម្ពុជា នៅថ្ងៃទី៧សីហា ជាមួយអ្នកដំណើរឯទៀតចំនួន៩៣នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកធ្វើដំណើរជាមួយស្រ្តីជនជាតិកាណានោះ គឺបានធ្វើតេស្តរកកូវីដ-១៩ អស់ហើយ ដោយលទ្ធផលអវិជ្ជមាន។  សព្វថ្ងៃទាំងនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារនៅរាជធានីភ្នំពេញ ចំនួន៨២នាក់,  នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាពោធិ៍តុង ៦នាក់,  និងមន្ត្រីទូតអាមេរិកប្រចាំកម្ពុជា៣នាក់ ធ្វើចត្តាឡីស័កនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ដោយឡែក កូនប្រុសទាំង២នាក់របស់ស្ត្រីជនជាតិកាណាដានោះ ធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅលំនៅដ្ឋាន ក្នុងរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី៩សីហា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន២៤៨នាក់ ដោយក្នុងនោះមាន ២១៧នាក់ បានជាសះស្បើយ ខណៈ៣១នាក់ទៀត កំពុងសម្រាកព្យាបាល៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com