អន្តរជាតិ
នាយករដ្ឋមន្ត្រី​លី​បង់ ស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​ដោះស្រាយ​វិបត្តិ​ក្នុងស្រុក​
09, Aug 2020 , 11:28 am        
រូបភាព
បាតុកប្រមូលផ្ដុំក្នុងក្រសួងការបរទេសលីបង់នៅថ្ងៃទី៨ ខែសីហា។ រូបភាព AFP
បាតុកប្រមូលផ្ដុំក្នុងក្រសួងការបរទេសលីបង់នៅថ្ងៃទី៨ ខែសីហា។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​លី​បង់  Hassan Diab បានប្រកាស​នៅ​ថ្ងៃទី​៨ ខែសីហា ថា លោក​នឹង​ស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​បំបែក​ការជាប់គាំង​វិបត្តិ​នយោបាយ​ក្នុងប្រទេស ខណៈ​បាតុកម្ម​បាន​ផ្ទុះឡើង​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លាលែង​ពី​តំណែង​។ ឧបទ្ទវហេតុ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​ដើម​សប្ដាហ៍​នេះ បាន​ដុត​បញ្ឆេះ​កំហឹង​ប្រជាជន​លី​បង់​កាន់តែខ្លាំង​នៅពេលដែល​ពួកគេ​ខក​ចិត្តនឹង​អ្នកនយោបាយ​ដែល​ពុករលួយ និង​ហែកហួរ​គ្នា​នោះ​។​

 
​បាតុកម្ម​ទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​នយោបាយ បាន​ផ្ទុះ​ឡើងកាន់​ខ្លាំង​នៅ​លី​បង់ ក្រោយ​ការផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ដែល​សម្លាប់​មនុស្ស​ជាង​១៦០​នាក់ និង​ប្រមាណ​៥​ពាន់​នាក់​ទៀត​រងរបួស​។ ហេតុការណ៍​ដ៏​សោកសៅ​នេះ រឹតតែ​ធ្វើ​ឲ្យ​បាតុកម្ម​ដែល​ចាប់ផ្ដើម​តាំងពី​ខែតុលា ឆ្នាំ​២០១៩ មក​នោះ បាន​ពុះកញ្ជ្រោល​កាន់​ខ្លាំង​ឡើងៗ​។ 
 
​ក្រុមបាតុករ​ដែល​ពោរពេញ​ដោយ​កំហឹង​រាប់ពាន់នាក់​បាន​ចូល​អុកឡុក​ស្ថាប័នរដ្ឋ​ជាច្រើន ហើយ​ចូល​គ្រប់គ្រង​ក្រសួងការបរទេស​លី​បង់​ទៀតផង​។ ប៉ុន្តែ​មិនយូរប៉ុន្មាន ក្រុម​យោធា​ក៏​អាច​បណ្ដេញ​ពួកគេ​ចេញ​ក្រៅ​វិញ​។ ប៉ូលិស​ម្នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​ផងដែរ​។ នៅ​ទីលាន​កណ្ដាល​រដ្ឋធានី​បេ​រូត ប៉ូលិស​ក៏បាន​បំបែកហ្វូង​បាតុករ​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ 
 
​នា​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​៨ ខែសីហា លោក  Hassan Diab នាយករដ្ឋមន្ត្រី​លី​បង់ ទទួលស្គាល់ថា លី​បង់​មិនអាច​គេចចេញ​ពី​វិបត្តិ​នយោបាយ​ដោយ​មិនមាន​ការបោះឆ្នោត​មុន​អាណត្តិ​បានឡើយ​។ លោក Diab ហាក់​យល់ព្រម​តាម​ការទាមទារ​របស់​បាតុករ​ដែល​ទទូច​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ដែល​ពួកគេ​ចាត់ទុកថា គ្មាន​សមត្ថភាព និង​ពុករលួយ ដែល​នេះ​កត្តា​មួយ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឃ្លាំង​សារធាតុ​គីមី​ដ៏​កក្រើក​នោះ​។​
 
«​ខ្ញុំ​នឹងដាក់​សេចក្ដីព្រាងច្បាប់​មួយ​នៅ​ថ្ងៃទី​១០ ខែសីហា ដើម្បី​រៀបចំ​ការបោះឆ្នោត​មុន​ការកំណត់​មួយ​។​» លោក Diab បញ្ជាក់​បែបនេះ ខណៈដែល​នៅតាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​បេ​រូត បាតុកម្ម​កំពុង​ធ្វើឡើង​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​សភា​លី​បង់​បច្ចុប្បន្ន កើតចេញពី​ការបោះឆ្នោត​ខែឧសភា ឆ្នាំ​២០១៨ ដែល​នោះ​ជាការ​បោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល​៩​ឆ្នាំ ខណៈដែល​សភា​ចាស់​បន្ត​សុពលភាព​ជ​បន្តបន្ទាប់ ព្រោះ​មិនអាច​រៀបចំ​ការបោះឆ្នោត​បាន​។ ការបោះឆ្នោត​ចុងក្រោយ​នេះ នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ចាក់​ឬ​ស​នៅ​លី​បង់​បាន ដ្បិត​ក្រុម​អ្នកនយោបាយ​កាន់អំណាច មិនបាន​កែទម្រង់​ដើម្បី​ដោះស្រាយ​សេដ្ឋកិច្ច និង​សង្គម ដែល​ញាំញី​ប្រទេស​មជ្ឈិមបូព៌ា​នេះឡើយ​៕

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com