អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមប្រឹក្សា​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ប្រជុំ​ពិភាក្សាគ្នា​លើ​ឧបសគ្គ​ចុងក្រោយ​មុន​ការចរចា​សន្តិភាព​
09, Aug 2020 , 7:59 pm        
រូបភាព
​ប្រធានាធិបតី Ashraf Ghani ថ្លែង​ក្នុង​ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​កំពូល នៅ​សាល Loya Jirga ក្នុង​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ មនុស្ស​រាប់ពាន់នាក់​ប្រជុំគ្នា​ថា​តើ​គួរ​ដោះលែង​អ្នកទោស​តា​លី​បាន ៤០០ នាក់​ឬ​យ៉ាងណា​។​
​ប្រធានាធិបតី Ashraf Ghani ថ្លែង​ក្នុង​ថ្ងៃទី​១ នៃ​កិច្ចប្រជុំ​កំពូល នៅ​សាល Loya Jirga ក្នុង​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ មនុស្ស​រាប់ពាន់នាក់​ប្រជុំគ្នា​ថា​តើ​គួរ​ដោះលែង​អ្នកទោស​តា​លី​បាន ៤០០ នាក់​ឬ​យ៉ាងណា​។​
ដោយ: VOA
​ក្រុមប្រឹក្សា​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ជួបប្រជុំ​ក្រុម​ជំនុំ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​សម្រេច​ថា​នឹងត្រូវ​ធ្វើយ៉ាងណា​ចំពោះ​ឧបសគ្គ​ចុងក្រោយ​មុននឹង​ការចរចា​សន្តិភាព​អាច​ចាប់ផ្តើម​។ ឧបសគ្គ​នោះ​គឺ​ការដោះលែង​អ្នកទោស​ក្រុម​តា​លី​បាន​ចំនួន​៤០០​នាក់​។​

 
​ក្រុម​អ្នកចរចា​សហរដ្ឋអាមេរិក​និង​តា​លី​បាន បាន​ព្រមព្រៀងគ្នា​កាលពីដើម​ឆ្នាំនេះ​ថា ការចរចា​សន្តិភាព​អាច​ប្រព្រឹត្តទៅបាន​ក្រោម​លក្ខខណ្ឌ​ថា រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ដោះលែង​អ្នកទោស​របស់​ក្រុម​តា​លី​បាន​ចំនួន​៥.០០០​នាក់​ហើយ​ក្រុម​តា​លី​បាន​ដោះលែង​អ្នកទោស​របស់​រដ្ឋាភិបាល​ចំនួន​១.០០០​នាក់​ដែល​ក្រុម​សកម្មប្រយុទ្ធ​បាន​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​។​
 
​រដ្ឋាភិបាល​បាន​ដោះលែង​អ្នកទោស​ចំនួន​៤.៦០០​នាក់​រីឯ​ក្រុម​តា​លី​បាន បាន​ដោះលែង​អ្នកទោស​ទាំងអស់​ហើយ​។ 
 
​លោក Ashraf Ghani ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ថ្លែងថា បទល្មើស​របស់​អ្នកទោស​នៃ​ក្រុម​តា​លី​បាន​ដែល​នៅ​សេ​សល់​មាន​កម្រិត​ធ្ងន់ធ្ងរ​ខ្លាំងពេក​ដែល​ទាមទារ​ឲ្យ​មានការ​សម្រេច​ពី​ក្រុមប្រឹក្សា​ទំនៀមទម្លាប់​ដែល​រួមមាន​មេដឹកនាំ​ចាស់ទុំ​មកពី​ក្រុម​កុលសម្ព័ន្ធ​ផ្សេងៗ ក្រុម​និង​បក្សពួក​នៃ​ជាតិពន្ធុ​នានា​។​
 
​លោក​Mike Pompeo រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា​៖ «​យើង​ទទួលស្គាល់ថា​ការដោះលែង​អ្នកទោស​ទាំងនេះ​មិនសូវមាន​ប្រជាប្រិយ៍ភាព​ទេ​។ ប៉ុន្តែ​សកម្មភាព​ដ៏​លំបាក​នេះ​នឹង​នាំទៅ​សម្រេចបាន​លទ្ធផល​ដ៏​សំខាន់​ក្នុង​រយៈពេល​វែង​ដែល​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​មិត្តភក្តិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចង់បាន នោះ​គឺ​ការកាត់បន្ថយ​ហិង្សា​និង​ការចរចា​ដោយផ្ទាល់​ដែល​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​សន្តិភាព​និង​ការបញ្ចប់​សង្គ្រាម​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com