ពីនេះ ពីនោះ
សញ្ញា​លេខទោ​«​ៗ​»​ប្រើ​ក្នុង​ភាសា​ខ្មែរ​មានន័យ​បែបណា​?
10, Aug 2020 , 7:39 am        
រូបភាព
​សញ្ញា​លេខទោ «​ៗ​» នេះ​សម្រាប់​ប្រើ​ចំពោះ​ផ្ទួន​ពាក្យ ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរដង និង​ប្រើ​ជាមួយ​ពាក្យ​មួយ​ព្យាង្គ ឬ​ពីរ​ព្យាង្គ ឬ​ជំនួស​ពាក្យ​បី​ម៉ាត់ ឬ​ច្រើន​ព្យាង្គ​។

 
​តាម​វេយ្យាករណ៍​ខ្មែរ សញ្ញា​លេខទោ​«​ៗ​»​នេះ ក៏​ប្រើ​សម្រាប់តែ​ពាក្យ​ដែលមាន​មួយ​ព្យាង្គ ដែល​ជំនួស​ពាក្យ​ដែលមាន​ច្រើន​ម៉ាត់ ដូចជា​ពាក្យ ផ្សេងៗ​, ដដែលៗ​, ខុសៗ​គ្នា​, ដោយឡែកៗ​, ខ្លីៗ​, ថ្មីៗ​, ចាស់ៗ​។​ល​។ 
 
​យ៉ាងណាមិញ សញ្ញា​«​ៗ​» មិនមែន​កំណត់ថា គ្រប់​ពាក្យ​ដែល​ត្រូវ​ថា ឬ​អាន​ពីរដង ត្រូវតែ​ដាក់​សញ្ញា​«​ៗ​» ទាំងអស់​នោះទេ​។ ពាក្យ​បាលី​ខ្លះ​ដែល​មិន​ទាមទារ​ឱ្យមាន​ការប្រើ​សញ្ញា​«​ៗ​»​ឡើយ ដោយ​ពាក្យ​ទាំងនោះ មានដូចជា នានា ដែល​ត្រូវ​សរសេរ​បែបនេះ​តាម​វិធាន​បាលី​។ 
 
​ចំពោះ​ពាក្យ​ខ្មែរ​ផ្សេងទៀត ដែលមាន​សូរសព្ទ​សំឡេង​ដូចគ្នា​ដដែលៗ​ពីរដង មិន​តម្រូវ​ឲ្យ​មាន​សញ្ញា​«​ៗ​»​ជាដាច់ខាត ដោយ​ពាក្យ​ទាំងនោះ​មានដូចជា បបរ​, កករ ត្រូវតែ​សរសេរ​ពីរដង​ជា​ដរាប​។ តែ​ហាម​ដាច់ខាត​មិនឱ្យ​សរសេរ បរៗ​, ករៗ​បែបនេះ​ឡើយ​។ 
 
​បន្ថែម​ពីនេះ​ទៅទៀត សញ្ញា​«​ៗ​» មិនអាច​ប្រើ​ជាមួយនឹង​ពាក្យ​ដដែល​ច្រើនដង ដែល​ពណ៌នា​អំពី​រូបរាង​មនុស្ស ឬ​សត្វ​បានឡើយ តួយ៉ាង​ដូចជា ធាត់​ទ្រលុក​លុក​, មុខ​ឡើង​កំប្លង់​ប្លង់ ដូច​វង់​ចន្ទ្រា , ស្គមកំព្រឹង​ព្រឹង​។ មិនត្រូវ​សរសេរ​ជា ធាត់​ទ្រលុកៗ​,​មុខ​ឡើង​កំប្លង់ៗ​ដូច​វង់​ចន្ទ្រា ឬ​ស្គមកំព្រឹងៗ​នោះទេ​។ 
 
​ខ្លឹមសារ​នេះ​ដកស្រង់​ពី​កម្មវិធី​វេយ្យាករណ៍​ខ្មែរ​របស់លោក ជៀប គ​ន្ធា ដែលជា​អ្នក​រៀបរៀង​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com